ទីក្រុងវ៉ាសូវីៈ ប្រទេស​ប៉ូឡូញ​បាន​រំកិល​ខ្លួន​កាន់តែ​កៀក​ទៅនឹង​ការបញ្ចប់​ការពឹងផ្អែក​ដ៏ខ្លាំង​លើ​ធ្យូងថ្ម ពេល​រដ្ឋាភិបាល​ និង​សហជីព​ជីក​រ៉ែ​បាន​ឯកភាព​គ្នា​លើ​ផែនការ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់​ជា​បណ្តើរៗ​នូវ​ការយក​រ៉ែ​នេះ​ត្រឹម​ឆ្នាំ​ ២០៤៩​។

ការយល់ព្រម​នេះ​បាន​ដាក់​ប្រទេស​ប៉ូឡូញ​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ទិសដៅ​អាកាសធាតុ​របស់​សហភាព​អឺរ៉ុប​។

រដ្ឋាភិបាល​ទីក្រុង​វ៉ាសូវី​បាន​បដិសេធ​កាលពី​លើក​មុន​នូវ​ទិសដៅ​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ស្រាប់​នៃ​ការដាក់​កម្រិត​ការបំភាយ​ឧស្ម័ន​កាបូនិច​កម្រិត «​សូន្យ​» ត្រឹម​ឆ្នាំ​ ២០៥០ ដោយ​តវ៉ា​ថា​ខ្លួន​ត្រូវការ​ពេល​ច្រើន​ទៀត​ដើម្បី​ផ្លាស់ប្តូរ​។

រដ្ឋាភិបាល​ប៉ូឡូញ​បាន​បង្ហាញ​ក្តីបារម្ភ​កាលពី​សប្តាហ៍​កន្លងទៅ​ជុំវិញ​សំណើ​របស់​ប្រធាន​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen ដែល​បានលើក​ឡើង​នូវ​គោលដៅ​ឆ្នាំ​ ២០៣០ របស់​តំបន់​នេះ សម្រាប់​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ ៤០ ​ទៅ​ ៥៥ ​ភាគរយ​។

ការពឹង​ផ្អែកលើ​ធ្យូងថ្ម​ចំនួន​ ៨០ ​ភាគរយ​នៃ​តម្រូវការ​ថាមពល​សរុប​ប្រទេស​ប៉ូឡូញ​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​សមាជិក​អឺរ៉ុប​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ឥន្ធនៈ​ហ្វូស៊ីល និង​នៅតែ​មាន​អ្នក​ជីក​រ៉ែ​ធ្យូងថ្ម ៨០ ០០០ ​នាក់​ដែល​ព្រួយបារម្ភ​ចំពោះ​ជីវភាព​របស់​ពួកគេ​។

ប៉ុន្តែ​សហជីព​របស់​ពួកគេ​បាន​យល់ព្រម​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​ដែល​មើលឃើញ​វិស័យ​ធ្យូងថ្ម​រស់រាន​ទៅ​បាន​ដោយ​អាស្រ័យ​លើ​ការឧបត្ថម្ភធន រហូត​ដល់​ឆ្នាំ​ ២០៤៩ ជា​ពេល​ដែល​រ៉ែ​នេះ​ត្រូវបាន​បិទ​ទាំងស្រុង​។

លោក Dominik Kolorz ប្រធាន​នៃ​សហជីព​សាមគ្គី​អ្នកជីក​ធ្យូងថ្ម​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ក្នុង​ភាគខាងត្បូង​ប្រទេស​ប៉ូឡូញ​ដែលជា​តំបន់​ជីក​យក​រ៉ែ​នេះ​ថា​៖ «​យើង​បាន​ចុះហត្ថលេខា​លើ​ការរំលាយ​ឧស្សាហកម្ម​សំខាន់បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាធារណរដ្ឋ​ប៉ូឡូញ​»​។

