ភ្នំពេញៈ ស្ថាប័ន​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​រៀបចំ​​វេទិកា​ស្តីពី​សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន (ICT) ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០ នាក់​មកពី​ស្ថាប័ន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។

នេះ​ជា​វេទិកា​ធុរកិច្ច​បច្ចេកវិទ្យា និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឆ្ពោះ​ទៅ​ឌីជីថល​លើក​ទី​ ២ ដែល​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នេះ​គឺ​ដើម្បី​ប្រមូល​មតិ ដើម្បី​រៀបចំ​គោលនយោបាយ​ស្តីពី​ការចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា (Tech Startups) សហគ្រាស​ខ្នាត​តូច និង​មធ្យម​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កម្លាំង​ចលករ​ដ៏សំខាន់​នៃ​ការ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។

វេទិកា​នេះ​បាន​ចូលរួម​ដោយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ៦ រួមមាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​ពាណិជ្ជកម្ម ក្រសួង​អប់រំ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​កាលពី​ម្សិលមិញ​ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​លើកឡើង​ថា សហគ្រាស​ខ្នាតតូច​ និង​មធ្យម​គឺជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច និង​ការផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​។

លោក​បន្ត​ថា ​បច្ចុប្បន្ន​ ជា​សម័យកាល​ដែល​បច្ចេកវិទ្យា​ថ្មីៗ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​ប្រតិបត្តិការ​នៃ​សហគ្រាស​ខ្នាតតូច និង​មធ្យម ដូច្នេះ​វា​មាន​ការ​ចាំបាច់​ណាស់​ក្នុង​ការ​ស្វែងយល់​ពី​ដំណើរ​ការវិវឌ្ឍ​បច្ចេកវិទ្យា និង​ប្រើប្រាស់​ដើម្បី​ជំរុញ​កំណើន​សហគ្រាស​ខ្នាតតូច និង​មធ្យម​៕