ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​សរុប​បាន​ប្រហែល​ ៦ ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៩ ដោយសារ​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​បណ្ដាល​មកពី​ស្ថិរភាព​នយោបាយ​។

កាលពី​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ចំណូល​ពន្ធ​ពី​ការប្រមូល​ពន្ធ​ជាង​ ១,៤៨ ​ពាន់​លាន​ដុល្លារ ខណៈ​រដ្ឋាភិបាល​កំណត់​ទិសដៅ​សម្រាប់​ប្រាក់ចំណូល​ពី​គយ និង​រដ្ឋាករ និង​ការយកពន្ធដារ​ក្នុង​ចំនួន ៤,៥៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​ចំណោម​នោះ ២,២៦ ​ពាន់​លាន​ដុល្លារ​ បាន​មកពី​គយ និង​រដ្ឋាករ និង​ ២,៣ ​ពាន់​លាន​ដុល្លារ​ បាន​ពី​ការយកពន្ធដារ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ១០ ខែ​ធ្នូ​ថា ប្រាក់ចំណូល​រកបាន​ពី​គយ និង​រដ្ឋាករ និង​ពន្ធដារ​បានរួម​ចំណែក​ច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ លោក​បាន​ឲ្យ​ដឹងថា​ត្រឹម​ថ្ងៃទី​ ៩ ​ខែ​វិច្ឆិកា ប្រាក់ចំណូល​បាន​ពី​គយ និង​ពន្ធដារ​សម្រេច​បាន ​៤,៥៤ ​ពាន់​លាន​ដុល្លារ លើស​ពី​ទិសដៅ​កំណត់​កាលពី​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​ទិសដៅ​ប្រមូល​ប្រាក់ចំណូល​ពី​គយ និង​រដ្ឋាករ​របស់​យើង​សម្រាប់​ឆ្នាំនេះ​មាន​ចំនួន​ ២,២៦ ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​នៅពេល​នេះ​យើង​ប្រមូល​បាន​ប្រហែល ៣,០១ ​ពាន់​លាន​ដុល្លារ​ លើស​ ៧៥៨ ​លាន​ដុល្លារ ឬ​កើនឡើង​ ៣៣,៥ ​ភាគរយ​។ ខណៈ​ការប្រមូល​ប្រាក់ចំណូល​ពី​ពន្ធដារ​ដែល​យើង​បាន​គ្រោងទុក​សម្រាប់​ឆ្នាំនេះ​មាន​ចំនួន​ ២,២៩ ​ពាន់​លាន​ដុល្លារ ហើយ​ពេលនេះ​យើង​ប្រមូល​បាន​ប្រហែល​ ២,៦៣ ​ពាន់​លាន​ដុល្លារ​ លើស​ពី​ទិសដៅ​កំណត់​ ៣៤៥ ​លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបង្កើន​ការប្រមូល​ប្រាក់ចំណូល​កំពុង​ឆ្លុះបញ្ចាំង​សកម្មភាព​សេដ្ឋកិច្ច​ល្អប្រសើរ និង​ស្ថិរភាព​នយោបាយ​ដែល​បង្កើត​បរិយាកាស​ល្អ​សម្រាប់​អាជីវកម្ម និង​ការវិនិយោគ​។

លោក​ថ្លែងថា​៖ «​យើង​អាច​មើលឃើញ​ថា នៅពេល​នេះ​យើង​នាំចូល​ច្រើន​ដើម្បី​បំពេញ​កំណើន​យ៉ាងខ្លាំង​នៃ​ការប្រើប្រាស់​ក្នុងស្រុក ដូច្នេះ​វា​ឆ្លុះបញ្ចាំង​កំណើន​អំណាច​ការទិញ​របស់​យើង​នេះ​នឹង​បង្កើន​ប្រាក់ចំណូល​កាន់តែ​ច្រើន​ដល់​គយ និង​រដ្ឋាករ ខណៈ​ការកើនឡើង​អាជីវកម្ម​ថ្មីៗ​ការពង្រីក​អាជីវកម្ម និង​ការវិនិយោគ​ក៏បាន​កើនឡើង​កាលពី​ឆ្នាំ​មុន​ផងដែរ ដូច្នេះ​រដ្ឋាភិបាល​ក៏​ទទួល​ប្រាក់ចំណូល​កាន់តែ​ច្រើន​ពី​ពន្ធដារ​»​។

