ភ្នំពេញ: រដ្ឋាភិបាលកម្ពុជានឹងចំណាយប្រមាណ ៥០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធនលើការបញ្ចុះតម្លៃអគ្គិសនីចំនួន ០,០១ ដុល្លារ ក្នុង ១ គីឡូវ៉ាត់ម៉ោង ដល់វិស័យឧស្សាហកម្ម និងកសិកម្មដែលនឹងអនុវត្តចាប់ពីខែកុម្ភៈនេះ។ នេះបើតាមមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងកាលពីថ្ងៃអាទិត្យ។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) នឹងចំណាយប្រមាណ ៥០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធននៃការបញ្ចុះតម្លៃអគ្គិសនីដល់វិស័យឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្ម។
លោកបន្តថា រដ្ឋាភិបាលនឹងអនុវត្តការបញ្ចុះតម្លៃអគ្គិសនីពីខែកុម្ភៈនេះតទៅ។ លោកថ្លែងថា៖ «ការបញ្ចុះតម្លៃអគ្គិសនីនេះនឹងរួមចំណែកក្នុងការបង្កើនភាពប្រកួតប្រជែងនៃផលិតកម្ម»។ លោកបានបន្តថា៖ «រដ្ឋាភិបាលបានបញ្ចុះតម្លៃពី ១៩,៧ សេនដុល្លារ មកត្រឹម ១៨,៧ សេនដុល្លារនៅឆ្នាំនេះ ហើយវិក្កយបត្រភ្លើងថ្មីនឹងចេញនៅចុងខែកុម្ភៈនេះ»។
បើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលកម្ពុជាផលិតថាមពលសរុប ១១ ២៦១ GWh ក្នុងឆ្នាំ ២០១៩ កើនឡើង ២១ ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមាន ៩ ៤២៧ GWh។
របាយការណ៍នេះបង្ហាញថា កម្ពុជាបានលក់ថាមពលអគ្គិសនីចំនួន ១០ ៨៨៥ GWh ទៅឲ្យអតិថិជនជាង ១,១ លាននាក់ កាលពីឆ្នាំមុន។ ក្នុងចំណោមនោះវិស័យពាណិជ្ជកម្មមានចំនួន ៣៣,៤០ ភាគរយ វិស័យឧស្សាហកម្ម ១០,៩៩ ភាគរយ និង ១៨,៧៥ ភាគរយ នៃគ្រួសារដែលប្រើប្រាស់ថាមពលអគ្គិសនី។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមាជិកជាង ៣០០ រោងម៉ាស៊ីនបានឲ្យដឹងពីខែមុនថា ការបញ្ចុះតម្លៃអគ្គិសនីរបស់រដ្ឋាភិបាលនឹងជួយជំរុញខ្សែចង្វាក់ផលិតកម្ម និងរក្សាភាពប្រកួតប្រជែងក្នុងវិស័យស្រូវអង្ករ។ លោកបានថ្លែងថា៖ «យើងស្វាគមន៍ហើយវាជាដំណឹងល្អ។ ចំពោះវិស័យស្រូវអង្ករ យើងចង់ឲ្យមានស្ថិរភាពនិង គុណភាពការផ្គត់ផ្គង់អគ្គិសនីដែលវានឹងបង្កើនភាពប្រកួតប្រជែងរបស់យើង»។
លោកបន្ថែមថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនបានចំណាយប្រាក់បង់ភ្លើងជាមធ្យមចន្លោះពី ៣០ ០០០ ដុល្លារ ទៅ ៤០ ០០០ ដុល្លារ ក្នុង ១ ខែ។
កម្ពុជាគ្រោងនឹងចំណាយប្រាក់ ១០០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធនតម្លៃថាមពលអគ្គិសនីសម្រាប់ ២០២០ នេះ។
បើយោងតាមលោក កែវ រតនៈ រដ្ឋាភិបាលបានចំណាយ ៩៥ លានដុល្លាររួចហើយឆ្នាំ ២០១៩ ខណៈឆ្នាំ ២០១៨ ចំណាយ ៥០ លានដុល្លារ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តកម្មវិធីការងារ ២០១៩ និងតម្រង់ទិសដៅកម្មវិធីការងារ ២០២០ និង ២០២១ របស់ក្រសួងរ៉ែ និងថាមពល កាលពីសប្តាហ៍មុនលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងថា បច្ចុប្បន្ននេះវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការវិនិយោគលើវិស័យអគ្គិសនីដែលជាគន្លឹះសំខាន់ការបង្កើនល្បឿន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍វិស័យអគ្គិសនីរបស់រដ្ឋាភិបាល។
លោកបានបន្តថា គិតត្រឹមឆ្នាំ ២០១៩ ការវិនិយោគវិស័យអគ្គិសនីមានតម្លៃ ៦,១ ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង និងគោលដៅបញ្ចុះតម្លៃសម្រាប់វិស័យពាណិជ្ជកម្ម និងតាមផ្ទះ។
លោកថ្លែងថា៖ «ប្រសិនបើគ្មានការវិនិយោគរបស់វិស័យឯកជន រដ្ឋត្រូវវិនិយោគដោយខ្លួនឯងចាប់ពីឆ្នាំ ២០០៦ មក យើងយ៉ាងតិចត្រូវការពេល ៥០ ឆ្នាំ ដើម្បីមានទំហំវិនិយោគប៉ុននេះមានន័យថា លុះត្រាតែដល់ ឆ្នាំ ២០៥៦ ទើបយើងអាចអភិវឌ្ឍបានដូចស្ថានភាពបច្ចុប្បន្ន»។ លោកបន្តថា៖ «ការវិនិយោគរបស់វិស័យឯកជនកន្លងមកបានធ្វើឲ្យវិស័យអគ្គិសនីដើរលឿនជាងការវិនិយោគដោយរដ្ឋតែឯងចំនួន ៣៦ ឆ្នាំ»៕LA
វីដេអូ៖