លោក Artur Sobon អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​ហៅ​ផែនការ​ដំណាក់កាល​ធ្យូងថ្ម​ថា​ជា​រឿង​យុត្តិធម៌ ព្រោះ​វា​គ្រាន់តែ​ជា​ផ្លូវ​ឆ្ពោះទៅ​ការផ្លាស់​​ប្តូរ​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ប៉ូឡូញ​។

ដើមឡើយ​ក្រុម​សហជីព​ចង់បាន​គោលដៅ​បញ្ចប់​រ៉ែ​ធ្យូងថ្ម ត្រូវ​គេ​រំកិល​ពី​ឆ្នាំ​ ២០៥០ ​ទៅ​ដល់​ ២០៦០ និង​បាន​ព្រមាន​ថា ការបិទ​អាជីវកម្ម​រ៉ែ​យ៉ាង​តក់ក្រហល់​នឹង​មាន​ផលវិបាក​ដល់​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ​។

ការងារ​ក្នុង​វិស័យ​ធ្យូងថ្ម​គឺជា​ចំណុចរសើប​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​មាន​ប្រជាជន​ ៣៨ ​លាន​នាក់​ដែល​អ្នក​ជីក​រ៉ែ​ និង​គ្រួសារ​របស់​ពួកគេ​នៅតែ​ជា​ក្រុម​បោះឆ្នោត​ដ៏មាន​ឥទ្ធិពល​។

លោក​ Kolorz បាន​និយាយថា​៖ «​គ្មាន​នរណាម្នាក់​ធ្វើ​ការងារ​ក្នុង​វិស័យ​រ៉ែ​នឹង​បាត់បង់​ការងារ​របស់​ពួកគេ​នោះ​ទេ​» ដោយបាន​ពន្យល់ថា កិច្ចព្រមព្រៀង​នោះ​ធានា​ថា ការងារ​របស់​អ្នក​ជីក​រ៉ែ​មាន​រហូត​ដល់​ពេល​ចូលនិវត្តន៍ ឬ​ក៏​ការផ្តល់​កញ្ចប់​សំណង​ក្នុង​ករណី​នៃ​ការបញ្ឈប់​មុន​អាយុ​។

ទោះ​ជា​យ៉ាងណា វិស័យ​នេះ​បាន​រងគ្រោះ​ពី​ការធ្លាក់ចុះ​តម្លៃ ហើយ​បញ្ហា​របស់​វា​ត្រូវ​បាន​ចងភ្ជាប់​ដោយ​តម្រូវការ​កាន់តែ​ចុះខ្សោយ​ទៅៗ​រួតរឹត​ដោយ​វិបត្តិ​វីរុស​កូរ៉ូណា​។

ក្រុមហ៊ុន​ធ្យូងថ្ម​ដ៏ធំ​បំផុត​ ១ ​របស់​អឺរ៉ុប​គឺ​ក្រុមហ៊ុន PGG ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់បង់​ចំណូល​ប្រមាណ​ ៤០០ ​លាន​ហ្ស្លទី (Zloty) (១០២ ​លាន ដុល្លារ​) កាលពី​ឆ្នាំមុន និង សេចក្តី​រាយការណ៍​របស់​ព័ត៌មាន​បង្ហាញ​ថា ក្រុមហ៊ុន​នេះ​បាន​ខាតបង់​ចំណូល​យ៉ាង​ហោចណាស់​ជិត​ ៦៨៨ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​។

អ្នក​ជីក​រ៉ែ​ធ្យូងថ្ម និង​គ្រួសារ​របស់​ពួកគេ​មាន​សមាមាត្រ​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​ប៉ូឡូញ​។

អ្នក​ជីក​រ៉ែ​រាប់រយ​នាក់​បាន​ចូលរួម​ធ្វើ​កូដកម្ម​នៅ​សប្តាហ៍​កន្លង​ទៅដោយ​ស្នាក់នៅ​ក្រោម​ដី បន្ទាប់ពី​ការបញ្ចប់វេន​របស់​ពួកគេ​ក្នុង​ការតវ៉ា​ប្រឆាំង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់​បញ្ចប់​អនាគត​របស់​រ៉ែ​ធ្យូងថ្ម​៕ RR