ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធម្សិលមិញនេះបានប្រកាសដាក់ឲ្យចរាចរណ៍ក្រ ដាសប្រាក់ ១០០ និង៥០០រៀលថ្មី ស្របពេលនៃពិធីតភ្ជាប់បេតុងសំណង់ស្ពានអ្នកលឿង និងចំពេលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើកទី៦០ឆ្នាំរវាងកម្ពុជា ជប៉ុន។
ការណ៍នេះត្រូវបានក្រុមមន្រ្តីជំនាញ និងអ្នកសេដ្ឋកិច្ចលើកឡើងថា គឺជាការរួមចំណែកពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកឲ្យកាន់តែប្រសើ។ ក្នុងរយៈពេលជាង ១ឆ្នាំ គិតចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ ២០១៣ ធនាគារជាតិនៃកម្ពុជាបានបោះក្រដាសប្រាក់ថ្មី ជាច្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមជាអធិបតីភាពនៃពិធីភ្ជាប់បេតុងស្ពានអ្នកលឿងដែលត្រូវបានប្រសិទ្ធនាមថា ស្ពាន ស៊ូបាសា បានថ្លែងថា ការបោះក្រដាសប្រាក់ថ្មីនេះគឺបង្ហាញមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។
លោក ហ៊ុន សែនថ្លែងថា៖«រាជរដ្ឋាភិបាលបានដាក់ឲ្យធ្វើចរាចរណ៍នូវក្រដាសប្រាក់ ៥០០ ដែលអនុក្រឹត្យនឹងចេញថ្ងៃនេះ [ម្សិលមិញ] ហើយថ្ងៃនេះក្រដាសប្រាក់នេះក៏នឹងចាយបាន។ នេះគឺជាផ្នែកដ៏សំខាន់មួយនៃពិធីក្នុងថ្ងៃនេះ និងជាផ្នែកដ៏សំខាន់មួយនៃការពង្រឹងចំណងទាក់ទងលើកទី ៦០ នៃទំនាក់ទំនងកម្ពុជាជប៉ុន»។
ក្រដាសប្រាក់ ៥០០ រៀល ម្ខាងគឺព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហ មុនី និងម្ខាងទៀតគឺមានស្ពានគីហ្សូណា និងស្ពានស៊ូបាសា។
លោកបន្តថា៖ «កាលពីមុនគឺយើងបានបោះក្រដាសប្រាក់ម្តងហើយ ដែលពេលនោះគឺមានតែស្ពានគីហ្សូណាទេ ប៉ុន្តែលើកនេះ ថ្ងៃនេះគឺយើងនឹងចាយនូវក្រដាសប្រាក់ដែលមានទាំងស្ពានគីហ្សូណាផង និងមានទាំងស្ពានស៊ូបាសានៅអ្នកលឿងរបស់យើងផងដែរ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញតាមអ៊ីមែលថា ការបោះក្រដាសប្រាក់ថ្មីនេះគឺនឹងមិនមានផលប៉ះពាល់អ្វីដំណើរការប្រព្រឹត្តទៅនៃចរន្តសេដ្ឋកិច្ចឡើយ។ លោកស្រីលើកឡើងថា ក្រដាសថ្មីនេះគឺជាការបោះជំនួសក្រដាសចាស់ៗដែលត្រូវធ្វើការផ្លាស់ប្តូរ។
លោកស្រីថ្លែងថា៖ «អ្វីដែលក្រដាសថ្មីនេះនឹងត្រូវធ្វើនោះគឺយកទៅជំនួសក្រដាសចាស់ដែលខូច។
យើងធ្វើការផ្លាស់ប្តូរក្រដាសទាំងនោះ។ ជាការពិតណាស់ យើងបានធ្វើការផ្លាស់ប្តូរការរចនាក្រដាសប្រាក់ថ្មីនេះ តែនេះមិនមែនមានន័យថា យើងធ្វើការបង្កើនចំនួនសាច់លុយឲ្យធ្វើចរាចរណ៍ឡើយ»។
លោកស្រីបានបន្តទៀតថា៖ «មូលហេតុដែលយើងធ្វើដូច្នេះគឺក្នុងបំណងបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជំនួសប្រាក់ដុល្លារ ហើយនៅពេលដែលក្រដាសប្រាក់ខ្មែរកាន់តែទាក់ទាញ និងស្អាតនោះមានន័យថាប្រជាពលរដ្ឋនឹងកាន់តែមានទំនោរដាក់ក្រដាសប្រាក់នេះនៅតាមហោប៉ៅរបស់ពួកគេជាជាងទុកប្រាក់ដុល្លារ ដែលមានសន្លឹកប្រាក់ចាស់ និងកខ្វក់នោះ»។
លោក Suzuki Hiroshi ប្រធានវិទ្យាស្ថានស្រាវជ្រាវជំនួញកម្ពុជាបានថ្លែងថា ការបោះក្រដាសប្រាក់ថ្មីគឺនឹងមិនមានឥទ្ធិពលអ្វីអវិជ្ជមានដល់ម៉ាក្រូសេដ្ឋកិច្ចទេ។ ប៉ុន្តែលោកថាបញ្ហាដែលចោទនោះគឺត្រង់ថាបរិមាណនៃការផ្គត់ផ្គង់ក្រដាសប្រាក់ថ្មីនោះនៅលើទីផ្សារ។
លោកបន្តថា កាលពីឆ្នាំមុនធនាគារកណ្តាល ជប៉ុន បានបោះផ្សាយនូវក្រដាសប្រាក់ថ្មីប្រមាណជា១ពាន់ពាន់លានដុល្លារបន្ថែម ដែលការធ្វើបែបនេះគឺមានសារៈសំខាន់ណាស់ដល់សេដ្ឋកិច្ច។ លោកបន្តថា សម្រាប់កម្ពុជាការបោះក្រដាស ៥០០ រៀលថ្មីគឺពិតណាស់នឹងមិនមានន័យអ្វីទៅដល់ការកើនឡើងនៃការផ្គត់ផ្គង់នៃរូបិយវត្ថុនោះទេ ហើយបើទោះបីវាច្រើនជាងមុនក៏ដោយ ផលប៉ះពាល់នោះគឺនៅតែមានកម្រិតតិចនោះទេ។
លោកបានបន្តទៀតថា៖ «ហើយអ្វីដែលសំខាន់នោះគឺវានឹងជួយពង្រឹងការប្រើប្រាស់ប្រាក់រៀល ដោយសារតែសេដ្ឋកិច្ចរបស់កម្ពុជាគឺត្រូវបានគ្របដណ្តប់ដោយប្រាក់ដុល្លារ ដូច្នេះដើម្បីធ្វើបរិដុល្លារវូបនីយកម្ម ការពង្រឹងប្រើប្រាស់ប្រាក់រៀលគឺពិតជារឿងមួយដ៏សំខាន់»៕