
សកម្មភាពប្រជាជនកំពុងរែងយករ៉ែមាសដែលពួកគេប្រកបអាជីវកម្មជាលក្ខណៈគ្រួសារនៅខេត្តមណ្ឌលគិរីកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងហាមឃាត់ដាច់ខាតនូវរាល់ការដឹកជញ្ជូនធនធានរ៉ែចេញពីការដ្ឋានដោយគ្មានលិខិតអនុញ្ញាតពីក្រសួងរ៉ែ។ នេះបើតាមមាត្រា ៣០ ថ្មីនៃច្បាប់គ្រប់គ្រងអាជីវកម្មរ៉ែ។
មាត្រា ៣០ ថ្មីដែលត្រូវបានធ្វើវិសោធនកម្ម និងអនុម័តពីរដ្ឋសភាកាលពីសប្តាហ៍មុនគឺហាមដាច់ខាតនូវការដឹកជញ្ជូនរ៉ែចេញពីការដ្ឋានដោយគ្មានការអនុញ្ញាត ឬមិនទាន់បានបង់សួយសារ។
ច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែត្រូវបានធ្វើវិសោធនកម្មលើមាត្រាចំនួន ១១ ហើយត្រូវបានអនុម័តទាំងស្រុងដោយរដ្ឋសភាកាលពីសប្តាហ៍មុន។
ច្បាប់ថ្មីនេះបានបើកផ្លូវឲ្យមន្ត្រីទទួលបន្ទុកវិស័យរ៉ែមានសិទ្ធិអំណាចជាងមុនក្នុងការផាកពិន័យតាមវិធានការរដ្ឋបាលមុននឹងបញ្ជូនករណីល្មើសទៅតុលាការ។
យោងតាមសេចក្តីថ្លែងហេតុរបស់រដ្ឋាភិបាលច្បាប់ដែលមានស្រាប់ (ច្បាប់ដែលមិនទាន់ធ្វើវិសោធនកម្ម) ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ ២០០១ ហើយបានផ្តល់ជម្រើសនៃការដោះស្រាយតែមួយជម្រើសប៉ុណ្ណោះក្នុងករណីមានបទល្មើសរ៉ែកើតឡើងដែលជាការខ្វះខាតសម្រាប់គ្រប់គ្រងវិស័យនេះនាពេលបច្ចុប្បន្ន។
សេចក្តីថ្លែងហេតុបញ្ជាក់ថាច្បាប់ដែលមានស្រាប់បានតម្រូវឲ្យប្រើប្រាស់នីតិវិធីតុលាការក្នុងការអនុវត្តទោសទណ្ឌរាល់គ្រប់ប្រភេទបទល្មើសធនធានរ៉ែទាំងអស់ទោះបីរូបភាពបទល្មើសនោះមានលក្ខណៈតូចតាច ឬ ធំក៏ដោយ ដែលកត្តានេះអាចបង្កផលវិបាកទៅវិញទេប្រសិនបើអនុវត្តតាមលក្ខខណ្ឌចែងម៉ឺងម៉ាត់ពេក ដោយសារថាការប្រើប្រាស់នីតិវិធីតុលាការអាចត្រូវការពេលយូរ ស្របពេលបទល្មើសកម្រិតស្រាលខ្លះអាចដោះស្រាយដោយការផាកពិន័យ។
សេចក្តីថ្លែងហេតុបញ្ជាក់ថា៖ «ច្បាប់បច្ចុប្បន្ន [ចាស់] ពុំមានមាត្រាណាមួយអនុញ្ញាតឲ្យមន្ត្រីជំនាញវិស័យរ៉ែនៃក្រសួងរ៉ែ និងថាមពលមាននីតិវិធីសប្បទាជាមន្ត្រីនគរបាលយុត្តិធម៌ឡើយ ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការបង្ក្រាបនូវបទល្មើសធនធានរ៉ែឲ្យមានប្រសិទ្ធភាព»។ សេចក្តីថ្លែងហេតុដដែលបញ្ជាក់ទៀតថា៖ «បទល្មើសធនធានរ៉ែមានច្រើនប្រភេទ និងច្រើនស្ថានទម្ងន់ទោសដែលតម្រូវឲ្យមានការចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលាដូចជាការផាកពិន័យ ឬកសាងសំណុំរឿងទៅតុលាការទើបការទប់ស្កាត់បទល្មើសធនធានរ៉ែមានប្រសិទ្ធភាព និងទទួលបាននូវទំនុកចិត្តពីសាធារណជន»។
ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកក្រសួងរ៉ែបានកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសក្នុងវិស័យរ៉ែ ១៤ ករណីទៅតុលាការ ហើយក្នុងចំណោមនោះមានតែ ៣ ករណីប៉ុណ្ណោះដែលបានបញ្ចប់ជាស្ថាពរ។ ដោយសារលក្ខខណ្ឌនៃច្បាប់ចាស់តម្រូវឲ្យបញ្ជូនរាល់គ្រប់ប្រភេទបទល្មើសធនធានរ៉ែទៅដោះស្រាយនៅតុលាការ ក្រសួងរ៉ែបានបញ្ជាក់ថាបទល្មើសតូចតាចមួយចំនួនក្រសួងបានត្រឹមតែអនុវត្តនីតិវិធីរដ្ឋបាល និងធ្វើការអប់រំដោយពុំមានផាកពិន័យអ្វីឡើយ ដែលធ្វើឲ្យបទល្មើសតូចតាចនៅបន្តកើតមាន។
ការចែងមាត្រាថ្មីមានខ្លឹមសារដើម្បីផ្តល់សិទ្ធិអំណាចជាងមុនដល់មន្ត្រីទទួលបន្ទុករ៉ែ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការគ្រប់គ្រង និង ធ្វើការសម្រេចចិត្តផាកពិន័យ ឬ ចាត់វិធានការផ្សេងៗភ្លាមៗក្នុងករណីរកឃើញបទល្មើសក្នុងវិស័យរ៉ែ។ មាត្រាថ្មីនៃច្បាប់នេះចាប់ពីមាត្រា ៣៣ ដល់ មាត្រា ៤០ បានចែងច្បាស់ពីការផាកពិន័យជាទឹកប្រាក់ ឬ ផ្តន្ទាទោសដាក់ពន្ធធនាគារដោយទំហំនៃការពិន័យជាទឹកប្រាក់ និងរយៈពេលនៃការដាក់ពន្ធនាគារ អាស្រ័យលើបទល្មើសជាក់ស្តែងដែលបានចែងលម្អិតក្នុងមាត្រានីមួយៗ។
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា៖ «ពីមុនបទល្មើសរ៉ែទាំងអស់ត្រូវតែផ្តន្ទាទោសតាមនីតិវីធីតុលាការទោះបទល្មើសតូចតាចក្តី។ តាមច្បាប់ថ្មីក្រសួងអាចផាកពិន័យឲ្យជនល្មើសតូចតាចឲ្យរាងចាលហើយបើមិនរាងចាលទៀតទើបប្រើនីតិវិធីតុលាការ»។ លោកបន្តថា៖ «ការអនុវត្តច្បាប់នឹងកាន់តែមានប្រសិទ្ធភាពជាងមុន។ ប្រជាពលរដ្ឋ និងអាជីវករ ឬក្រុមហ៊ុនរ៉ែកាន់តែមានសុខដុមរមនាជាមួយគ្នាព្រោះមានការគោរពច្បាប់ជាគោល»។
លោកបានឲ្យដឹងថាគិតត្រឹមខែមេសាឆ្នាំ ២០១៨ នេះក្រសួងបានចេញអាជ្ញាប័ណ្ណស្វែងរុករករ៉ែមានចំនួន ៥៨ ដែលក្នុងនោះអាជ្ញាប័ណ្ណអាជីវកម្មធនធានរ៉ែមានចំនួន ២១ ហើយអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម (រ៉ែសំណង់) មានចំនួន ២៨៨៕