ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន ហ្គ្រីន ត្រេដ បាន​បញ្ចេញ​លក់​អង្ករ​បាន​ចំនួន ១ ២៤១ បេ និង​មីជាតិ​ចំនួន ៤ ៦២០ កេស​ដល់​ប្រជាជន​ក្នុង​តំបន់​បិទ​ខ្ទប់ (តំបន់​ក្រហម) គិត​ចាប់ពី​ថ្ងៃទី ១៥ ដល់ ១៩ ខែមេសា​កន្លង​មក​នេះ។

ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ទៀតថា ក្រៅពីនេះ ក្រសួង​ក៏​លក់​ទឹកត្រី​ចំនួន ១ ១៥៣ យួរ ទឹកស៊ីអ៊ីវ ៧៨៥ យួរ ត្រីខ ១ ៦២៧ យួរ ទឹក​សុទ្ធ ១៤០យួរ ព្រមទាំង​បន្លែ ១១៥ គីឡូក្រាម សាច់ក្រក ១៣ គីឡូក្រាម និង​ឆាយប៉ូវ ៣៥៦ ថង់។

ការបញ្ចេញ​រថយន្ត​ចល័ត​លក់​គ្រឿង​ឧបភោគបរិភោគ​ ដើម្បី​រក្សា​លំនឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទទួលបាន​ម្ហូបអាហារ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់។ រាល់​ទំនិញ​ទាំងអស់​របស់​ក្រសួង​ពាណិជ្ជកម្ម​លក់​ក្រោម​តម្លៃ​ទីផ្សារ។

ក្រៅពី​រថយន្ត​ចល័ត ក្រសួង​ក៏បាន​ដំឡើង​ស្តង់​ទំនិញ​ចំនួន ១១ ស្តង់​បន្ថែមទៀត​សម្រាប់​លក់​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ដល់​ប្រជាពលរដ្ឋ។

ក្រសួងពាណិជ្ជកម្ម លក់ ស្បៀងអាហារ នៅ ផ្លូវវែងស្រេង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ស្តង់​ទាំងនោះ​ស្ថិត​ក្នុង​ខណ្ឌមានជ័យ​ចំនួន ៣ ទីតាំង​គឺ​ក្នុង​ភូមិ​ស្ទឹងមានជ័យ​ចាស់ សង្កាត់​ស្ទឹងមានជ័យ​ទី១​ទល់​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ PTT ភូមិ​ដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ​ទី១ (ទល់មុខ​សាលា CUS) និង​ភូមិ​ដំណាក់​ធំ៥ សង្កាត់​ស្ទឹងមានជ័យ​ទី៣ (ទល់មុខ​កងរាជអាវុធហត្ថ) ភូមិ​ដំណាក់​ធំ៥ សង្កាត់​ស្ទឹងមានជ័យ​ទី៣។

ចំពោះ​ទីតាំង​ស្តង់​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​មាន​ចំនួន ៤ រួមមាន ភូមិ​ត្រពាំង​ថ្លឹង២ សង្កាត់​ចោមចៅ១ (ទល់មុខ K-Mall) ភូមិ​ត្រពាំង​ថ្លឹង២ សង្កាត់​ចោមចៅ១ (ទល់មុខ​ផ្សារ​ឯករាជ្យ១) ភូមិ​ត្រពាំង​ថ្លឹង៤ សង្កាត់​ចោមចៅ១ (ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង) និង​ទីតាំង​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង៣ សង្កាត់​ចោមចៅ។

ចំណែក ទីតាំង​នៅក្នុង​ខណ្ឌ​សែនសុខ​មាន​ចំនួន ៣ ទីតាំង ដូចជា ភូមិ​គោកឃ្លាង សង្កាត់​គោកឃ្លាង (ទល់មុខ​ផ្សារ​បឹងឈូក) ភូមិ​សំរោង សង្កាត់​ឈ្មួញ (ទល់មុខ​ហ្គ្រេន​ភ្នំពេញ) ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា (មជ្ឈមណ្ឌល Water Park ) ព្រមទាំង ១ ទីតាំង​ក្នុង​ខណ្ឌ​ទួលគោក ស្ថិតនៅ​ភូមិ១២ សង្កាត់​បឹងសាឡាង៕