
ក្រុមនិស្សិតដែលបានបង្កើតកម្មវិធី GoSoccer កំពុងធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ SmartStart នៅទីក្រុងភ្នំពេញកន្លងមក។ រដ្ឋាភិបាលកំពុងធ្វើគោលនយោបាយគាំទ្រអាជីវកម្មបង្កើតថ្មី។ រូបភាព សហការី
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) នឹងបង្កើតគោលនយោបាយអាជីវកម្មបង្កើតថ្មីជាក់លាក់មួយដើម្បីបង្កើនសកម្មភាពអាជីវកម្មបង្កើតថ្មីកម្ពុជា និងបានស្នើឲ្យភាគីពាក់ព័ន្ធរបស់វិស័យនេះចូលរួម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅដើមសប្តាហ៍នេះបានរៀបចំសិក្ខាសាលាមួយដែលហៅថា Startup Policy Hack ដែលពេលនោះអ្នកចូលរួមបានបង្ហាញបញ្ហាសំខាន់ៗ ដែលអេកូស៊ីស្ដែមអាជីវកម្មបង្កើតថ្មីបច្ចុប្បន្នកំពុងប្រឈមនៅកម្ពុជា និងបានសម្រេចផ្ដោតលើវិស័យចំនួន៥ ដែលតម្រូវឲ្យមានការពង្រឹងគឺ ការផ្ដល់មូលនិធិ ការលើកទឹកចិត្តពន្ធ កម្មវិធីអប់រំផ្អែកលើបច្ចេកវិទ្យា ក្របខណ្ឌបទប្បញ្ញត្តិ និងការពិគ្រោះយោបល់ពីទីកន្លែងសម្រាប់ការជំរុញអាជីវកម្មបង្កើតថ្មី និងស្ថាបនិករបស់ពួកគេ។
លោក ខាន់ ចាន់មេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា រដ្ឋាភិបាលបានចាប់ផ្ដើមបង្កើតគោលនយោបាយថ្មីកាលពីចុងឆ្នាំមុន ហើយបានរំពឹងថា វានឹងត្រូវបានបញ្ចប់មុនពេលការបោះឆ្នោតនៅខែកក្កដា។
លោកថ្លែងថា៖ «ប្រសិនបើយើងចង់ប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល [យើងចាំបាច់ត្រូវការការគាំទ្រ]ដល់អាជីវកម្មបង្កើតថ្មី»។ លោកបន្តថា៖ « [គោលនយោបាយថ្មីនេះ] នឹងជួយអាជីវកម្មបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម (SME) ហើយនឹងទាក់ទាញក្រុមវិនិយោគិនពីបរទេសដែលនឹងចាក់បញ្ជូលសាច់ប្រាក់នៅក្នុង SME និងអាជីវកម្មបង្កើតថ្មីរបស់ប្រទេសកម្ពុជា»។
លោកចាន់មេត្តា ថ្លែងថា គោលនយោបាយនេះមានបំណងដោះស្រាយកង្វះការផ្ដល់មូលនិធិ និងតម្រូវការការលើកទឹកចិត្តពន្ធសម្រាប់អាជីវកម្មបង្កើតថ្មីរបស់កម្ពុជា។ លោកបន្តថា រដ្ឋាភិបាលមានបំណងរួមចំណែកប្រហែល៦លានដុល្លារទៅ៧លានដុល្លារដល់មូលនិធិវិស័យឯកជនដែលមានស្រាប់រួចហើយ ដែលនឹងផ្ដល់ដល់កម្មវិធីការស្រាវជ្រាវអាជីវកម្មបង្កើតថ្មី កម្មវិធីការអប់រំ និងកម្មវិធីការផ្ដល់មូលនិធិ។
មូលនិធិរបស់រដ្ឋាភិបាលនឹងទទួលបានប្រភពពីមូលនិធិការស្រាវជ្រាវទូរគមនាគមន៍ និង អភិវឌ្ឍន៍ ដែលប្រតិបត្តិករទូរគមនាគមន៍នីមួយៗនៅកម្ពុជាត្រូវតែរួមចំណែក១ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដុលរបស់ពួកគេរៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍ យុវជនមានសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។
លោក ធុល រិទ្ធី ស្ថាបនិក Smallworld ជាទីតាំងធ្វើការងាររួមគ្នា បានថ្លែងថា ខណៈលោកសង្ឃឹមថា គោលនយោបាយថ្មីនេះនឹងដោះស្រាយការបារម្ភមួយចំនួនសម្រាប់អាជីវកម្មបង្កើតថ្មី ក៏មានការបារម្ភពីជំនួយច្រើនពេកពីរដ្ឋាភិបាលដែរ។
លោកថ្លែងថា៖ «យើងត្រូវការការអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ប៉ុន្តែ ជារួម ខ្ញុំគិតថា ការអន្តរាគមន៍តិចតួចពីរដ្ឋាភិបាលទាក់ទងនឹងគោលនយោបាយគឺកាន់តែប្រសើរ»។
លោកបន្តថា៖ «រដ្ឋាភិបាលគួរតែផ្ដោតកាន់តែច្រើនលើការគាំទ្រ និងលើការគាំទ្រគំនិត ហើយអ្នកធ្វើគោលនយោបាយចាំបាច់ត្រូវលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការពិសោធន៍ មុនពេលរំពឹងថា នឹងមានការអភិវឌ្ឍ»។
លោក Gordon Peters ដៃគូនៅក្រុមហ៊ុន Mekong Strategic Partners បានថ្លែងថា អាជីវកម្មបង្កើតថ្មីរបស់ប្រទេសកម្ពុជាប្រឈមបញ្ហាដូចគ្នាជាច្រើនដូចនៅតាមបណ្ដាលប្រទេសផ្សេងទៀតផងដែរ ហើយកម្ពុជាអាចពិនិត្យមើលប្រទេសសិង្ហបុរី និងម៉ាឡេស៊ីជាឧទាហរណ៍នៃគោលនយោបាយរដ្ឋាភិបាលដែលគាំទ្រប្រកបដោយប្រសិទ្ធភាពដល់សកម្មភាពអាជីវកម្មបង្កើតថ្មី។
លោកថ្លែងថា៖ «គោលនយោបាយរដ្ឋាភិបាលនៅកម្ពុជាអាចជំរុញអាជីវកម្មបង្កើតថ្មីតាមរយៈការធ្វើវាឲ្យមានភាពងាយស្រួលក្នុងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មថ្មី ឬការផ្ដល់ការលើកទឹកចិត្តពន្ធ និងការផ្ដល់មូលនិធិដល់ម្ចាស់អាជីវកម្មបង្កើតថ្មី»៕LA