ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​បាន​ជូន​ដំណឹង​ដល់​ផលិតករ និង​អ្នក​នាំចេញ​នៅ​តែ​បន្ត​ទទួល​ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​សម្រាប់​ការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ស្រប​ពេល​អ្នក​នាំចេញ​ប្រឈម​នឹង​បញ្ហា​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​កំពង់ផែ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី ២០ ខែ​មេសា បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ ក្រសួង​បាន​ចាត់​តាំង​មន្ត្រី​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ប្រចាំការ​ក្នុង​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ (CO) សម្រាប់​ការ​នាំចេញ​ទំនិញ​ទៅ​បរទេស​ជា​ប្រក្រតី។

សេចក្តី​ជូន​ដំណឹង៖ «សូម​ផលិតករ ឬ​អ្នក​នាំចេញ បន្ត​ដាក់​ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​តាម​ប្រព័ន្ធស្វ័យ​ប្រវត្តកម្ម «co.moc.gov.kh»។

កញ្ញា ថូង ធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន ថូងត្រេឌីង ឯ.ក ដែល​ជា​ក្រុមហ៊ុន​កែច្នែ​អំបិល​កំពត​កែប​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា បើ​ទោះ​ជា​ការ​ផ្តល់ CO ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី ប៉ុន្តែ​ក្រុមហ៊ុន​របស់​កញ្ញា​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​កំពង់ផែ​សម្រាប់​នាំចេញ។ ជាក់ស្តែង ក្រុមហ៊ុន​របស់​កញ្ញា​បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​នាំចេញ​ទំនិញ​មួយ​ផ្នែក​ដោយសារ​បញ្ហា​ឡូជីស្ទីក។

កញ្ញា​និយាយ​ថា៖ «តាម​ពិត​ទៅ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ ការ​នាំចេញ​របស់​យើង​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​នៅ​ផ្នែក​ពួក​ខ្ញុំ​ដោយសារ​យើង​ជួប​បញ្ហា​ដឹក​ជញ្ជូន ព្រម​ទាំង​ភ្ញៀវ​យើង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​គាត់​ក៏​កំពុង​បិទ​ដែរ។ យើង​កំពុង​សិក្សា​គ្នា​ថា តើ​មាន​វិធី​អ្វី​ផ្សេង​អាច​សម្រួល​ដល់​បញ្ហា​ទាំង​អស់​នេះ​ឬ​ទេ»។

កញ្ញា​បន្ថែម​ថា៖ «ការ​ផ្តល់ CO នៅ​តែ​ដំណើរការ​បាន​ជា​ធម្មតា ប៉ុន្តែ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ ថា​តើ​បញ្ហា​ដឹក​ជញ្ជូន និង​ដំណើរការ​ឯកសារ​ផ្សេងៗ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដែរ​ឬទេ?»។

សហព័ន្ធ ស្រូវ អង្ករ កម្ពុជា (CRF) បាន​ឲ្យ​ដឹង​ថា ក្នុ​អំឡុង​ពេល​បិទ​ខ្ទប់​នេះ បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ស្រូវ អង្ករ និង​ដឹក​ជញ្ចូន​ដឹក​ទំនិញ ដែល​មិន​អាច​ដំណើរការ​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ការ​ដឹក​អង្ករ​ឆ្លង​កាត់​ទីក្រុង ក៏​ដូច​ជា​ពី ខេត្ត​ទៅ​កំពង់ផែ​បាន​ទេ។

សេចក្តី​អំពាវនាវ​របស់ CRF បន្ត​ថា ជាមួយ​គ្នា​នេះ សមាជិក​របស់​សហព័ន្ធ​នេះ​មួយ​ចំនួន​ដែល​មិនមាន​ទីតាំង​នៅ​តំបន់​បិទ​ខ្ទប់​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ដោយ​សារ​បុគ្គលិក​របស់​ខ្លួន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ មិន​អាច​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ​បាន។

CRF ឲ្យ​ដឹង​ថា «ក្រុមហ៊ុន​ទាំង​នេះ​មិន​អាច​ធ្វើ​ប្រតិបត្តិការ​ធម្មតា​បាន​ទេ ដូនេះ​អាច​ពន្យារ​ពេល​ផលិតកម្ម ក៏​ដូចជា មិន​អាច​សម្រេច​បាន​តាម​កាលវិភាគ​ដឹក​ជញ្ជូន​ដែល​បាន​ព្រមព្រៀង​គ្នា​នាពេល​កន្លង​មក។ យើង​សូម​អំពាវនាវ​ឱ្យ​មាន​ការ​យោគយល់​ និង​ជួយ​រៀបចំ​ឲ្យ​មាន​ការ​សម្របសម្រួល​នៅ​ក្នុង​ស្ថានភាព​ពិសេស​នេះ»។

CRF បន្ថែម​ថា «យើង​ទាំង​អស់​គ្នា​ត្រូវ​សហការ និង​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។ យើង​សូម​ជំរុញ​អ្នក​ទាំង​អស់​គ្នា​កុំ​ដាក់​ទណ្ឌកម្ម​សមាជិក​របស់​យើង​ចំពោះ​ស្ថានភាព​នេះ​ហួស​ពី​ការ​គ្រប់គ្រង​របស់​យើង»។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន​ទំនិញ (Logistics Business Association) កត់​សម្គាល់​ថា ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ មាន​ការ​កកស្ទះ​រថយន្ត​ដឹក​ទំនិញ​ខ្លាំង ពិសេស​នៅ​តាម​ព្រំដែន​បាវិត ក៏​ដូច​ជា ច្រក​ព្រំដែន​អន្តរជាតិ​ផ្សេងៗ​ទៀត ប៉ុន្តែ​ទំនិញ​អាទិភាព​ទាក់ទង​នឹង​ម្ហូបអាហារ ទំនិញ​ឧបភោគ​បរិភោគ​ដែល​ផ្គត់ផ្គង់​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​បាន។

ដូន្នេះ​មាន​ការ​កកស្ទះ​យ៉ាង​ខ្លាំង​នៅ​ខណ្ឌ​កំបូល និង​ផ្លូវ​ពី​ខេត្ត​កណ្តាល ត្រូវ​ឆ្លង​កាត់​មក​ទីក្រុង​ភ្នំពេញ​ទាំង​អស់​បាន​ប៉ះពាល់​ខ្លាំង​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ យើង​ទទួល​បាន​ព័ត៌មាន​ថា កាល​ពី​អាទិត្យ​យើង​បាន​រំដោះ​ទំនិញ​បាន​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​គាត់​បាន​អនុញ្ញាត​ឲ្យ​ទំនិញ​ដឹក​ចេញចូល។ ខ្ញុំ​គិត​ថា ភាព​កកស្ទះ​នៃ​ទំនិញ​របស់​រោងចក្រ និង​ទំនិញ​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់»។

លោក វ៉ា ស៊ឹមសុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​គោរព​តាម​សេចក្តី​សម្រេច​នៃ​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

លោក​មាន​ប្រសាសន៍​ថា៖ «ពិត​ជា​មាន​ការ​កកស្ទះ​ទំនិញ​មែន តែ​យើង​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​សម្រេច​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ដោយ​តម្រូវ​ឲ្យ​មាន​ការ​សុំ​ច្បាប់​ឆ្លង​កាត់​ដែល​រដ្ឋបាល​រាជធានី-ខេត្ត ជា​អ្នក​អនុញ្ញាត​ចេញ​ច្បាប់​នេះ»៕