ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ នៅ​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំ​នេះ​កើនឡើង​ជាង​ ១២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ខែ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

ការប្រមូល​ចំណូល​ពន្ធ​កាលពី​ខែ​ឧសភា​មាន​ចំនួន ១៣៤ ​លាន​ដុល្លារ កើនឡើង ១៦ ​លាន​ដុល្លារ​ពី​ខែ​ឧសភា​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ការប្រមូល​ពន្ធ​របស់ GDT នៅ​រយៈពេល​ ៥ ​ខែ​ដំបូង​មាន​ចំនួន ១,០៤ ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង ៥៤,២៣​ ​ភាគរយ​នៃ​ទិសដៅ​កំណត់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ឬ​កើនឡើង​ចំនួន​ ១១៣ លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

GDT បាន​អនុវត្ត​កំណែទម្រង់​មួយ​ចំនួន​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដែល​រួមមាន​ការធ្វើ​សវនកម្ម​ក្រុមហ៊ុន​មួយ​ចំនួន​នៅក្នុង​ប្រទេស និង​ការ​ដំណើរការ​ប្រព័ន្ធ​ប្រមូល​ពន្ធ​អនឡាញ​ជាដើម​។

កាលពី​ឆ្នាំ​មុន GDT ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន ១,៩៣ ​ពាន់​លាន​ដុល្លារ កើនឡើង​ ៣០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​តួលេខ​នេះ​លើស​ពី​ការ​ព្យាករ​របស់​ខ្លួន​៕LA