ភ្នំពេញៈ ​ចំ​ណូល​ពី​ការ​ប្រ​មូល​​ពន្ធ​អាករ​គ្រប់​ប្រ​ភេទ​ក្នុង​រយៈ​ពេល​ ១០ ​ខែ​ ឆ្នាំ​ ២០១៨ បាន​កើន​ឡើង​​ ១៨,​៨៣ ​​ភាគ​​រយ បើ​​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧។ នេះ​បើ​តាម​​សេចក្តី​ប្រ​កាស​ព័ត៌​មាន​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​។

រយៈ​ពេល​ ១០ ​ខែ កន្លង​មក អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ប្រ​មូល​ចំ​ណូល​បាន​ប្រ​មាណ​ជាង ១,៨៧​ ពាន់​លាន​​​ដុល្លារ ​ស្មើ​នឹង​​ ៩៧,៤២ ​ភាគ​រយ​នៃ​ផែន​ការ​គ្រោង​ទុក​ ឬកើន​ជាង​ ២៩៦ ​លាន​ដុល្លារ ធៀប​​ទៅ​នឹង​​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​ ២០១៧ ដែល​​​ប្រ​មូល​បាន​​ជាង​​ ១,៥៧​ ពាន់​លាន​​ដុល្លារ​។

សម្រាប់​ខែ​តុ​លា ឆ្នាំ​ ២០១៨ ការ​ប្រ​មូល​ពន្ធ​អា​ករ​គ្រប់​ប្រ​ភេទ​បាន​ប្រ​មាណ ​១៨២,១២ លាន​​ដុ​ល្លារ។

លោក សន ​ជ័យ​ ប្រ​ធាន​អង្គ​ការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​​ចំ​ណូល​កើន​ជិត​ ២០ ​ភាគ​រយ​ពី​ការ​ប្រ​មូល​ពន្ធ​ដារ​នេះ​អាច​និ​យាយ​ថា​ ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៅ​ឡើយ ​ខណៈ​ការ​ប្រ​មូល​​ពន្ធ​សំ​ខាន់​ៗ​ដូច​ជា​ ការ​​ទិញ​លក់ ​និង​ជួល​អ​ច​ល​ន​ទ្រព្យ​សណ្ឋា​គារ ​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ និង​ពន្ធ​លើ​ប្រាក់​ចំ​ណេញ​នៅ​មាន​ចន្លោះ​ប្រ​ហោង​ច្រើន​។

លោក​បាន​ថ្លែង​ថា៖​ «​​កំ​ណើន​​ជាង​ ១៨ ​ភាគ​រយ​នេះ​ស្ថិត​នៅ​ទាប​ បើ​ធៀប​ទៅ​នឹង​កំ​ណើន​នៃ​ការ​ទិញ លក់​ ជួល​អ​ច​ល​ន​ទ្រព្យ​​នា​ពេល​បច្ចុ​ប្បន្ន​»។​

លោក​លើក​ឡើង​ថា ​បច្ចុ​ប្បន្ន​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​កំ​ពុង​មាន​សម្ទុះ​ខ្លាំង​ ដូច្នេះ​បើ​ការ​​គ្រប់​គ្រង​ល្អ​នឹង​ជួយ​​ធ្វើ​ឲ្យ​រដ្ឋ​ទទួល​បាន​ចំ​ណូល​កាន់​​តែ​ច្រើន។

លោក​បញ្ជាក់​ថា៖​ «ការ​ពិ​និត្យ​ និង​ដាក់​ផែន​ការ​ឲ្យ​បាន​ជាក់​លាក់​សម្រាប់​​ប្រ​មូល​​ពន្ធ​គឺ​ជា​រឿង​ចាំ​បាច់​ដើ​ម្បី​បង្កើន​​​ចំ​ណូល​ជាតិ​»៕ LA