ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​ជាមួយ​វិធានការ ៦ ចំណុច​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ដាក់ចេញ​កាលពី​ពេលថ្មីៗ​នេះ និង​បាន​ស្នើសុំ​ឲ្យ​មាន​ការរៀបចំ​ឥណទាន​ឡើងវិញ​បន្ថែមទៀត​ដល់​អ្នក​រង​ផលប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

ការថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើឡើង​ក្នុង​សេចក្តី​ថ្លែង​សារ​ពិសេស​ស្តីពី​ស្ថានភាព​ជំងឺ​កូវីដ១៩​នៅ​ថ្ងៃទី ១០ មេសា​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​មីក្រូហិរញ្ញវត្ថុ និង​សមាគម​ធនាគារ​កម្ពុជា​កាលពី​ថ្ងៃ​ទី ៧ ខែ​មេសា​ដោយបាន​ដាក់ចេញ​នូវ​វិធានការ ៦ ចំណុច​ក្នុង​ការរៀបចំ​ឥណទាន​ឡើងវិញ​សម្រាល់​បន្ទុក​ដល់​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ និង​កំពុង​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​លោក​ស្នើសុំ​បន្ថែម​ដោយ​លើកលែង​ការផាកពិន័យ និង​លើកលែង​ការបង់​ការប្រាក់​យ៉ាងតិច​ឲ្យ​បាន ២ ខែ​ទៀត​ពី​វិធានការ​បច្ចុប្បន្ន។

លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំ​សុំ​ស្នើ​ក្នុង​ការផ្តល់​វិសាលភាព​ដល់​កម្មករ​រោងចក្រ​បាត់បង់​ការងារ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ បើសិន​គ្រួសារ​កម្មករ​ជាប់បំណុល​គួរ​អនុគ្រោះ​ឲ្យ​គាត់ គ្រាន់តែ​រោងចក្រ​មួយ​មាន​កម្មករ ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​ជាង ៦០០ នាក់​សូម​អធ្យាស្រ័យ​បាន​ទៅដល់​ក្រុមគ្រួសារ​គាត់ ខ្ញុំ​សូម​សិក្សា​ពី​បញ្ហា​នេះ ដូច្នេះ​ពួកគាត់​គួរ​ត្រូវបាន​ផ្អាក​ការសង និង​ការផាកពិន័យ​ដោយ​រៀបចំ​ឥណទាន​ឡើងវិញ​ត្រូវ​រៀបចំ​ជាក់ស្តែង»។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​មាន​ការរៀបចំ​ហិរញ្ញប្បទាន​ពិសេស ឬ​បន្ថែម ព្រម​ទាំង​ធ្វើការ​បញ្ចុះ​អត្រា​ការប្រាក់​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់។

លោក​ឲ្យ​ដឹង​ទៀតថា៖ «រៀបចំ​បញ្ចេញ​ឥណទាន​សង្គ្រោះបន្ទាន់​ ឬ​បន្ថែម​ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​បន្ត​ និង​ស្តារឡើងវិញ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន​ និង​ក្រោយពេល​មាន​វិបត្តិ។ ខ្ញុំ​សូម​ឲ្យ​សមាគម​ធនាគារ និង​ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​គ្រឹះស្ថាន​ធនាគារ​ទាំងអស់»។

វិធានការ​ទាំងនោះ​ទាំង ៦ ចំនុច​ដែល​បាន​ដាក់ចេញ​រួមគ្នា​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA)រួមមាន៖ ទី ១ សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ លើកលែង​ការបង់​ការប្រាក់ និង​រាល់​ការផាកពិន័យ​ទាំងអស់​រយៈពេល​យ៉ាងតិច ១ ខែ​ព្រមទាំង​ទទួល​បាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (បើ​អតិថិជន​យល់ព្រម) រួមទាំង​ការពន្យារ​ការបង់ប្រាក់​ដើម​រយៈពេល ៣ ខែ។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូវីដ ១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូវីដ ១៩ ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច, ទី២. សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក​ផ្តល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (បើ​អតិថិជន​យល់ព្រម) រួមទាំង​ពន្យារ​ការបង់​ទាំង​ប្រាក់​ដើម និង​ការប្រាក់​រយៈពេល ១ ខែ និង​លើកលែង​ការផាកពិន័យ​ទាំងអស់, ទី ៣. បន្ត​ធ្វើការ​ផ្តល់​ជូន​ការរៀបចំ​ឥណទាន​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ១។ ទី ៤. បញ្ចេញ​ឥណទាន​សង្គ្រោះបន្ទាន់ ឬ​បន្ថែម ដោយ​បន្ធូរបន្ថយ លក្ខខណ្ឌ​ព្រមទាំង​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជួយ​បន្ត និង​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយពេល​មាន​វិបត្តិ។ ទី ៥. ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ ព្រមទាំង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទី ១ សម្រាប់​រស់នៅ និង​ទី ៦. ផ្តល់នូវ​ការអនុគ្រោះ​សម្រាប់​អតិថិជន​ដែល​ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយ៕