
ចំនួនភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាបបានធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសបន្ទាប់ពីការផ្ទុះវីរុស COVID-19។ ហ៊ឹន ពិសី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការលើកលែងពន្ធលើអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបរយៈពេល ៤ ខែ ដែលជាវិធានការបន្ទាន់មួយដើម្បីជួយទ្រទ្រង់ និងរក្សាលំនឹងដល់វិស័យទេសចរណ៍ដែលកំពុងធ្លាក់ចុះក្នុងខេត្តនេះ ដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19។
ថ្លែងក្នុងឱកាសនៃការបង្ហាញស្ថានការណ៍ចុងក្រោយនៅកម្ពុជានៅវិមានសន្តិភាពកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ដូចប្រទេសដទៃទៀតក្នុងតំបន់ដែរជំងឺបង្កឡើងដោយវីរុស COVID-19 ពិតជាកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដោយតាមការវាយតម្លៃបឋមគឺមានវិស័យ ២ កំពុងរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យទេសចរណ៍ និងកាត់ដេរ។
លោកបន្តថា វិស័យទេសចរណ៍នៅកម្ពុជាក្នុងពេលនេះកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងច្រើនពីការរីករាលដាលនៃវីរុសថ្មីនេះ ដោយសារតែអ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកម្សាន្ត និងការបិទជើងហោះហើរជាដើម។ លោកបានបន្តថា៖ «ក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជានឹងមិនឈរឱបដៃមើលសហគ្រាស និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ពីវិបត្តិទាំងអស់នេះទេ»។
លោកបន្តថា ដើម្បីចូលរួមចំណែកក្នុងការជួយដល់វិស័យសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាលបានសម្រេចមិនយកពន្ធចំនួន ៤ ខែគឺចាប់ពីខែកុម្ភៈដល់ឧសភាលើសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តសៀមរាបដោយបន្ទុកនៃការបង់ពន្ធត្រូវរដ្ឋជាអ្នកបង់ជំនួស។
លោកថ្លែងថា៖ «លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងខេត្តសៀមរាបសម្រាប់រយៈពេល ៤ ខែដោយចាប់ពីខែកុម្ភៈរហូតដល់ខែឧសភា ឆ្នាំ ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាជីវករលើតម្លៃបន្ថែមជារៀងរាល់ខែក្នុងរយៈពេលលើកលែងពន្ធនេះ»។
លោក ហ៊ុន សែន ក៏បានស្នើឲ្យអាជ្ញាធរក៏ដូចជាម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តសៀមរាបឲ្យចូលរួមក្នុងកិច្ចខិតខំដើម្បីបង្កើនភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបន្ថែមផងដែរ ដែលមានដូចជា ការបញ្ចុះតម្លៃស្នាក់នៅ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ការរក្សាតម្លៃសំបុត្រសម្រាប់ភ្ញៀវបរទេសនៅដដែល តែបន្ថែមចំនួនថ្ងៃចូលទស្សនាជាដើម។
បើតាមលោក ហ៊ុន សែន គិតចាប់ពីដើមខែកុម្ភៈរហូតមកដល់ពេលនេះចំនួនភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាបានធ្លាក់ចុះជាង ៦០ ភាគរយ ពិសេសភ្ញៀវជនជាតិចិនបានធ្លាក់ចុះរហូតដល់ ៩០ ភាគរយ។ ខេត្តសៀមរាបកំពុងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
លោក កន ចាន់សត្យា ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ Lynnaya Urban River Resort & Spa បាននិយាយថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយដល់វិស័យសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តសៀមរាបដែលកំពុងប្រឈមនឹងបាត់បង់ប្រាក់ចំណូល និងអាចឈានទៅដល់ការបញ្ឈប់ប្រតិបត្តិការ។
លោកបន្តថា គ្រប់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបសុទ្ធតែធ្លាក់ចុះចំនួនភ្ញៀវដូចគ្នា ជាពិសេសចាប់តាំងពីមានការផ្ទុះឡើងនៃវីរុស COVID-19 មក។ ជាក់ស្តែងសណ្ឋាគាររបស់លោកដែលកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានអត្រាភ្ញៀវស្នាក់នៅចន្លោះពី ៨០-៩០ ភាគរយនោះ ពេលនេះមានភ្ញៀវស្នាក់នៅប្រហែល ៥០ ភាគរយប៉ុណ្ណោះ ហើយបើតាមការព្យាកចំនួននេះនឹងបន្តធ្លាក់ថែមទៀត ខណៈភ្ញៀវដែលកក់រួចបានលុបចោលការកក់ជាបន្តបន្ទាប់។
លោកនិយាយថា៖ «ខ្ញុំពិតជារីករាយចំពោះព័ត៌មាននេះ ប៉ុន្តែការផ្តល់ការលើកលែងពន្ធត្រឹមរយៈពេល ៤ ខែនេះអាចមានរយៈពេលខ្លីបន្តិច ហេតុនេះប្រសិនបើរដ្ឋាភិបាលអាចបន្តការលើកលែងពន្ធនេះយ៉ាងហោចណាស់ដល់ខែតុលា ដែលជារដូវមានភ្ញៀវទេសចរកើនឡើងវិញនោះគឺជាការល្អប្រសើរណាស់»។
សណ្ឋាគារ និងផ្ទះសំណាក់ដែលមានអតិថិជនក្នុងតំបន់អាស៊ី ពិសេសប្រទេស ចិន និងកូរ៉េកំពុងមានផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមលោក ចាន់សត្យា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ថា ក្នុងនាមវិស័យទេសចរណ៍លោកស្រីស្វាគមន៍ចំពោះវិធានការរបស់រដ្ឋាភិបាល។ លោកស្រីថា៖ «ចំណាត់ការនេះនឹងរួមចំណែកក្នុងការជួយឲ្យសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តសៀមរាបអាចបន្តឈរបានបន្តទៀត ដោយពួកគេអាចគេចផុតពីការបាត់បង់ភ្ញៀវផង និងត្រូវចំណាយទៅលើការបង់ពន្ធដារផង»។
ទោះយ៉ាងណាលោកស្រីបានប្រាប់ថា ការផ្តល់ការលើកលែងបង់ពន្ធនេះអាចមានរយៈពេលខ្លីពេក ព្រោះដើម្បីបង្កើនការទាក់ទាញវិស័យទេសចរណ៍ គេត្រូវធ្វើកិច្ចការជាច្រើនដែលមានដូចជាការផ្សព្វផ្សាយ និងការរៀបចំយុទ្ធសាស្ត្រថ្មីបន្ថែម៕ LA
វីដេអូ៖