ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកដៃគូឯកជនដើម្បីវិនិយោគលើរោងចក្រផលិតថាមពលដោយកាកសំណល់សំរាមដោយបានចាត់តាំងក្រសួងរ៉ែ និងថាមពលដើម្បីឲ្យធ្វើកិច្ចការនេះ។
រដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយប្រគល់ភារកិច្ចនេះទៅឲ្យក្រសួងរ៉ែ និងថាមពលស្វែងរកការវិនិយោគបង្កើតរោងចក្រអគ្គិសនីដោយការដុតសំរាមនៅទីលានជាក់សំរាម ខណៈទីក្រុងភ្នំពេញនាពេលនេះកំពុងប្រឈមនឹងបញ្ហានៃការកើនឡើងសំរាមរហូតដល់ជាង ៣ ០០០ តោនក្នុង ១ ថ្ងៃ។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា បន្ទាប់ពីសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពលបាននិងកំពុងសិក្សា និងរៀបចំនីតិវិធីមួយចំនួនសម្រាប់ក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃ។
លោកបន្តថា កន្លងមកក្រសួងរ៉ែ និងថាមពលធ្លាប់បានចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគបរទេសចំនួន ៥ ទៅ ៦ ក្រុមហ៊ុន ដើម្បីធ្វើការសិក្សាលើការសាងសង់រោងចក្រផលិតអគ្គិសនីពីការដុតសំរាមនេះដែរ ប៉ុន្តែបន្ទាប់ពីការសិក្សារួចមកមានតែក្រុមហ៊ុន ២ ប៉ុណ្ណោះដែលបានផ្ញើឯកសារមកឲ្យក្រសួងពិនិត្យ ខណៈតម្លៃអគ្គិសនីដែលផលិតបានពីការដុតសំរាមខ្ពស់គឺជាឧបសគ្គចម្បង។
លោកបានថ្លែងថា៖ «បញ្ហានៅពេលនោះគឺវាមានតម្លៃខ្ពស់ ដែលមិនអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា (EDC) ទទួលយកបានឡើយ»។
បើតាមលោក ហ្សូនា តម្លៃអគ្គិសនីពីរោងចក្រដុតសំរាមដែលក្រុមហ៊ុនបានសិក្សាកន្លងមកគឺស្ថិតក្នុងរង្វង់ពី ១៤-១៥ សេនក្នុង ១ គីឡូវ៉ាត់ម៉ោង។
ទោះបីជាយ៉ាងនេះក្តី ការផលិតអគ្គិសនីពីសំរាមចាំបាច់ត្រូវតែធ្វើ។ លោកថ្លែងថា៖ «វាទាមទារឲ្យមានការដេញថ្លៃជ្រើសរើសក្រុមហ៊ុនណាមួយដើម្បីបំប្លែងសំរាមឲ្យទៅជាអគ្គិសនី ព្រោះបើយើងទុកវាចោល យើងនឹងអស់កន្លែងស្តុកសំរាម»។
រដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនបានសម្រេចដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៊ីនទ្រីមកគ្រប់គ្រងជាបណ្តោះអាសន្នមួយរយៈសិនមុននឹងស្វែងរកក្រុមហ៊ុនថ្មីយ៉ាងតិចចំនួន ៤ មកឲ្យគ្រប់គ្រង បន្ទាប់ពីមើលឃើញពីបញ្ហានៃការគ្រប់គ្រងរបស់ក្រុមហ៊ុន ស៊ីនទ្រី។
អ្នកប្រឹក្សាយោបល់ផ្នែកអភិបាលកិច្ចធនធានធម្មជាតិលោក ហែម ឧត្តម បានស្វាគមន៍ចំពោះការវិនិយោគលើការផលិតថាមពលអគ្គិសនីពីការដុតសំរាម ព្រោះថាមពលនេះត្រូវបានគេចាត់បញ្ចូលក្នុងប្រភេទជីវម៉ាស ឬថាមពលកកើតឡើងវិញ ដែលការវិនិយោគបែបនេះមិនត្រឹមតែជួយដោះស្រាយការគ្រប់គ្រងសំរាមទេ ថែមទាំងអាចកាត់បន្ថយការបំពុលបរិយាកាសបានទៀតផង៕LA