ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីធ្វើការយោគយល់ក្នុងការរៀបចំឥណទានឡើងវិញ បន្ធូរបន្ថយអត្រាការប្រាក់ ឬពន្យារពេលសងដល់អតិថិជនខ្លួនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ដែលលោក ហ៊ុន សែន អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ការស្នើសុំនេះគឺជាលើកទី ២ ហើយដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើការយោគយល់ដល់អតិថិជនខ្លួន បន្ទាប់ពីការអំពាវនាវអំពីផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដល់ចំណូលរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងបន្តទៀតថា៖ «ឥឡូវនេះខ្ញុំក៏សូមអំពាវនាវទៅកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការយោគយល់ចំពោះអ្នកដែលលិចលង់នៅគ្រប់ទីកន្លែងទាំងអស់ដែលមានការលិចលង់ពិតប្រាកដឲ្យមានការបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់រហូតទៅដល់ការបន្ថយអត្រាការប្រាក់នៅក្នុងរយៈពេលនៃការលំបាក ដែលខ្ញុំគិតថាទាំងធនាគារធំៗ និងសំខាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗធ្វើការយោគយល់អំពីបញ្ហានេះ ព្រោះរឿងនេះវាជារឿងដែលបានកើតឡើង ហើយផ្តល់ការឈឺចាប់រួចរាល់ទៅហើយសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
ធនាគារជាតិនៃកម្ពុជាកាលពីម្សិលមិញក៏បានស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តកិច្ចសហការ និងអនុគ្រោះដល់អ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ បន្ទាប់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បានចូលរួមសហការអនុវត្តយ៉ាងល្អក្នុងការផ្តល់ភាពអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាកម្មនានាពាក់ព័ន្ធនឹងឥណទាន ការរៀបចំឥណទានឡើងវិញ ការមិនពិន័យ និងរឹបអូសទ្រព្យបញ្ចាំក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ធនាគាររបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកជួយដល់អតិថិជនខ្លួនដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងនាពេលថ្មីៗនេះ។ លោកថា ធនាគាររបស់លោកបានរៀបចំ និងអនុវត្តនូវយុទ្ធសាស្ត្រទឹកជំនន់នេះជាង ២១ ឆ្នាំមកហើយ។
លោកថ្លែងថា៖ «ធនាគារបស់យើងយល់ស្របជាមួយនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើករណីគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងនេះ។ ធនាគារយើងនៅក្នុងផែនទីឥណទាន (Credit Mapping) គឺយើងផ្តល់ឥណទានទៅតាមផែនទីនេះ ហើយយើងតែងតែត្រៀមជារៀងរាល់ឆ្នាំ ដូច្នេះហើយការធ្វើឥណទានត្រូវយល់អំពីទីតាំងភូមិសាស្ត្រ រដូវកាល និងអាកាសធាតុ ហើយយើងមិនអាចទៅគាបសង្កត់ដល់អតិថិជនណាដែលរងផលប៉ះពាល់នោះទេ»។
គិតត្រឹមដំណាច់ខែកញ្ញាធនាគារអេស៊ីលីដាបានបញ្ចេញឥទានសរុបចំនួន ៣ ៩៧០ លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានសរុបចំនួន ៤១៣ ៦១៣ នាក់។
លោក សាយ សូនី នាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានថ្លែងមកកាន់ភ្នំពេញ-ប៉ុស្តិ៍ថា ភាគច្រើនអតិថិជនរបស់លោកដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង គឺនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ លោកថា រាល់អតិថិជនដែលរងផលប៉ះពាល់នឹងទទួលបានការអនុគ្រោះ។
លោកបានថ្លែងថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅតែបន្តការផ្តល់ឥណទានជូនអតិថិជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង ប្រសិនបើពួកគាត់ត្រូវការប្រាក់ដើម្បីចាប់ផ្តើមបើកមុខរបរឡើងវិញ។ ប្រសិនបើពួកគាត់មានផលលំបាកក្នុងអំឡុងពេលនេះ ពួកគាត់អាចមកជួបពិភាក្សាជាមួយបុគ្គលិករបស់យើងដើម្បីស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះទាំងអស់គ្នា»។
គិតត្រឹមដំណាច់ខែកញ្ញានេះ ប្រាសាក់បានបញ្ចេញឥណទានសរុបចំនួន ២,៨៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកកើន ១៤,៤៣ ភាគរយ ធៀបនឹងដំណាច់ឆ្នាំមុន និងមានអតិថិជនឥណទានសរុបចំនួន ៤៣៧ ០០០ នាក់។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ចំនួន ១០៤ ៣៤៨ គ្រួសារ ឬ ៤១០ ៧៨២ នាក់ នៅខេត្តចំនួន ១៩។ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវជិត ១៧០ ០០០ ហិកតាក្នុងចំណោមនោះ ៣២ ៣៨២ ហិកតាត្រូវបានបំផ្លាញ។
ដំណាំស្រូវជាង ៧៣ ០០០ ហិកតា ត្រូវខូចខាត ក្នុងនោះចំនួន ៣៨ ០០០ ហិកតា ត្រូវបានបំផ្លាញទាំងស្រុង។ ផ្លូវជាតិ និងផ្លូវតាមខេត្តជាង ៣៤៤ គីឡូម៉ែត្រ និងផ្លូវតាមជនបទជិត ១ ៥០០ គីឡូម៉ែត្រត្រូវរងផលប៉ះពាល់៕LA
វីដេអូ៖