ភ្នំពេញៈ​ ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក​នឹង​ជំរុញ​វិស័យ​ទេសចរណ៍ឲ្យ​​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ ក្រោយ​ពី​វិបត្តិ​សុខភាព​វិល​ទៅ​រក​ស្ថាន​ភាព​ធម្មតា​វិញ​​។​ នេះបើ​តាម លោក គន្ធា ភិរម្យ ប្រធានការិយា​ល័យ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​​នៃ​ក្រសួង​ទេសចរណ៍។​

ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ​១៩​ ប្រទេស​កម្ពុជា​ ក៏ដូចជាប្រទេស​នានា​លើ​សកល​លោក ត្រូវបាន​គេ​រំពឹង​ថា​ នឹង​មាន​ប្រជាជនធ្វើដំណើរ​កម្សាន្ត​ច្រើន​ឡើង​វិញ​ នៅ​ពេល​ដែល​ស្ថាន​ភាព​វិល​ទៅ​រក​​ភាព​ប្រក្រតីឡើងវិញ។

លោក ភិរម្យ ឲ្យ​ដឹងថា ចំពោះ​វិស័យ​ទេសចរណ៍​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​នឹង​មាន​សម្ទុះ​រីក​ចម្រើន​ខ្លាំងជាង​គេ​ ព្រោះ​អនុវិស័យ​មួយ​ចំនួន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ រួម​មាន ភោជនី​យដ្ឋាន ក្រុមហ៊ុន​ទេសចរណ៍​ ការ​ដឹក​ជញ្ជូន​ទេសចរណ៍​ និង​សេវាកម្ម​ស្នាក់​នៅ​ជា​ដើម ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ងើប​ឡើង​វិញយ៉ាង​ឆាប់​រហ័ស​ផង​ដែរ ក្រោយ​វិបត្តិ​សុខ​ភាព​នេះ។​

លោក​ថា មាន​តែភ្ញៀវទេសចរក្នុង​ស្រុក​ប៉ុណ្ណោះដែល​អាច​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​ទាំង​មូល​បានដែល​​ធនធានធម្មជាតិ​នឹង​​ដើរតួនាទី​យ៉ាង​សំខាន់​បំ​ផុត​ សម្រាប់​សកម្ម​ភាព​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ត្រូវ​បាន​បញ្ចប់។​

យោងតាមការ​សិក្សា​ខាង​លើនេះបាននាំ​ឲ្យ​នាយក​ដ្ឋាន​ជំនាញនៃក្រសួង​ទេសចរណ៍​ជឿជាក់ថា វិស័យ​ទេសចរណ៍​ក្នុង​ស្រុកនៅ​កម្ពុជា​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បំផុតក្នុង​ទម្រង់ជាអក្សរ​ V។​

លោក​បញ្ជាក់ថា៖ «បន្ទាប់ពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ និងការ​ជួប​ជុំ​ដោយ​សារ​ការរីករាលដាលជំងឺ​កូវីដ​ ១៩​ ត្រូ​វ​បាន​គេ​រំពឹង​ថា ប្រជាពល​រដ្ឋ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ឡើង​វិញយ៉ាង​គំហុកដោយសារ​តែកា​រ​ខក​ខានធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​រយៈ​ពេល​ជា​ង ​១ ឆ្នាំ​កន្លងមក​នេះ»។​

ការ​សិក្សា​លើ​ចិត្ត​សាស្ត្រ​របស់​មនុស្ស​ពី​សាកល​វិទ្យា​ល័យ​ Johns Hopkins និង​មន្ទីរពេទ្យ​ Bangkok Hospital បានបង្ហាញថា ទោះបីជា​មនុស្ស​មិន​បាន​ឆ្លង​ជំងឺកូវីដ​ ១៩​ ក៏ដោយ​ ក៏មនុស្ស​ភាគ​ច្រើន​ត្រូវ​​គេ​រកឃើញ​ថា​បាន​កើត​ជំងឺ​ថប់​អារម្មណ៍ ​(ស្ត្រេស)​ និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​។

ហេតុ​ផល​ទាំងនេះអាច​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​ខ្មែរដែល​នឹង​មានការ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​​​និង​បំផ្លាស់ទី​ឡើង​វិញ​ដែល​ទំនង​ជាពួកគេ​នឹង​​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅ​ឋាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​លម្ហែ​ខួរ​ក្បាល​ និង​ស្រូប​យក​ខ្យល់​អាកាស​។

ការ​ធ្វើ​ដំណើរ​កម្សាន្ត​យ៉ាង​គំហុកនេះ​ត្រូវ​បានគេ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ជា​ច្រើន​បាន​កក់បន្ទប់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ក្នុង​អំឡុង​ដំណើរ​កម្សាន្ត​របស់​ពួកគេ។​ ក្នុងន័យ​នេះមូល​ដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ស្នាក់​នៅ​គួរ​ត្រៀម​ខ្លួន​ឲ្យរួច​រាល់​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ក្នុង​អំឡុង​ពេលនេះ។

