The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​នៅ​តែ​បន្ត​បញ្ចេញ​ថវិកា ដើម្បី​ជួយ​ជន​រងគ្រោះ​ពី​វិបត្តិ​សុខាភិបាល




រដ្ឋាភិបាល​នៅ​តែ​បន្ត​បញ្ចេញ​ថវិកា ដើម្បី​ជួយ​ជន​រងគ្រោះ​ពី​វិបត្តិ​សុខាភិបាល

Content image - Phnom Penh Post
ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​កូវីដ ១៩ មក​ទទួល​ជំនួយ​ពី​អាជ្ញាធរ នៅ​តាម​បណ្តោយផ្លូវវេងស្រេង ក្នុង​ខណ្ឌមានជ័យ កាល​ពី​ថ្ងៃទី ២៩ មេសា ។ ហុង មិនា

រដ្ឋាភិបាល​នៅ​តែ​បន្ត​បញ្ចេញ​ថវិកា ដើម្បី​ជួយ​ជន​រងគ្រោះ​ពី​វិបត្តិ​សុខាភិបាល

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បញ្ចេញ​ថវិកា​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ជួយ​ទៅ​ដល់ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ខណៈ​ចំនួន​ជាក់​ស្តែង​នៅ​មិន​ទាន់​បាន​បូក​សរុប​នោះ​ទេ។

ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃ​ទី​៤ ខែឧសភា នេះ លោក មាស សុខសេនសាន អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​បញ្ចេញ​ថវិកា​ជា​បន្ត​បន្ទាប់​ពី​ក្នុង​ចំណោយ​ថវិកា​ប្រមាណ ៨០០ លានដុល្លារ​ដែល​គ្រោង​សម្រាប់​ជួយ​ដល់​ប្រជាជន​ទទួល​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

លោកបន្តថា ទោះ​បី​យ៉ាង​ណា ដោយសារ​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ទំហំ​ធំ និង​បន្តអូស​បន្លាយ​ពេល​យូរ ហេតុ​នេះ​ការ​ចំណាយ​មក​ដល់​ពេល​នេះ​នៅ​មិន​អាច​វាយ​តម្លៃ​បាន​ទេ។

លោក​ថ្លែង​ថា៖ «ការ​ចំណាយ​របស់​យើង​មាន​ជា​បន្ត​បន្ទាប់ ដោយ​យើង​នៅ​មិន​ទាន់​ធ្វើការ​ទូទាត់​នោះ​ទេ ព្រោះ​ច្បាប់​ទូទាត់​យើង​នឹង​ធ្វើ​នៅចុង​ឆ្នាំ»។

ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​ចាប់​ពីដើម​ខែ​មេសា រហូត​មក​ដល់​ពេល​នេះ បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ធ្វើ​ការ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​នៅ​តំបន់​មួយ​ចំនួន ពិសេស​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃខេត្ត​កណ្តាល។ ទន្ទឹម​នឹង​ការ​បិទ​ខ្ទប់​នេះ​ រដ្ឋាភិបាល​ក៏​បាន​បញ្ចេញ​ថវិកា​សម្រាប់​ទិញ​ស្បៀង​ចែក​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ផងដែរ។

យោង​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​ឧសភា ឆ្នាំ ២០២១ នៅ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ១៦ ២៩៩ នាក់ អ្នក​ជា​សះស្បើយ​ចំនួន ៥ ៧៩១ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១០ ៣៩៤ នាក់ និង​អ្នក​ស្លាប់ មាន​ចំនួន ១០៧ នាក់។

អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា ការ​រឹត​បន្តឹង​ការ​ធ្វើ​ចរាចរណ៍ និង​ដឹក​ជញ្ជូន​ទំនិញ​នា​រយៈពេល ៣សប្តាហ៍ មក​នេះ​បាន​ធ្វើ​ឱ្យ​សកម្មភាព​ផលិត និង​សេវាកម្ម​ស្ទើរ​គ្រប់​ផ្នែក​ត្រូវ​ជាប់​គាំង។

លោក​បន្ថែម​ថា ទោះបី​ចំនួន​ប្រាក់​ដែល​រដ្ឋាភិបាល​បញ្ចេញ​ដើម្បី​ជួយ​ដល់​ប្រជាជន​រង​ផល​ប៉ះពាល់​ពី​កូវីដ១៩ មាន​ចំនួន​តិច​តួច ប៉ុន្តែ​វា​គឺជាចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ចៀស​ផុត​ពី​ភាព​ជាប់​គាំង។

លោក​អះអាងថា៖ «ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​តាម​រយៈការ​បញ្ចេញ​ថវិកា​ជួយ​ដល់​អ្នក​រង​ផល​ប៉ះពាល់​ពី​កូវីដ១៩ បើ​ទោះបី​មិន​មាន​ចំនួនច្រើន ប៉ុន្តែ​វាគឺជា​កម្លាំង​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​មាន​ចលនា។ បើ​សេដ្ឋកិច្ច​មិន​ដំណើរការ គ្រប់​យ៉ាង​នឹង​ត្រូវចប់»។

ខណៈ​ឥទ្ធិពល​​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅតែ​មាន​សភាព​ខ្លាំង​ក្លា ហើយ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និង ក្រុង​តាខ្មៅ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ លោក លឹម ហេង បាន​លើក​ឡើង​ថា វា​នឹង​ធ្វើ​ឱ្យ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរៗ។

លោកអះអាងថា៖ «ក្នុង​ដំណាក់​កាល​នៃ​ការ​បើក​ដំបូង​នេះ ចង្វាក់​ផលិតកម្ម​នឹង​មិន​ទាន់​រលូន​ល្អ​ទេ ព្រោះ​នៅ​តាម​រោងចក្រ សហគ្រាសនីមួយៗ​សុទ្ធតែ​មិន​ទាន់​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ដោយសារ​តែ​ការ​ឆ្លង​ជំងឺ​កូវីដ១៩»៕

អត្ថបទគួរចាប់អារម្មណ៍