ភ្នំ​ពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​​ប្រមូល​​ចំណូល​ពន្ធ​អាករ​​បាន​ជាង ​១,៥ ពាន់​លាន​ដុល្លារ​ ​ក្នុង​​ឆមាស​ទី១​ ឆ្នាំ ២០១៩​​ កើន​ឡើង​ជាង ​៣២៤​ លាន​ដុល្លារ ​​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អគ្គនាយកដ្ឋាន​ពន្ធដារ​ពី​ល្ងាច​​ថ្ងៃ​ពុធ​។

ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​​ឆមាស​ទី​១​ ឆ្នាំ ២០១៩​ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ លោក​ គង់​ វិបុល​ អគ្គនាយក​នៃ​​នាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​​ថា ​ក្នុង​រយៈពេល ​៦ ​ខែ​ ឆ្នាំ ​២០១៩​ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​​ប្រមូល​បាន​មាន​ជាង​ ១,៥ ពាន់​​លាន​ដុល្លារ ​ស្មើ​​នឹង​ ​៦៦,៧១ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក​ វិបុល បាន​បន្ថែម​ថា ក្នុង​ខែ​មិថុនា ឆ្នាំ​នេះ​ការ​ប្រមូល​​ចំណូល​ពន្ធ​អាករ​​​បាន​ប្រមាណ ​១៩៧ លាន​ដុល្លារ​ កើន​ឡើង​ ៥៧,១៨ លាន​ដុល្លារ​ បើ​ធៀប​នឹង​ខែ​មិថុនា​ឆ្នាំ​មុន​។

បើ​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​រយៈពេល ​៥ ឆ្នាំ​​ចុង​ក្រោយ​​នេះ ​អគ្គនាយកដ្ឋាន​ពន្ធដារ ​សម្រេច​​បាន​​កំណើន​​ចំណូល​ពន្ធ​ក្នុង​រង្វង់​ប្រមាណ ​២០ ​ភាគរយ ​​ក្នុង ​១ ​ឆ្នាំ ​គិត​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤ ​មក ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​​ចេញ​នូវ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៣​។

លោក​ អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​​ដែល​ចូល​កិច្ច​ប្រជុំ​នេះ​បាន​បន្ត​​គាំទ្រ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​​បេសកកម្ម​ដើម្បី​ធានា​បាន​នូវ​​​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការ​​​ប្រមូល​ចំណូល​ពន្ធ ​និង​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​លើស​​ផែនការ​ឲ្យ​បាន​ជា​អតិបរិមា សម្រាប់​​​ឆ្នាំ ២០១៩ ​នេះ​។

តាម​​​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​​ ​​GDT ត្រូវ​បន្ត​ជំរុញ​លើក​ទឹក​ចិត្ត​​ផ្នែក​ពន្ធដារ​​ដើម្បី​​ទាក់ទាញ​ការ​​វិនិយោគ​នៅ​កម្ពុជា​​។

លោក​បន្ត​​​ថា៖​ «​​ជា​ធាតុ​ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​វិនិយោគ​ថ្មី​ ចៀសវាង​ការ​យក​ពន្ធ​ត្រួត​ស៊ី​គ្នា​ ពិនិត្យ​ និង​​​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​​លើ​វិស័យ​អចលនទ្រព្យ​ និង​​ជំរុញ​ការ​ប្រមូល​ចំណូល​ពន្ធ​លើ​សហគ្រាស​ និង​​​អាជីវកម្ម​ ​ជ្រក​ក្រោម​ស្លាក​យីហោ​​កាស៊ីណូ​​​ដែល​មិន​បំពេញ​​កាតព្វកិច្ច​​ចុះ​បញ្ជី​ពន្ធដារ​ និង​មិន​​បង់​ពន្ធ​ស្រប​តាម​ច្បាប់​កំណត់​»​៕