លោក​ក៏បាន​កោតសរសើរ​ដល់​ការធ្វើ​ទំនើបកម្ម​នៃ​ការទូទាត់​ពន្ធ និង​ការជម្រះ​ពន្ធគយ​ដែល​ជា​ការជួយ​ដ៏ធំ​ដល់​វិស័យ​ឯកជន​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​ក៏​បាន​ចង្អុលបង្ហាញ​ប្រតិបត្តិការ​ល្អ​នៃ​ការគាំទ្រ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែល​បង្កើន​ការប្រមូល​ប្រាក់ចំណូល​។

លោក​បញ្ជាក់ថា​៖ «​ការកើនឡើង​ប្រាក់ចំណូល​ពន្ធ​គួរ​ឲ្យ​កត់សម្គាល់ បង្ហាញ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា និង​រដ្ឋបាល​កាន់តែ​មាន​ប្រសិទ្ធភាព​ទាក់ទង​នឹង​ការប្រមូល​ពន្ធ​។ ការឆ្ពោះ​ទៅ​មុខ អគ្គនាយកដ្ឋាន​ពន្ធដារ​គួរតែ​ផ្ដោត​កាន់តែ​ខ្លាំង​លើ​ការពង្រីក​មូលដ្ឋាន​ពន្ធ​ជាជាង​ការដាក់​សម្ពាធ​លើ​អ្នក​ជាប់ពន្ធ​ដែលមាន​ស្រាប់​។

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹងថា ការបង់ពន្ធ​លើ​ប្រាក់ចំណូល​មុន​ ១ ​ភាគរយ​គឺ​នៅតែ​ជា​បញ្ហា​សម្រាប់​វិស័យ​ឯកជន «​ការលុបចោល​ពន្ធ​ប្រភេទ​នេះ​អាច​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន ជាពិសេស​ការវិនិយោគ​ផ្ទាល់​បរទេស (FDI)​។ រដ្ឋាភិបាល​នឹងមិន​បាត់បង់​ប្រាក់​ចំណូល​ណាមួយ​លើ​មូលដ្ឋាន​ប្រចាំឆ្នាំ​នោះ​ទេ ពួកគេ​គ្រាន់តែ​រង់ចាំ​ប្រមូល​ពន្ធ​នៅ​ចុង​ឆ្នាំនេះ​តែប៉ុណ្ណោះ​»​។

តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ការបង្កើន​ប្រតិបត្តិការ​ប្រាក់ចំណូល​រឹងមាំ​បាន​ជួយ​រក្សា​បំណុល​សាធារណៈ​ឲ្យ​នៅ​ទាប​។ ប៉ុន្តែ IMF បាន​បញ្ជាក់ថា ចាំបាច់​ត្រូវ​គាំទ្រ​ដល់​និរន្តរភាព​សារពើពន្ធ​ដោយ​ការរឹតបន្តឹង​លើ​ការចំណាយ​មិនមែន​ការអភិវឌ្ឍ​នៅពេល​បច្ចុប្បន្ន​ដែល​រួមមាន​ច្បាប់​ប្រាក់​ឈ្នួល និង​តាមរយៈ​ការបន្ត​ពង្រឹង​ការ​កៀរគរ​ប្រាក់ចំណូល និង​លើកកម្ពស់​ប្រសិទ្ធភាព​ពន្ធ​។

សម្រាប់​ច្បាប់​ថវិកា​ឆ្នាំ​ ២០២០ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ព្រះមហាក្សត្រ​នៅពេល​ថ្មីៗ រដ្ឋាភិបាល​កំណត់​ក្នុង​ការប្រមូល​ប្រាក់ចំណូល​សារពើពន្ធ ៥ ២៧២ លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០២០ ក្នុង​ចំណោម​នោះ ២ ៩១១ ​លាន​ដុល្លារ​ បាន​ពី​គយ និង​រដ្ឋាករ និង ២ ៣៦១ ​លាន​ដុល្លារ​បានមកពី​ពន្ធដារ​។

លោក​ លឹម ហេង បាន​ឲ្យ​ដឹងថា ការបង្កើន​ប្រាក់ចំណូល​នឹង​ល្អ​សម្រាប់​ប្រទេស​នេះ ប៉ុន្តែ​ការប្រមូល​ត្រូវតែ​ស្មើភាព​សម្រាប់​អាជីវកម្ម​ទាំងអស់​។ លោក​បន្តថា​៖ «​យើង​ដឹងថា រដ្ឋាភិបាល​មិន​បង្កើន​អត្រាពន្ធ ឬ​ពន្ធ​ថ្មី​ទេ ប៉ុន្តែ​ក្នុងនាម​ជា​វិស័យ​ឯកជន យើង​ចង់​មាន​ភាព​ស្មើភាព​គ្នា​សម្រាប់​ការបង់ពន្ធ​ទាំងអស់​ដោយ​ស្មើភាព​គ្នា​»៕LA