ភ្នំពេញៈ ​កម្ពុជា​ផ្អាក​ការនាំ​ចូល​សាច់​បង្កក​ និង​មុខទំនិញ​បង្កក​ដែលមាន​ហានិភ័យ​ខ្ពស់​មួយចំនួន​ទៀត​ ដែល​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ជា​បណ្តោះអាសន្ន​រហូត​ដល់​មានការ​ជូនដំណឹង​ជាថ្មី​ ដើម្បី​បង្ហារ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​មួយ​នេះ ។

វិធានការ​នេះ​ត្រូវ​បាន​អនុវត្ត​កាលពី​ថ្ងៃទី ១ ខែ​ឧសភា ឆ្នាំ ២០២១ តទៅ រហូតដល់​មានការ​ណែនាំ​ជាថ្មី។

ដោយ​ស្ថានភាព​យ៉ាងធ្ងន់ធ្ងរ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ​បម្លែង​ថ្មី (B1617) ប្រភព​នៅ​ប្រទេស​ឥណ្ឌា​ និង​អនុលោម​តាម​ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ណែនាំ​ឲ្យ​អនុវត្ត​ជា​បណ្តោះអាសន្ន​លើ​ការនាំ​ចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែលមាន​ហានិភ័យ​ផ្សេងទៀត​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា។

នេះ​បើ​យោងតាម​លិខិត​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ​ និង​រដ្ឋករ​ចុះ​ថ្ងៃទី ១ ឧសភា​លិខិត​នេះ​ឲ្យ​ដឹង​ទៀត អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក៏​ព្យួរ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ចំពោះ​ប្រភេទ​ទំនិញ​ទាំងនោះ​ដែល​បាន​មក​ដល់​ទីលាន​គយ ឬ​សន្និធិ​គយ​នានា​រួចហើយ​ផង​ដែរ។

ការសម្រេច​ផ្អាក​នាំចូល​នេះ​ត្រូវបាន​ធ្វើឡើង​ បន្ទាប់ពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ៣០ មេសា។

ក្នុង​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹងថា ការឃាត់​ទំនិញ​ដែល​បាន​នាំចូល​រួចហើយ និង​ផ្អាក​ការនាំ​ចូល​ជា​បណ្តោះអាសន្ន​សាច់​បង្កក​គឺ​ស្របតាម​មាត្រា ២០ នៃ​កិច្ចព្រមព្រៀង​ទូទៅ​ស្តីពី​ពន្ធគយ និង​ពាណិជ្ជកម្ម​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​មាត្រា ១២ នៃ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​ទំនិញ​រវាង​អាស៊ាន-ឥណ្ឌា ដោយ​ឈរលើ​មូលដ្ឋាន​កិច្ចការពារ​សុខភាព​សាធារណៈ​ជាបន្ទាន់។

លិខិត​សំណើ​នេះ​បន្ថែម​ទៀតថា កម្ពុជា​ក៏​នឹង​ធ្វើការ​ស្រាវជ្រាវ និង​ធ្វើតេស្ត​រក​វីរុស​ផ្សេងៗ​ទៀត ពិសេស​វីរុស​កូរ៉ូណា​លើ​សាច់ និង​មុខទំនិញ​បង្កក​ដែលមាន​ហានិភ័យ​ខ្ពស់​ទាំងនេះ ដែល​កិច្ចការ​នេះ​នឹង​ស្នើសុំ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​ ដើម្បី​ស្វែងរក​ប្រភព និង​បញ្ជាក់​ពី​ការពាក់ព័ន្ធ​ដែលជា​អ្នកបម្រើ​ការផលិត វេចខ្ចប់ បង្កក និង​ដឹកជញ្ជូន​នូវ​ផលិតផល​ទាំងនេះ។

ក្នុងករណី​រកឃើញ​ថា ផលិតផល​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ និង​មាន​ផ្ទុក​វីរុស​កូវីដ១៩ កម្ពុជា​នឹង​អនុវត្ត​វិធានការ​ច្បាប់ រួមទាំង​កម្ទេច​ផលិតផល​សាច់​បង្កក និង​មុខទំនិញ​បង្កក​នាំចូល​ពី​ប្រទេស​ឥណ្ឌា ដូច្នេះ​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើការ​ពន្យល់​ទៅ​ភាគី​ឥណ្ឌា​តាម​ការទូត។

ទោះបី​យ៉ាងណា​រហូត​មកដល់​ពេលនេះ​ពុំទាន់​មាន​ការបញ្ជាក់​ណាមួយ ឬ​ឯកសារ​វិទ្យាសាស្ត្រ (Scientific Study) ណាមួយ​ពី​ស្ថាប័ន​អន្តរជាតិ ពិសេស​អង្គការ​សុខភាព​ពិភពលោក​ថា​មាន​ការឆ្លង​វីរុស​កូវីដ១៩​តាមរយៈ​ការវេចខ្ចប់ ឬ​សាច់​ស្រស់​នៅឡើយ​ទេ។

ទន្ទឹមនឹងនេះ អង្គការ​ស្បៀង​ និង​កសិកម្ម​សហប្រជាជាតិ (FAO) និង​រដ្ឋបាល​ចំណីអាហារ​ និង​ឱសថ​អាមេរិក (US FDA) ធ្លាប់​បាន​បញ្ជាក់ថា​គ្មាន​ទិន្នន័យ​ណា​បង្ហាញថា​ការឆ្លង​ជំងឺ​កូវីដ១៩​បណ្តាល​មកពី​សម្បក​វេចខ្ចប់ និង​សាច់​បង្កក​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​ប្រទេសមួយ​ចំនួន​រួមទាំង​ប្រទេស​ចិន​ធ្លាប់បាន​ចាត់វិធានការ​បង្ការ​ហានិភ័យ​តាមរយៈ​ការហាមឃាត់ និង​ដុត​កម្ទេចចោល​ផលិតផល​ដែល​មាន​ហានិភ័យ​ទាំងនេះ។ នេះ​បើតាម​លិខិត​សំណើ​របស់​លោករដ្ឋមន្ត្រី។

ដោយឡែក ការត្រួតពិនិត្យ និង​ធ្វើតេស្ត​ពិនិត្យ​រក​កូវីដ១៩​លើ​សាច់​បង្កក និង​មុខទំនិញ​ដែលមាន​ហានិភ័យ​ខ្ពស់​គឺជា​វិធានការ​ហានិភ័យ​នេះ​អាច​ត្រូវបាន​បកស្រាយ​ក្រោម​ក្របខ័ណ្ឌ​អនាម័យ​ និង​ភូតគាម​អនាម័យ​ក្នុង​ឧបសម្ព័ន្ធ «ក» នៃ​កិច្ចព្រមព្រៀង​ស្តីពី​អនាម័យ​ និង​ភូតគាម​អនាម័យ​នៃ​អង្គការ WTO ដែល​មាត្រា ៥ នៃ​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​មាន​ការបញ្ជាក់​ពី​ភាពចាំបាច់ និង​មូលហេតុ​នានា​ ដោយ​ផ្អែកលើ​ភ័ស្តុតាង​បែប​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​មុននឹង​ឈានដល់​ការប្រើប្រាស់​វិធានការ​អនាម័យ​ និង​ភូតគាម​អនាម័យ ដូច​កម្ពុជា​គម្រោង​នឹង​ចាត់ការ​នេះ៕