The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ស្រី​លង្កា​ ជួប​ការ​លំបាក​​ក្នុង​ការ​ សង​បំណុល​​បរទេស

រដ្ឋាភិបាល​ស្រី​លង្កា​ ជួប​ការ​លំបាក​​ក្នុង​ការ​ សង​បំណុល​​បរទេស

Content image - Phnom Penh Post
នាយក​រដ្ឋមន្ដ្រី​​​​ស្រីលង្កា លោក Ranil Wickremesinghe។ AFP

រដ្ឋាភិបាល​ស្រី​លង្កា​ ជួប​ការ​លំបាក​​ក្នុង​ការ​ សង​បំណុល​​បរទេស

ក្រុង​កូឡុំបូៈ នាយក​រដ្ឋមន្ដ្រី​​​​ស្រីលង្កា​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​នេះ​កំពុង​ជម្នះ​​​​ក្នុង​ការ​សង​បំណុល​បរទេស​ដែល​មាន​បរិមាណ​ដ៏​​ច្រើន​របស់​ខ្លួន ដោយ​ស្ដី​បន្ទោស​​​​វិបត្តិ​​នយោបាយ​​ថ្មី​ៗ​នេះ​ថា​ ជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​សេដ្ឋកិច្ច។​

លោក Ranil Wickremesinghe ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​​ប្រញាប់​​រក​ប្រាក់​ចំនួន ១,៩ ពាន់​​លាន​ដុល្លារ​ ដើម្បី​​ទូទាត់​បំណុល​ដំបូង​ចំនួន ២,​៦ ពាន់​លាន​ដុល្លារ ដែល​នឹង​ដល់​ថ្ងៃ​សង​នៅ​ថ្ងៃ​ចន្ទ​​ខាង​មុខ។​

ស្រី​លង្កា ប្រឈម​នឹង​ការ​សង​បំណុល​​បរទេស ៥,៩​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ជា​កម្រិត​ខ្ពស់​បំផុត​សម្រាប់​​ប្រទេស​ដែល​ខ្វះ​សាច់​ប្រាក់​នេះ​។​

ប្រទេស​នេះ​បាត់​បង់​ទុន​បម្រុង​រូបិយ​​ប័ណ្ណ​បរទេស ១ ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​ពេល​​នៃ​ការ​ដណ្ដើម​អំណាច​គ្នា​របស់​លោក Wickremesinghe និង​​ប្រធានាធិបតី Maithripala Sirisena កាល​ពី​ចុង​ឆ្នាំ ២០១៨​។​

លោក​ Sirisena បណ្ដេញ​លោក Wickremesinghe ចេញ​ពី​តំណែង​​កាល​ពី​ខែ​តុលា ហើយ​ក្រោយ​មក​បាន​រំលាយ​សភា​ ដើម្បី​បង្ក្រាប​ការ​ប្រឆាំង ប៉ុន្តែ​​តុលាការ​របស់​ស្រីលង្កា បាន​ចាត់​ទុក​​​វិធានការ​នេះ​ថា​​ អធម្មនុញ្ញ​ភាព​។​

លោក Wickremesinghe ត្រូវ​បាន​​តែងតាំង​​តំណែង​ជា​ថ្មី​ ៥១ ថ្ងៃ​ក្រោយ​មក ប៉ុន្តែ​មិន​មែន​ថា​ គ្មាន​ការ​ខាតបង់​នោះ​ទេ។ នេះ​បើ​យោង​តាម​លោក​នាយក​រដ្ឋមន្ដ្រី​​រូប​នេះ។​​

លោក​ Wickremesinghe បាន​ប្រាប់​សភា​ថា​៖ «យើង​មិន​ទាន់​កំណត់​ចំនួន​ការ​ខាត​បង់​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​បាន​ប៉ះ​ពាល់​ដល់​​សេដ្ឋកិច្ច​ដែល​កំពុង​ជម្នះ​​ស្ទុះ​ងើប​ឡើងវិញ​»​។​

ទី​ភ្នាក់ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ចំណូល​ពិភព​លោក​ចំនួន ៣ បាន​ទម្លាក់​​ចំណាត់​ថ្នាក់​បំណុល​របស់​ប្រទេស​ ស្រីលង្កា ​ក្នុង​អំឡុង​វិបត្តិ​នេះ ដែល​ធ្វើ​ឲ្យ​​ប្រទេស​នេះ​ខាតបង់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដោយ​សារ​ការ​ចំណាយ​កាន់​តែ​ខ្ពស់​​ក្នុង​ការ​ទទួល​បាន​កម្ចី​បរទេស​។​

ស្រីលង្កា​សង្ឃឹម​ថា នឹង​ប្រមូល​ប្រាក់​បាន ១ ពាន់​លាន​ដុល្លារ​ពី​ទីផ្សារ​បំណុល​អន្តរជាតិ ៥០០ លាន​ដុល្លារ​ផ្សេង​ទៀត​ពី​ប្រទេស ចិន និង​ជប៉ុន និង​ ៤០០ លាន​ដុល្លារ​​បន្ថែម​ទៀត​​ពី​ធនាគារ​កណ្ដាល​របស់​​ឥណ្ឌា​។​

លោក Wickremesinghe បាន​បញ្ជូន​រដ្ឋ​មន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​លោក​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន ដើម្បី​​ព្យាយាម​​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​​កិច្ច​ព្រមព្រៀង​កម្ចី​មួយ​ជា​មួយ​មូលនិធិ​រូបិយ​វត្ថុ​​អន្តរជាតិ ដែល​ត្រូវ​បាន​ផ្អាក​ក្នុង​អំឡុង​ការ​ចលាចល​៕​ AFP/LA

អត្ថបទគួរចាប់អារម្មណ៍