ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី​ ៤ ក្នុង​គោលបំណង​ដើម្បី​ធានា​នូវ​លំនឹង​សេដ្ឋកិច្ច និង​សង្គម​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​តំបន់​ព្រមទាំង​កម្ពុជា​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹងថា វិធានការ​នេះ​នឹង​ជួយ​រក្សា​លំនឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ឲ្យ​អាច​បន្ត​អាជីវកម្ម​ឆ្លង​ផុតពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩ និង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដែល​ពួកគេ​កំពុង​ប្រឈម ព្រមទាំង​ជា​ការចូលរួម​ចំណែក​បន្ធូរ​បន្ទុក​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​តាមរយៈ​កម្មវិធី​ជំនួយ​សង្គម​ (Social Assistance) ​ផងដែរ​។ វិធានការ​ជុំ​ទី​ ៤ នេះ​ក៏បាន​ផ្តោតលើ​ការជួយ​ស្តារ និង​ជំរុញ​លទ្ធភាព​អាជីវកម្ម និង​ធុរកិច្ច​ឲ្យ​ងើប​ឡើងវិញ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា រដ្ឋាភិបាល​សម្រេច​ធ្វើការ​បន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សម្រាប់​អ្នកផ្តល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក (Withholding Tax)​។ សម្រាប់​កម្ចី​ថ្មី រដ្ឋាភិបាល​សម្រេច​ទម្លាក់​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងពី​ប្រភព​ខាងក្រៅ និង​ខាងក្នុង​ស្រុក​មក​នៅត្រឹម ៥% (​ទាំង​ការខ្ចី​ពី​ប្រទេស​ដែលមាន​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយក​ពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការគេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ (DTA) និង​ការខ្ចី​ពី​ប្រទេស​ដែល​មិនមាន DTA) សម្រាប់​ឆ្នាំ​ ២០២០​។

ទម្លាក់​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទាំងពី​ប្រភព​ខាង​ក្រៅ និង​ខាង​ក្នុងស្រុក​មក​នៅត្រឹម ១០% (​ទាំង​ការខ្ចី​ពី​ប្រទេស​ដែល​មាន DTA និង​ការខ្ចី​ពី​ប្រទេស​ដែល​មិនមាន DTA) ​សម្រាប់​ឆ្នាំ​ ២០២១ និង​កែតម្រូវ​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទាំងពី​ប្រភព​ខាងក្រៅ និង​ខាង​ក្នុងស្រុក​ឲ្យ​ឡើងដល់​កម្រិត​ធម្មតា ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​វិញ​នៅ​ឆ្នាំ​ ២០២២​។

សម្រាប់​កម្ចី​ចាស់ រដ្ឋាភិបាល​សម្រេច​ទម្លាក់​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងពីរ​ប្រភព​ខាងក្រៅ និង​ខាង​ក្នុងស្រុក មក​នៅ​ត្រឹម ១០% (​ទាំង​ការខ្ចី​ពី​ប្រទេស​ដែល​មាន DTA និង​ការខ្ចី​ពី​ប្រទេស​ដែល​មិនមាន DTA)​ សម្រាប់​ឆ្នាំ​ ២០២០​។ កែតម្រូវ​អត្រាពន្ធ​កាត់​ទុក​លើ​កម្ចី​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទាំងពី​ប្រភព​ខាងក្រៅ និង​ខាង​ក្នុងស្រុក​ឲ្យ​ឡើង​ដល់​កម្រិត​ធម្មតា ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​វិញ​នៅ​ឆ្នាំ​ ២០២១​។

ចំពោះ​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​ទុន​បង្វិល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​បង្កើត «​មូលនិធិ​ធានា​ឥណទាន​» ជាមួយ​ថវិកា ២០០ ​លាន​ដុល្លារ​។ មូលនិធិ​នេះ​អាច​ធានា​ឥណទាន​កម្ចី​តាមរយៈ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោយ​ប្រើ​គោលការណ៍​ទីផ្សារ ដើម្បី​ជួយ​សម្រាល​សម្ពាធ​លំហូរ​សាច់ប្រាក់ និង​ទុន​បង្វិល​របស់​អាជីវកម្ម​ធុរកិច្ច​ក្នុង​គ្រប់​វិស័យ​បាន​យ៉ាងតិច​ចំនួន ២ ០០០ ​លាន​ដុល្លារ​អាមេរិក​។

