ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុគ្រោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរសម្រាប់ឆ្នាំ ២០២០ ដែលរងផលប៉ះពាល់ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ (EBA)» របស់សហភាពអឺរ៉ុប។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
បើយោងតាមប្រកាសស្តីពីវិធានការផ្នែកពន្ធដារដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រឈមលើសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ រដ្ឋាភិបាលបានសម្រេចធ្វើការអនុគ្រោះពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំនេះដល់សហគ្រាសវាយនភណ្ឌផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបយួរដៃ កាបូបដៃ និងមួកក្នុងរយៈពេល ៦ ខែសម្រាប់សហគ្រាសដែលរងផលប៉ះពាល់ក្នុងកម្រិតពី ២០ ភាគរយទៅ ៣៩ ភាគរយត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ៥០ ភាគរយនៃប្រាក់ពន្ធត្រូវបង់សរុប។
ប្រកាសដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តថា ចំណែកសហគ្រាសដែលរងផលប៉ះពាល់ពី ៤០ ភាគរយទៅ ១០០ ភាគរយត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល ១០០ ភាគរយនៃប្រាក់ពន្ធត្រូវបង់សរុប។
ប្រកាសដែលមាន ៧ ប្រការនេះបញ្ជាក់ថា មានវិសាលភាពអនុវត្តន៍ចំពោះសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរនៅកម្ពុជា។ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលនេះសហគ្រាសត្រូវដាក់ឯកសារបញ្ជាក់ពីទំហំផលប៉ះពាល់ជាក់ស្តែងពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងអំឡុងពេលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។
ការសម្រេចព្យួរ EBA ដោយគណៈកម្មការអឺរ៉ុបសម្រាប់ទំនិញនាំចូលទីផ្សារអឺរ៉ុប ១ ភាគ ៥ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ដែលមានទឹកប្រាក់សរុបប្រមាណជាង ១ ពាន់លានដុលា្លរក្នុង ១ ឆ្នាំ។
លោក កាំង ម៉ូនីកាអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរ (GMAC) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការលើកលែងពន្ធលើប្រាក់ចំណូលនេះហាក់មិនបានជួយសម្រាលបន្ទុកច្រើនប៉ុន្មានទេដល់វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា ស្របពេលអ្នកបញ្ជាទិញធំៗមួយចំនួនបានសម្រេចផ្អាកការបញ្ជាទិញពីកម្ពុជាដោយសារការរាលដាលជំងឺកូវីដ១៩។
លោកថ្លែងថា៖ «យើងមិនរំពឹងថា ឆ្នាំនេះសហគ្រាសវាយនភណ្ឌកាត់ដេរនៅកម្ពុជាទទួលបានប្រាក់ចំណេញទេ»។
លោកបន្តថា៖ «អ្វីដែលជាបញ្ហាប្រឈមធំរបស់រោងចក្រពេលនេះ និងពេលខ្លីខាងមុខគឺបញ្ហាលំហូរសាច់ប្រាក់ (Cash flow) ព្រោះយើងមិនអាចដឹកទំនិញទៅឲ្យអ្នកបញ្ជាទិញបាន យើងក៏អត់បានការទូទាត់សាច់ប្រាក់ដែរ ដូច្នេះរោងចក្រអត់មានលុយសម្រាប់បើកប្រាក់ខែឲ្យកម្មករនិយោជិតនោះទេ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានប្រាប់ថា វិធានការលើកលែងពន្ធលើប្រាក់ចំណេញនេះនឹងជួយប៉ះប៉ូវបានមួយផ្នែកដល់ឧស្សាហកម្មវាយនភណ្ឌកាត់ដេរនៅកម្ពុជា។ លោកបន្តថា ទោះបីយ៉ាងណាវិស័យនេះកំពុង និងកង្វះទីផ្សារដោយសារការផ្អាកពីអ្នកបញ្ជាទិញ។
លោកថ្លែងថា៖ «ខ្ញុំគិតថា បើមិនមានទីផ្សារលក់ទេ យើងមិនដឹងផលិតយកទៅណាទេ មិនយូរមិនឆាប់បញ្ហាអត់ការងារធ្វើនឹងកើតមាន»។
កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរមានតម្លៃ ១,២ ពាន់លានដុល្លារ កាលពីឆ្នាំមុនកើនឡើង ១០០ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានតម្លៃ ៦០០ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃចន្ទ។
បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាការនាំចេញផលិតផលរបស់កម្ពុជាមានតម្លៃ ១៤,៦៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ កើនឡើង ១២,៧ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ខណៈការនាំចូលមានតម្លៃ ២២,៣៤ ពាន់លានដុល្លារកើនឡើង ១៨,៦ ភាគរយ។
ផលិតផលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និងផលិតផលវាយនភណ្ឌផ្សេងទៀត ខណៈកម្ពុជានាំចូលមកវិញមានប្រេងឥន្ធនៈ រថយន្ត សម្ភារសំណង់ ភេសជ្ជៈ និងអាហារព្រមទាំងវត្ថុធាតុសម្រាប់បម្រើដល់វិស័យកម្មន្តសាលក្នុងស្រុកផងដែរ៕ LA