ទន្ទឹមនឹង​នេះការ​ដឹក​ជញ្ជូនភ្ញៀវ​ទេសចរនឹង​មាន​ភាព​មមាញឹក​ឡើង​វិញ​យ៉ាង​ឆាប់​រហ័សផង​ដែរ។ ថ្វី​ដ្បិត​​តែ​គ្រួសារ​ភាគ​ច្រើន​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ តែគេ​នៅតែជឿថា ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ជា​ក្រុម​ៗក៏​នឹង​មាន​តម្រូវការ​ខ្លាំងផង​ដែរ។

លោក​ ភិរម្យ ឲ្យ​ដឹងទៀត​ថា៖ «ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​អាកាសក្នុង​ស្រុក ​(ភ្នំពេញ-សៀមរាប-ព្រះ​សីហនុ​) ក៏​មាន​សកម្ម​ភាព​រស់​រវើកឡើង​វិញ​ ដែល​អ្នក​ដំណើរ​ភាគ​ច្រើន​ជា​អ្នក​ជំនួញ ថ្នាក់​ដឹក​នាំ​របស់ក្រសួង​ស្ថាប័នរដ្ឋ​ បុគ្គ​លិក​ក្រុមហ៊ុន​ និង​អង្គការ​ ព្រមទាំង​អ្នក​ទេសចរ​លំដាប់​លើ​មធ្យម។ មិន​តែ​ប៉ុណ្ណោះការ​ធ្វើ​ដំណើរ​តាម​ទូក​ទេសចរណ៍​និង​កប៉ាល់​ធំៗ​ ដើម្បី​ឆ្លង​ទៅ​តាម​កោះ​នានាតាម​តំបន់​សមុទ្រ​ក៏ត្រូវ​បាន​រំពឹងថា​នឹង​មាន​ភាព​មមាញឹក​ខ្លាំង​ផងដែរ​»។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​កំពតប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ថា រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​ភាគ​ច្រើន​ត្រូវ​បានបើក​ដំណើរ​ការឡើង​វិញ​តាម​ការ​ណែ​នាំ​របស់​រដ្ឋាភិបាល​ដោយ​បន្ត​ពង្រឹង​​វិធាន​សុវត្ថិភាព​តាម​ក្រសួង​សុខា​ភិបាល​។​ សក្តានុពល​ភូមិសាស្រ្ត​ជាប់​មាត់​សមុទ្រនិង​ភ្នំ​ជាច្រើន​នោះ​លោក​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ជាច្រើន​ទៅ​កម្សាន្ត​នៅ​ខេត្ត​កំពត។

លោក​ថ្លែងថា៖ «អាជ្ញាធរ​ខេត្ត​បាន​រៀប​ចំ​រួច​ហើយ​ទាំង​ទីតាំង និង​វិធានការការពារ​សម្រាប់​ទទួល​ភ្ញៀវ​មក​កម្សាន្ត​បន្ទាប់​ពី​រដ្ឋាភិបាលអនុញ្ញាត​ឲ្យ​រមណីយដ្ឋាន​បើក​ដំណើរការ​ឡើង​វិញ»។

លោក ភិរម្យ កត់​សម្គាល់ថា និន្នាការ​នៃការ​ធ្វើ​ដំណើរ​ជាក្រុមរបស់​យុវជន​ក៏​គេ​រំពឹង​ថា​នឹង​មាន​ចលនា​យ៉ាង​រស់​រវើក​ឡើង​វិញ​ដែល​ពួកគេ​នឹង​អាច​ដើរ​ព្រៃ​ បោះតង់​ និង​ការ​ជិះ​រថភ្លើង​ ជាដើម​។​ ការណ៍នេះ ប្រតិបត្តិករ​ទេសចរណ៍​ឬក៏​សមាគម​ការី​ទេសចរណ៍​គួរ​ត្រៀម​ឲ្យរួច​រាល់​នូវការ​រៀប​ចំ​កញ្ចប់ខ្សែ​​ទស្សនកិច្ច​ក្នុងស្រុក​ទៅ​តាម​គោល​ដៅទេសចរណ៍សំខាន់ៗ ព្រោះ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរជាតិ​នឹង​ងើប​ឡើងខ្លាំង​បន្ទាប់​ពី​ការ​ហាម​ឃាត់​ធ្វើ​ដំណើរក្នុង​មួយ​រយៈ​ពេល​ខ្លី​។​

ទោះជា​យ៉ាងណា តម្លៃនៃ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​នាពេល​ខ្លី​ខាងមុខនេះ​គួរ​ជា​តម្លៃ​ទាប​ ឬមធ្យមដោយសារ​ស្ថាន​ភាព​នៃ​ប្រាក់​ចំណូល​របស់​មនុស្ស​ម្នាក់ៗ​ទើប​បាន​ធូរ​ស្រាល​បន្តិច​បន្ទាប់ពី​វិបត្តិសុខ​ភាព​នេះ​។​

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍  ក្នុង​ឆ្នាំ ២០២០ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​កន្លែង​នានាក្នុង​ប្រទេស ​មាន​ចំនួន​សរុប ៧,២៣ លាន​នាក់ ធ្លាក់ចុះ ៣៦,១ ភាគរយ ពី​ចំនួន ១១,៣ លាន​នាក់ កាល​ពី​ឆ្នាំ ២០១៩៕