ទន្ទឹមនឹងនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​នឹង​ត្រៀម​ថវិកា​សម្រាប់​ហិរញ្ញប្បទាន​បន្ថែមចំនួន ៣០០ ​លាន​ដុល្លារ​ដើម្បី​គាំទ្រ និង​ដើរតួ​ជា​កាតាលីករ​ជំរុញ​កំណើន​តាម​វិស័យ​សំខាន់ៗ​ក្នុង​អំឡុងពេល​វិបត្តិ និង​ក្រោយពេល​វិបត្តិ​។ លើសពីនេះ រដ្ឋាភិបាល​សម្រេច​ពង្រីក​វិសាលភាព​គ្របដណ្តប់ និង​ទំហំ​ថវិកា​សម្រាប់ «​កម្មវិធី​សាច់ប្រាក់​ពលកម្ម​» (Cash for work) នៅក្នុង​ឆ្នាំ​ ២០២០ ឲ្យ​ឡើងដល់ ១០០ ​លាន​ដុល្លារ ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ដែល​បាត់បង់​ការងារ​ពី​រោងចក្រ សហគ្រាស និង​ដែល​បាន​វិលត្រឡប់​មកពី​បរទេស​មក​ស្រុក​កំណើត​វិញ​ផង ព្រមទាំង​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាទូទៅ​ផង និង​ដើម្បី​បង្កើត​នូវ​សមិទ្ធផល​សង្គម​សេដ្ឋកិច្ច​តាមរយៈ​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​តូចៗ​នៅ​តាម​មូលដ្ឋាន​សំដៅ​លើកស្ទួយ​កសិកម្ម និង​សេដ្ឋកិច្ច​ផងដែរ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​កម្មវិធី​ចុះបញ្ជី​ផ្លូវការ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​កាលពី​ថ្ងៃ​ចន្ទ​ថា ទន្ទឹមនឹង​បង្កើន​ការចំណាយ​ទៅលើ​វិស័យ​សុខាភិបាល រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​បន្តបន្ទាប់ ដើម្បី​រក្សា​លំនឹង​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​ជួយ​សម្រាល​ជីវភាព​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​យើង​បាន​ដាក់​វិធានការ ៣ ​ជុំ​រួចមកហើយ ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ឯកជន ពិសេស​វិស័យ​សំខាន់ៗ​ដូចជា ទេសចរណ៍ អាកាសចរណ៍ និង​វិស័យ​កាត់ដេរ វាយនភណ្ឌ ព្រមទាំង​រក្សា​លំនឹង​ជីវភាព​កម្មករ-និយោជិត ដែល​បម្រើការ​ក្នុង​វិស័យ​ទាំងនេះ​ដែល​ទទួលរង​ប៉ះពាល់​ធ្ងន់ធ្ងរ​តាមរយៈ​ការលើក​ទឹកចិត្ត និង​ការអនុគ្រោះ​ផ្នែក​សារពើពន្ធ ការអនុញ្ញាត​មិន​ឲ្យ​បង់ប្រាក់​វិភាគទាន​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព និង​លើកលែង​អនុគ្រោះ​ឥណទាន​ជាដើម​»​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់ចេញ​កម្មវិធី​ជំនួយ​សង្គម​ដើម្បី​ជួយ​សម្រាល​ការលំបាក និង​រក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ​តាមរយៈ​ការអនុវត្ត​ផ្ទេរ​សាច់ប្រាក់​សម្រាប់​ក្រុមគ្រួសារ​ក្រីក្រ កម្មវិធី​សាច់ប្រាក់​ពលកម្ម ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​រយៈពេល​ខ្លី ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការបង្កើត​អាជីវកម្ម​ថ្មី និង​ឈាន​ទៅ​ចាប់​យក​ការងារ​អាជីវកម្ម​ថ្មី​នៃ​ហិរញ្ញប្បទាន​សម្រាប់​ទុន​បង្វិល ដើម្បី​បំពេញ​តម្រូវការ​រោងចក្រ សហគ្រាស​។

លោក​ថ្លែងថា​៖ «​ក្នុង​ស្មារតី​បុរេសកម្ម​ក្នុងទិសដៅ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​ក៏បាន​ត្រៀម​កញ្ចប់​ថវិកា​ដោយ​ផ្តោតលើ​ការពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច និង​បង្កើនល្បឿន​ពិពិធកម្ម​សេដ្ឋកិច្ច​»​។

លោក ហុង វណ្ណៈ អ្នកសិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​បាន​ឲ្យ​ដឹងថា វិធានការ​ជុំ​ទី​ ៤ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ឯកជន​ក្នុង​ការរក្សា​លំនឹង​អាជីវកម្ម​ក្នុង​អំឡុង​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ នេះ​។ លោក​និយាយ​ថា​៖ «​រាល់​វិធានការ​ទាំងអស់​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ ពិសេស​វិស័យ​ធុរកិច្ច ព្រោះ​ធុរជន​ទាំងអស់​កំពុង​ទន្ទឹង​រង់ចាំ​ការជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ក្នុងអំឡុង​ពេលនេះ ប៉ុន្តែ​បើ​កូវីដ​ ១៩ បន្ត​អូសបន្លាយ​យូរ រដ្ឋាភិបាល​ក៏​នឹងមាន​ផលវិបាក​ក្នុង​ការជួយ​ពួកគេ​ដែរ​»​។

ជាមួយ​នឹង​ការប្តេជ្ញា​បន្ត​អនុវត្ត​រាល់​កម្មវិធី​គាំពារ​សង្គម​ទាំងឡាយ​ដែលមាន​ស្រាប់ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ខែមិថុនា ឆ្នាំ​ ២០២០ នេះ​នូវ​កម្មវិធី​ជំនួយ​សង្គម​សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ ​១៩ នេះ​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​ដែល​មាន​បណ្ណសម​ធម៌ ដោយ​យកចិត្ត​ទុកដាក់​បន្ថែម​ដល់​កុមារ​អាយុ​ក្រោម ៥ ​ឆ្នាំ ជនពិការ ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ​ឆ្នាំ និង​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ​ផងដែរ​។

រាជរដ្ឋាភិបាល​នឹងដាក់​ឲ្យ​ដំណើរការ​ជា​ជំហាន​ទី​ ១ នូវ​ថ្នាល​ចុះបញ្ជី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ដើមខែ​មិថុនា ឆ្នាំ​ ២០២០ នេះ​ដើម្បី​សម្រួល និង​ជំរុញ​ដល់​ការចុះបញ្ជី​ក្រុមហ៊ុន​ជាទូទៅ និង​ជាពិសេស​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ដែល​មានបំណង​ចុះបញ្ជី ដើម្បី​ទទួល​បាន​កម្ចី​ពី​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​៕LA