ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ចេញ​ប្រកាស​ស្តីពី​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ ដើម្បី​គ្រប់គ្រង​ការ​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។

ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​កំណត់​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​លើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា។

ពន្ធ​ប៉ាតង់ គឺ​ជា​ពន្ធ​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​បាន​កំណត់​លើ​សកម្មភាព​អាជីវកម្ម​ដោយ​ផ្អែក​លើ​ប្រភេទ​អ្នក​ជាប់​ពន្ធ និង​កម្រិត​ផល​របរ។

ប្រកាស​នេះ​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី ៨ មេសា បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជាប់​ពន្ធ​ដែល​មាន​សកម្មភាព​អាជីវកម្ម​ច្រើន ត្រូវ​បង់​ពន្ធប៉ាតង់​ផ្សេងៗ​គ្នា​ទៅ​តាម​សកម្មភាព​អាជីវកម្ម​នីមួយៗ។ ឧទាហរណ៍ អ្នក​ជាប់​ពន្ធ​ម្នាក់​ដែល​មាន​សកម្មភាព​អាជីវកម្ម​នីហរណ៍ អាហរណ៍ ដឹក​ជញ្ជូន និង​សណ្ឋាគារ ត្រូវ​បង់​ពន្ធ​ប៉ាតង់​សម្រាប់​សកម្មភាព ៣ អាជីវកម្ម​ផ្សេង​គ្នា។

ដោយ​ឡែក សកម្មភាព​ជា​ឧបសម្ព័ន្ធ​នានា​នៃ​សកម្មភាព​អាជីវកម្ម​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សកម្មភាព​អាជីវកម្ម​តែ​មួយ។ ឧទាហរណ៍ សណ្ឋាគារ​មួយ​ដែល​មាន​ក្លិប​កម្សាន្ត ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា ក្លិប​ហាត់​ប្រាណ ឬ​សកម្មភាព​ដទៃ​ទៀត ដែល​ជា​ឧបសម្ព័ន្ធ​នៃ​សកម្មភាព​សណ្ឋាគារ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​អ្នក​ជាប់​ពន្ធ​តែ​មួយ និង​ស្ថិត​ក្នុង​ទីតាំង​រួម​ជាមួយ​សណ្ឋាគារ​ត្រូវ​បង់​ពន្ធប៉ាតង់​តែ​មួយ។

អ្នក​ជាប់​ពន្ធ​ដែល​មាន​ទីកន្លែង​អាជីវកម្ម​ជា​គោល​ដើម ទីចាត់​ការ​សហគ្រាស សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អាជីវកម្ម​តែ​មួយ​នៅ​រាជធានី ខេត្ត​តែ​មួយ ត្រូវ​បង់​ពន្ធ​ប៉ាតង់​តែ​មួយ ហើយ​អ្នក​ជាប់​ពន្ធ​ដែល​មាន​សកម្មភាព​អាជីវកម្ម​នៅ​រាជធានី ខេត្ត​ផ្សេង​គ្នា ត្រូវ​បង់​ប៉ាតង់​ទៅ​តាម​រាជធានី ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិត​នៅ។

កម្រិត​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​បង់​កំណត់​ដូច​ខាង​ក្រោម៖ អ្នក​ជាប់​ពន្ធ​តូច​ត្រូវ​បង់​ពន្ធ​ប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន ៤០០ ០០០ រៀល។ អ្នក​ជាប់​ពន្ធម​ធ្យម ត្រូវ​បង់​ពន្ធ​ប៉ាតង់​ប្រចាំ​ឆ្នាំចំ​នួន ១ ២០០ ០០០ រៀល។ ចំណែក អ្នក​ជាប់​ពន្ធ​ធំ ត្រូវ​បង់​ប្រចាំ​ឆ្នាំ​ចំនួន ៣ ០០០ ០០០ រៀល និង ៥ ០០០ ០០០ រៀល ក្នុង​ករណី​ដែល​មាន​ផល​របរ​លើស​ពី ១០ ០០០ លាន​រៀល។

ពន្ធ​ប៉ាតង់​ត្រូវ​បង់​ក្នុង​អំឡុង​ពេល​ចាប់​ពី​ថ្ងៃទី ១ ខែ​មករា ដល់ ថ្ងៃទី ៣១ ខែ​មីនា ជា​រៀងរាល់​ឆ្នាំ។ ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​រដ្ឋបាល​សារពើពន្ធ​ដែល​អ្នក​ជាប់​ពន្ធ​មាន​កន្លែង​ប្រកប​អាជីវកម្ម​ពិត​ប្រាកដ។ អ្នក​ជាប់​ពន្ធ​ដែល​ចាប់​ផ្តើម​អាជីវកម្ម​ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំ​ ត្រូវ​បង់​ពន្ធ​ត្រូវ​បង់​ពន្ធ​ប៉ាតង់​ពេញ ១ ឆ្នាំ ប៉ុន្តែ​ប្រសិន​បើ​ចាប់​ផ្តើម​អាជីវកម្ម​ក្នុង​រយៈពេល ៦ ខែ​ចុងឆ្នាំ អ្នក​ជាប់​ពន្ធ​ត្រូវ​បង់​ពន្ធ​ប៉ាតង់​ពាក់​កណ្តាល៕