ភ្នំពេញៈ រដ្ឋាភិបាល​បាន​​សម្រេច​ផ្តល់​ការ​អនុគ្រោះ​ផ្នែក​ពន្ធ​​សម្រាប់​សហគ្រាស​​​ក្នុង​វិស័យ​​កសិកម្ម​ តាម​រយៈ​ការ​​ព្យួរ​ទុក​ការ​បង់​ប្រាក់​​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​​របស់​សហគ្រាស​​ទាំង​នេះ​រយៈ​ពេល ៥ ឆ្នាំ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​​ដែល​ចុះ​ថ្ងៃ​ទី ​២៩ ខែ​មករា ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា ការ​ព្យួរ​ទុក​ការ​បង់​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ​នឹង​ផ្តល់​ជូន​ដល់​​​សហគ្រាស​ដែល​​ប្រកប​អាជីវកម្ម​​ផលិត និង​ផ្គត់ផ្គង់​ក្នុង​ស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម​មួយ​​​​ចំនួន រួម​មាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់​ស្វាយ​ចន្ទី ដំឡូងមី និង​កៅស៊ូ ក្នុង​​គោល​បំណង​ជំរុញ និង​គាំទ្រ​ដល់​ផលិតកម្ម និង​ការ​នាំចេញ​ផលិតផល​កសិកម្ម​។

ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល គឺ​ជា​ប្រាក់​ពន្ធ​​លើ​ប្រាក់​ចំណូល​​តាម​របប​ពិត ដែល​​សហគ្រាស​ និង​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​បង់​ប្រាក់​រំដោះ​ប្រចាំ​ខែ​សម្រាប់​ពន្ធ​លើ​ប្រាក់​​ចំណូល​​​តាម​អត្រា ១ ភាគរយ​នៃ​ផល​របរ​ គិត​រួម​បញ្ចូល​ទាំង​ពន្ធ​អាករ​ទាំង​អស់​វៀរ​លែង​តែ​​អាករ​លើ​តម្លៃ​បន្ថែម ដែល​សម្រេច​​បាន​ក្នុង​ខែ​មុន។ ប្រាក់​រំដោះ​នឹង​ត្រូវ​បាន​យក​មក​កាត់​កង​ពី​ពន្ធ​លើ​ប្រាក់​ចំណូល​​នៅ​ពេល​​ធ្វើ​ការ​ទូទាត់​ប្រចាំ​ឆ្នាំ។

សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​​ថា សហគ្រាស​ដាំដុះ ផលិត និង​ផ្គត់ផ្គង់​ក្នុង​ស្រុក ឬនាំចេញ​ផលិតផល​កសិកម្ម​ទាំង​​នេះ នឹង​ទទួល​បាន​ការ «​អនុគ្រោះ​ព្យួរ​ទុក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​បង់​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ខែ​រយៈ​ពេល ៥ ឆ្នាំ គិត​ចាប់​ពី​ខែ​មករា ឆ្នាំ ២០១៩ ត​រៀង​ទៅ»។

សហគ្រាស​ដែល​​​ទទួល​បាន​ការ​អនុគ្រោះ​នេះ​ ត្រូវ​តែ​ជា​សហគ្រាស​ដែល​គោរព​​​តាម​​ច្បាប់​ស្តីពី​សារពើ​ពន្ធ​​ និង​ច្បាប់​ស្តីពី​គណនេយ្យ ដូច​ជា​បាន​អនុវត្ត​ការ​​ប្រកាស​បង់ពន្ធ​អាករ​តាម​កាល​កំណត់ និង​កាន់​​បញ្ជិកា​​គណនេយ្យ​ត្រឹម​ត្រូវ​ជា​ដើម។ នេះ​បើ​​​​តាម​​សេចក្តី​ប្រកាស​។

សេចក្តី​ប្រកាស​នេះ​បាន​បន្ត​ថា ក្នុង​ករណី​សហគ្រាស​មិន​គោរព​​តាម​លក្ខខណ្ឌ​ ការ​ព្យួរ​ទុក​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ខែ​ ​ត្រូវ​បាន​ដក​ហូត ហើយ​សហគ្រា​សត្រូវ​​ទទួល​រង​ការ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ជា​ធរមាន៕