ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវវិធានការចំនួន ២ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEs) សម្រាប់រយៈពេលបន្ទាន់ ខ្លី និងមធ្យម ដើម្បីស្រោចស្រង់វិស័យនេះដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យមលើកទី ១ ដែលចេញផ្សាយថ្ងៃទី ១៤ ខែកក្កដា ដោយវិធានការទី១ សម្រាប់រយៈពេលបន្ទាន់នឹងផ្តោតលើការកាត់បន្ថយ និងសម្រួលនូវបន្ទុកអនុលោមភាពសម្រាប់ SMEs ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មគាំទ្រ ដូចជាប្រឹក្សាយោបល់ធុរកិច្ច សេវាមេធាវី និងប្រឹក្សាច្បាប់ ការចុះបញ្ជី គណនេយ្យ ទីផ្សារ និងបច្ចេកទេស, និងជំរុញការគាំទ្រ ការផ្តល់ហិរញ្ញប្បទានដល់ SMEs តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។
វិធានការទី២ សម្រាប់រយៈពេលខ្លី និងមធ្យមនឹងផ្តោតលើការគាំទ្រជាប្រព័ន្ធអេកូឡូស៊ីរួមមាន៖ ការបន្តកំណែទម្រង់ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការអនុវត្ត ការលើកកម្ពស់សេវាគាំទ្រធុរកិច្ច ការគាំទ្រហិរញ្ញវត្ថុ ការលើកកម្ពស់ទីផ្សារសម្រាប់ SMEs ការជំរុញ និងលើកកម្ពស់ធនធានមនុស្ស និងលើកកម្ពស់ផ្នត់គំនិតសហគ្រិនភាព។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា សម្រាប់ការជួយគាំទ្រ SMEs និងការដោះស្រាយបញ្ហាប្រឈមរបស់ SMEs ត្រូវការសម្របសម្រួល និងការដោះស្រាយជាប្រព័ន្ធ និងត្រូវការរួមចំណែកពីអន្តរក្រសួងស្ថាប័នទើបធ្វើឲ្យ SMEs មានលទ្ធភាពគ្រប់គ្រាន់ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងចំណូលជាក់ស្តែងដល់ប្រជាពលរដ្ឋ បំពេញតម្រូវការក្នុងស្រុក ក៏ដូចជាលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច។
រដ្ឋាភិបាលបានដាក់ឲ្យដំណើរការនូវធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលមានទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ ដើម្បីជួយជ្រោមជ្រែង SMEs។ រដ្ឋាភិបាលក៏បានបញ្ចេញប្រាក់បន្ទាន់ ៥០ លានដុល្លារផ្សេងទៀតដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដើម្បីជួយផ្នែកកសិកម្ម៕