
ទូរគមនាគមន៍កម្ពុជា ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋ។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានក្រើនរំឭកដល់ប្រតិបត្តិករទូរគមនាគមន៍ដែលនៅជំពាក់បំណុលរដ្ឋឲ្យចូលខ្លួនមកទូទាត់បំណុល ឲ្យបានមុនដំណាច់ខែមេសានេះជាកំហិត និងបានព្រមានបញ្ចេញអត្តសញ្ញាណក្រុមហ៊ុនទាំងនោះជាសាធារណៈ និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីខកខានមិនបានទូទាត់បំណុលទាន់ពេល។
សេចក្តីជូនដំណឹងដែលធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចុះថ្ងៃទី ២ ខែមេសា ហើយទើបចេញផ្សាយនាថ្ងៃ ព្រហស្បត្តិ៍ នេះ បានបង្ហាញថា មានក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍មួយចំនួនមកដល់ពេលនេះ បាននិងកំពុងជាប់ជំពាក់បំណុលស្ថាប័នរដ្ឋាភិបាល មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា។
សេចក្តីជូនដំណឹងមិនបញ្ជាក់ពីទំហំទឹកប្រាក់ និងចំនួនប្រតិបត្តិករ ដែលនៅជាប់បំណុល ឬ ប្រភេទបំណុលដែលប្រតិបត្តិករទាំងនោះជាប់ជំពាក់ស្ថាប័នរដ្ឋាភិបាលនោះទេ តែគ្រាន់តែបង្ហាញពីគោលជំហរតឹងរឹុងក្នុងការទារ
បំណុលទាំងនោះឲ្យខានតែបាន ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ហើយព្រមានបញ្ចេញអត្តសញ្ញាណក្រុមហ៊ុន ដែលមិនបំពេញកាតព្វកិច្ច និងចាត់វិធានការច្បាប់ចំពោះអ្នកល្មើស។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «[ក្រសួងនឹង] ប្រកាសជាសាធារណៈតាមសារព័ត៌មាន វិទ្យុ ឬ ទូរទស្សន៍ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្តការកំណត់ខាងលើ ដោយដាក់ចំឈ្មោះក្រុមហ៊ុន ឈ្មោះអភិបាលក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់»។
សេចក្តីជូនដំណឹងដដែលបង្ហាញថា៖ «[ក្រសួងនឹង] ចាត់វិធានការតាមផ្លូវច្បាប់ដូចជាបង្កកគណនីនៅធនាគារពាណិជ្ជ បិទ ហ្វ្រេកង់ស៍ ហាមឃាត់ការនាំចេញ-នាំចូល ហាមឃាត់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈ ព្យូរ ឬដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការអាជ្ញាប័ណ្ណហ្វ្រេកង់ស៍វិទ្យុ កិច្ចព្រមព្រៀង ឬ លិខិតគតិយុត្តពាក់ព័ន្ធផ្សេងៗសម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំសំណុំរឿងដាក់បណ្តឹងទៅតុលាការ»៕