ភ្នំពេញៈ រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​លើកលែង​ការបង់ពន្ធ​អប្បបរមា​ដល់​វិស័យ​អាកាសចរណ៍​ និង​ការបង់ពន្ធ​គ្រប់​ប្រភេទ​ដល់​ប្រតិបត្តិករ​ក្នុង​វិស័យ​ទេសចរណ៍​រយៈពេល​ ២ ​ខែ​បន្ថែមទៀត ខណៈ​ដែល​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា រដ្ឋាភិបាល​គ្រោង​បញ្ចេញ​ទឹកប្រាក់​សរុប​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ដើម្បី​ស្តារ​ និង​ជំរុញ​សកម្មភាព​ធុរកិច្ច​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា វិធានការ​ជុំ​ទី​ ៥ ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ស្តារ​ និង​ជំរុញ​លទ្ធភាព​អាជីវកម្ម​ធុរកិច្ច​ឲ្យ​ងើប​ឡើងវិញ​នៅក្នុង​វិស័យ​កាត់ដេរ​វាយនភណ្ឌ ទេសចរណ៍ និង​អាកាសចរណ៍​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការរាតត្បាត​​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ការលើកលែង​ការបង់ពន្ធ​អប្បបរមា​នេះ​នឹង​អនុវត្ត​ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ឆ្នាំ​ ២០២០ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​។ រីឯ​ការលើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ក៏ត្រូវ​អនុវត្ត​រយៈពេល​ ២ ​ខែ​ដូចគ្នា​ សម្រាប់​ប្រតិបត្តិករ​ក្នុង​វិស័យ​ទេសចរណ៍ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារ​ទេសចរ​ដែល​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋាភិបាល​បាន​គ្រោង​នឹង​បញ្ចេញ​ទឹកប្រាក់​សរុប ១ ១៦៤ ​ដុល្លារ ដើម្បី​ជួយ​ស្តារ និង​ជំរុញ​អាជីវកម្ម​ធុរកិច្ច​ឲ្យ​ងើប​ឡើងវិញ​ក្នុង​អំឡុងពេល និង​ក្រោយពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

លោក​អះអាង​ថា ក្នុង​កញ្ចប់​ថវិកា​នោះ​ថវិកា​ ៥០០ ​លាន​ដុល្លារ​ សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ទឹកប្រាក់ ៣០០ ​លាន​ដុល្លារ សម្រាប់​ផ្តល់​ហិរញ្ញប្បទាន និង​ ២០០ ​លាន​ដុល្លារ​ទៀត​ សម្រាប់​គម្រោង​ធានា​ឥណទាន រួមទាំង​កញ្ចប់​នៃ​ការចំណាយ​មួយចំនួន​ទៀត​។

លោក​បាន​ឲ្យ​ដឹងថា ជាក់ស្តែង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME Bank) និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​បញ្ចេញ​ឥណទាន​ប្រមាណ ៣០ លាន​ដុល្លារ​រួចទៅហើយ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​គិត​ត្រឹម​ចុង​ខែ​កក្កដា ។

លោក​ថ្លែងថា​៖ «​ប្រសិន​បើ​ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួល​បាន​កម្ចី​កាន់តែច្រើន ប្រាកដ​ណាស់ វា​ជួយ​ឲ្យ​ពួកគាត់​រក្សា​នូវ​អាជីវកម្ម​របស់គាត់​ឲ្យ​មាន ជីវិត​បន្តទៀត និង​រក្សា​ការងារ​ដល់​កម្មករនិយោជិត​ក្នុង​សហគ្រាស​ទាំងនេះ​។ ខ្ញុំ​គិតថា យើង​កំពុង​ដើរ​លើផ្លូវ​ដ៏ត្រឹមត្រូវ​ចំពោះ​សហគ្រាស​ទាំងនេះ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ម្ចាស់​អាជីវកម្ម​ទាំងអស់​សប្បាយចិត្ត​ដែល​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល ប្រសិន​បើ​ក្នុង​រយៈពេល​ ២ ​ទៅ​ ៣ ​ខែ​ខាងមុខនេះ ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ភាពល្អ​ប្រសើរឡើង​វិញ យើង​នឹង​បន្ត​គិតគូរ​រក​វិធានការ​ថ្មី​ទៀត​ជួយ​ពួកគាត់​»​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ប្រាប់​ភ្នំពេញប៉ុស្តិ៍​កន្លងមក​ថា ការលើកលែង​ការបង់ពន្ធ​អប្បបរមា​ ១០ ​ភាគរយ​នឹង​ជួយ​សម្រាល​បន្ទុក​មួយ​ផ្នែក​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​នេះ​។

សេចក្តីប្រកាស​ព័ត៌មាន​ថ្មី​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ​ដុល្លារ​ក្នុង​ ១ ​នាក់​សម្រាប់​រយៈពេល​ ២ ​ខែ​បន្តទៀត​រហូតដល់​ដំណាច់​ខែកញ្ញា ដល់​កម្មករនិយោជិត​ដែល​ត្រូវបាន​ព្យួរការងារ​នៅតាម​រោងចក្រ​សហគ្រាស និង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ (Formal Sector) និង​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ​ចំនួន​ ២ ​ខែ​ទៀត​ផងដែរ​៕ LA