ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ៦ បន្ថែម​ទៀត​នៅ​ថ្ងៃទី ៥ ខែឧសភា​នេះ​ ដែល​មាន​ទុនវិនិយោគ​សរុប ១០៦,៣ លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​ចំនួន ១ ៨៥២ កន្លែង។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ CDC គម្រោង​ទាំងនោះ រួមមាន​គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ ៥ ចំនួន ១៩៥ បន្ទប់​របស់​ក្រុមហ៊ុន​ Jin Bei Palace Co., Ltd​ នៅ​ភូមិ ៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​មាន​ទុនវិនិយោគ ៤៨,៧ លាន​ដុល្លារ​ និង​បង្កើត​ការងារ​ចំនួន ៣៨០ កន្លែង។

គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ គ្រឿងបន្លាស់​អេឡិចត្រូនិក ម៉ាស់​អេឡិចត្រូនិក និង​ឧបករណ៍​បន្សុទ្ធ​ខ្យល់ គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ Kuantech (Cambodia) International Co., Ltd ស្ថិតនៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​ទុនវិនិយោគ ២៩,៧ លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ៦២៨ កន្លែង។

គម្រោង​បង្កើត​រោងចក្រ​ផលិត​ឱសថ​របស់​ក្រុមហ៊ុន SantelysPharmaceutical Co., Ltd ស្ថិតនៅ​ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ១២,៥ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន ២១៥ កន្លែង។

គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់ទីប ទុយោជ័រ និង​បរិក្ខារ​បំពង់ជ័រ (PVC pipe fittings) គ្រប់​ប្រភេទ​ដោយ​ក្រុមហ៊ុន Lesso (Cambodia) Trading Co., Ltd ស្ថិត​នៅ​ឃុំ​ឆក់ឈើនាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ជាមួយ​នឹង​ទុនវិនិយោគ ៩,៤ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន ២០១ កន្លែង។

គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​របស់​ក្រុមហ៊ុន YiankangBiological Technology Co., Ltd ស្ថិតនៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ ២,៩ លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ២១០ កន្លែង។

គម្រោង​វិនិយោគ​លើ​រោងចក្រ​បោកគក់​ជ្រលក់​ពណ៌ និង​បោះពុម្ព​របស់​ក្រុមហ៊ុន Ocean Treasure Dyeing &Printing Co., Ltd ស្ថិតនៅ​ឃុំ​ព្រះនិព្វាន្ត ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ៣,១ លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ២១៨ កន្លែង។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក ហុង វណ្ណៈ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា​ការចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ច​ និង​សង្គម។

លោក ហុង វណ្ណៈ ឲ្យ​ដឹង​ទៀតថា CDC បាន​អនុម័ត​គម្រោង​ភាគច្រើន​លើ​ផលិតផល​វាយនភណ្ឌ និង​សម្ភារ​ធ្វើដំណើរ​តែប៉ុណ្ណោះ​ ដែល​ផលិតផល​ទាំងនេះ​មាន​ទីផ្សារ​ធំ​នៅ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប អាមេរិក និង​កាណាដា​ជាដើម។

លោក ហុង វណ្ណ កត់សម្គាល់​ថា៖ «កម្ពុជា​នឹង​មាន​ឱកាស​ទាក់ទាញ​វិនិយោគិន​ពី​បរទេស និង​ឱកាស​ទទួល​បាន​កំណើន​នៃ​ការបណ្តាក់ទុន​កាន់តែច្រើន​នៅពេល​អនាគត​តាមរយៈ​សក្តានុពល​ទីតាំង​ភូមិសាស្ត្រ ច្បាប់​វិនិយោគ ទំនាក់ទំនង​ការទូត និង​ការបង្កើតបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នានា​របស់​កម្ពុជា»។

កាលពី​ឆ្នាំ ២០២០ មាន​គម្រោង​ចំនួន ២៣៨ ដែល​មាន​តម្លៃ​វិនិយោគ​សរុប ៨,២ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត ដោយ​តម្លៃ​ទុនវិនិយោគ​នេះ គឺ​ធ្លាក់ចុះ ១២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩៕