ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​វិស័យ​សំខាន់​ ៤ គឺ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​សម្រាប់​រយៈពេល​ ៥ ​ខែ​ចាប់ពី​ខែមិថុនា រហូត​ដល់​ដំណាច់​ខែតុលា​ឆ្នាំ​នេះ​ដែល​ជា​វិធានការ​មួយ​ជួយ និង​ជំរុញ​វិស័យ​ទាំងនេះ​បន្ត​ផលិតកម្ម​របស់​ខ្លួន​បន្ត​សកម្មភាព​ផលិតកម្ម​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។

ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ដ្រី ស៊ុយ សែម កាលពី​ថ្ងៃទី​ ១៩ ​ខែ​ឧសភា​ ឲ្យ​ដឹងថា ចំពោះ​វិស័យ​ទាំង​ ៤ ដែល​ស្ថិត​នៅក្នុង​តំបន់​ទទួលរង​ផលប៉ះពាល់ និង​តំបន់​អំណោយផល​ផ្សេងទៀត​ត្រូវ​បន្ត​ប្រតិបត្តិការ​អាជីវកម្ម និង​ការផលិត​នឹង​ទទួលបាន​ការលើក​ទឹកចិត្ត​នេះ​។

សម្រាប់​វិស័យ​ ៤ ​ដែល​ទទួលបាន​ថាមពល​ពី​អគ្គិសនី​កម្ពុជា (EDC) ឬ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ទិញ​ពី EDC ​នឹង​ត្រូវ​ផ្តល់​ការអនុគ្រោះ​លើកលែង​ការបង់​ត្រឹមតែ​ចំនួន​គីឡូវ៉ាត់ម៉ោង​ដែល​បាន​ប្រើប្រាស់​ជាក់ស្តែង​តាម​អត្រា​ថ្លៃ​មធ្យម​។

តម្លៃ​អគ្គិសនី​នឹងត្រូវ​កាត់បន្ថយ​ ២៥ ​ភាគរយ​ក្នុង​រយៈពេល​ ៥ ​ខែ ​ក្រោយ​គិត​ជា​មធ្យម​លើ​បរិមាណ​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​រយៈពេល​ ៣ ​ខែ​ចុងក្រោយ​ (​ពី​ខែមករា ដល់​ខែមីនា​) ជា​ការរួមចំណែក​ក្នុង​ការទប់ស្កាត់​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍ ​កាលពី​ថ្ងៃ​ពុធ​ថា ដោយសារ​តែ​វិស័យ​ឯកជន​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ចាប់​តាំងពី​ដើម​ឆ្នាំនេះ ប្រកាស​នេះ​ គឺជា​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ដែល​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​យើង​បាន​សិក្សា​ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា​ដល់​វិស័យ​ទាំង​ ៤ ​នេះ​។ ដូច្នេះ​ការលើកលែង​តម្លៃ​អគ្គិសនី​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​អាជីវកម្ម​​របស់​វិស័យ​ឯកជន​»​។

តាម​លោក ហ្សូនា EDC ​នឹង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​នៃ​តម្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ទាំង​ ៤ នៅ​សប្ដាហ៍​ក្រោយ មុនពេល​ការចាប់ផ្ដើម​អនុវត្ត​ពី​ខែមិថុនា​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​សាទរ​ចំណាត់ការ​នេះ ខណៈ ​GMAC ធ្លាប់​ស្នើសុំ​រឿងនេះ​កន្លងមក​។ លោក​បន្ថែមថា វិធានការ​នេះ​នឹង​ជួយ​ដល់​រោងចក្រ​ដែល​ផ្អាក​ដំណើរការ ហើយ​ក៏​កាត់បន្ថយ​បន្ទុក​របស់​រោងចក្រ​ផ្សេងទៀត​ដែល​បន្ត​ការផលិត​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​ផងដែរ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ទោះបី​ការលើកលែង​នេះ​មិន​ច្រើន ក៏​វា​ជា​ការគិតគូរ​ពី​រដ្ឋាភិបាល​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​គាំទ្រ​សម្រាប់​ការលើក​ទឹកចិត្ត​បែប​នោះ សម្រាប់​វិស័យ​ឯកជន​ដែល​កំពុង​ប្រឈម​បញ្ហា​ខ្លាំង​បំផុត​»​។

កាលពី​ថ្ងៃទី ​១០ ខែមេសា GMAC ​ឲ្យ​ដឹងថា រោងចក្រ​ជាង​ ១៨០ ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផ្អាក​ប្រតិបត្តិការ ខណៈ​ដែល​រោងចក្រ​ ៦០ ​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការបិទទ្វារ​។ កម្មករ​រោងចក្រ​កាត់ដេរ ២០០ ០០០ ​នាក់​រង​ផលប៉ះពាល់​ផ្ទាល់ និង​ ២ ​លាន​នាក់​ប៉ះពាល់​ប្រយោល​។

គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែ មេសា អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ប្រហែល​ ២៨៦៥ ​ឬ​ ២៩,៥៧ ​ភាគរយ​ក្នុងចំណោម​ ៩ ៦៨៩ បាន​បិទទ្វារ​បណ្ដាល​ឲ្យ​កម្មករ​ ៤៦ ៣៦៩ ​នាក់​គ្មាន​ការងារ​ធ្វើ និង​មគ្គុទេ្ទសក៍​ទេសចរណ៍​ប្រហែល​ ៩៦ បាន​ព្យួរការងារ តំណាង​ឲ្យ​ ១,៥ ​ភាគរយ​ នៃ​ចំនួន​សរុប ៦ ៤១៦៕LA