The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹត​បន្តឹង​ លើ​ការ​រត់​ពន្ធ​ផលិតផល​វារីវប្បកម្ម




រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹត​បន្តឹង​ លើ​ការ​រត់​ពន្ធ​ផលិតផល​វារីវប្បកម្ម

Content image - Phnom Penh Post
រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹត​បន្តឹង​ លើ​ការ​រត់​ពន្ធ​ផលិតផល​វារីវប្បកម្ម ខណៈផល​វារីវប្បកម្ម​របស់​វារីវប្បករ​ចំនួន ៣១៥ កន្លែង ដែល​ត្រូវ​ដល់​ពេលដែលត្រូវ​ចាប់​លក់ក្នុងខែនេះ​​ចំនួន ១០ ៣៥៦ តោន។ រូបថត CAA

រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹត​បន្តឹង​ លើ​ការ​រត់​ពន្ធ​ផលិតផល​វារីវប្បកម្ម

ភ្នំពេញ៖ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញត្ថុ​បាន​បញ្ជាក់​ថា ការ​រឹត​បន្តឹង​លើ​ការ​រត់​ពន្ធ​ផលិតផល​វារីវប្បកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចាប់​តាំង​ពី​មាន​ការ​លើក​ឡើង​របស់​អ្នក​នៅ​ក្នុង​វិស័យ​វារីវប្បកម្ម​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ ២០២១ មក​ម្ល៉េះ។

ការ​លើក​ឡើង​នេះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​លិខិត​អំពាវនាវ​កាល​ពី​ថ្ងៃ​ទី ២ ខែ​ឧសភា របស់​សមាគម​វារីវប្បករ​នៅ​កម្ពុជា​ដែល​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្ទាល់​ទាំង ៣ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​បង្កើន​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​ការ​នាំ​ចូល​ត្រី​ឱ្យ​កាន់​តែ​ម៉ឺងម៉ាត់ និង​ដាក់​ចេញ​នូវ​វិធានការ​ជាក់​លាក់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ និង​ហានិភ័យ​របស់​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា។

លិខិត​បាន​លើក​ឡើង​ថា៖ «តាម​ការ​សង្កេត​ជាក់ស្តែង​នៅ​ក្នុង​ខែ​មេសា កន្លង​មក បងប្អូន​វារីវប្បករ​ដែល​បាន​លក់​ត្រី​អស់​ពី​ស្រះ​រួច​ហើយ មាន​ការ​រារែក​ជា​ខ្លាំង​ក្នុង​ការ​រៀបចំ​ផែនការ​ដាក់​កូន​ត្រី​ចិញ្ចឹម​បន្ត​ទៀត ដោយសារ​កន្លង​មក​បងប្អូន​វារីវប្បករ​បាន​លក់​ត្រី​ចេញ​ពី​ស្រះ​តម្លៃ​ទាប​ជាង​ថ្លៃ​ដើម​ផលិត និង​ប្រមើល​ឃើញ​ថា ទីផ្សារ​វារីវប្បកម្ម​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​អនាគត ហាក់​មិន​មាន​ភាព​ច្បាស់លាស់​បន្ត​ទៀត​ដដែល»។

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ ក្នុង​ថ្ងៃទី ៤ ខែ​ឧសភា​នេះ​ថា ចាប់​តាំង​ពី​មាន​បាតុភាព​ដែល​បាន​លើក​ឡើង​ជា​សាធារណៈ ស្តីពី​ការ​នាំចូល​ត្រី​ច្រើន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យវារី​វប្បកម្ម​ក្នុង​ស្រុក​រួច​មក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ដាក់​ចេញ​ភ្លាម​នូវ​លិខិត​ណែនាំ​លេខ ៥៨៤/២១ អគរ ចុះ​ថ្ងៃទី ២៦ ខែ​ មីនា ឆ្នាំ ២០២១ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​លើ​ការ​គ្រប់គ្រង និង​ការ​ទប់ស្កាត់​ការ​រត់​ពន្ធ​មុខ​ទំនិញ​នេះ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក​បន្ត​ថា បច្ចុប្បន្ន​ការ​នាំចូល​ត្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ដោយ​បង់​ពន្ធ និង​អាករ​បាន​លុះត្រា​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម អនុលោម​តាម​អនុក្រឹត្យ​លេខ ១៧ អនក្រ.បក ចុះ​ថ្ងៃទី ២៦ ខែ កុម្ភៈ ២០២០ ស្តីពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាម​ឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់។

លោក​បញ្ជាក់​ថា៖ «អង្គភាព​គយ ជា​អង្គភាព​អនុវត្ត​ច្បាប់ រាល់​ការ​អនុញ្ញាត​ឱ្យ​នាំចូល​ពី​សមត្ថកិច្ច​គយ គឺ​ជា​ការ​អនុវត្ត​តាម​ការ​សម្រេច និង​អនុញ្ញាត​ដោយ​ក្រសួង​កសិកម្ម ស្រប​តាម​បទប្បញ្ញត្តិ​ជា​ធរមាន»។

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​បដិសេធ​ផ្តល់​ព័ត៌មាន ដោយ​លោក​ប្រាប់​ថា ការងារ​នេះ​ក្រសួង​សេដ្ឋកិច្ច ជា​ក្រសួង​នាំ​មុខ។

ប្រធាន​សមាគម​វារីវប្បករ​នៅ​កម្ពុជា លោក សុខ រ៉ាដែន បាន​និយាយ​ថា ការ​នាំចូល​ផល​វារីវប្បកម្ម​ពី​ប្រទេស​ជិត​ខាង​ដោយ​មិន​មាន​ច្បាប់​ត្រឹមត្រូវ​ក្នុង​បរិមាណ​ច្រើន កំពុង​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ទទួល​រង​ផល​លំបាក​ជា​ច្រើន។

លោក​ថ្លែង​ថា៖ «ការ​នាំចូល​ដោយ​មិន​មាន​ច្បាប់ និង​ការ​ត្រួតពិនិត្យ​គុណភាព​ច្បាស់លាស់ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផែនការ​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​នាំចេញ​ផល​វារីវប្បកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​តែ​ការ​ចិញ្ចឹម​ដើម្បី​បម្រើ​តម្រូវ​ការ​ក្នុង​ស្រុក​ក៏​នឹង​ជួប​បញ្ហា​ក្ស័យធន​ទៀត​ផង»។

យោង​តាម​សមាគម​វារីវប្បករ​នៅ​កម្ពុជា​ក្នុង​ខែ​ឧសភា​នេះ ផល​វារីវប្បកម្ម​របស់​វារីវប្បករ​ចំនួន ៣១៥ កន្លែង ដែល​ត្រូវ​ដល់​ពេល​ចាប់​លក់​នឹង​កើន​ដល់​ចំនួន ១០ ៣៥៦ តោន ក្នុង​នោះ​រួម​មាន ត្រីប្រា មាន​ប្រមាណ ៧ ២៥៩ តោន ត្រីឆ្តោ ១ ៨៥៨ តោន ត្រីពោ មាន ៨៩៣ តោន ត្រី​អណ្តែង ១៥៥ តោន និង​ត្រី​ដទៃ​ទៀត ១៩១ តោន៕

អត្ថបទគួរចាប់អារម្មណ៍