ភ្នំពេញ: គណៈរដ្ឋមន្ត្រី និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​ទំហំ​ទឹកប្រាក់​ជិត​ ១ ២០០ ​លាន​ដុល្លារ សម្រាប់​គម្រោង​វារីអគ្គិសនី​តាតៃលើ ខ្សែ​បញ្ជូន និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៣ តុលា បាន​ឱ្យ​ដឹងថា គណៈរដ្ឋមន្ត្រី​បាន​ឯកភាព​លើ​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ដែល​មាន​អានុភាព ១៥០ ​មេហ្គាវ៉ាត់​ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។

គម្រោង​វិនិយោគ​នេះ​នឹង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) របស់​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​ក្នុងតម្លៃ​ជាង ៣៨៩ ​លាន​ដុល្លារ​។

គណៈរដ្ឋមន្ត្រី​ឲ្យ​ដឹង​បន្តថា​៖ «​គម្រោង​នេះ​នឹងត្រូវ​ធ្វើឡើង​ក្រោម​រូបភាព​ជា​គម្រោង​វិនិយោគ​សាងសង់​ដំណើរការ​ផ្ទេរ​ (Build-Operation-Transfer) ដែល​ទទួលបាន​សម្បទាន​រយៈពេល ៣៩ ​ឆ្នាំ​ក្នុង​នោះ​ ៤ ឆ្នាំ​សម្រាប់​ការសាងសង់​និង ៣៥ ​ឆ្នាំ​សម្រាប់​ការធ្វើ​អាជីវកម្ម​»​។

គណៈរដ្ឋមន្ត្រី​ក៏បាន​អនុម័ត​គម្រោង​សាងសង់​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​ ៥០០ ​គីឡូវ៉ុល​ ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា-ឡាវ​ មាន​ប្រវែង ១៩៩,៥២ គីឡូម៉ែត្រ​ដោយ​ចំណាយ​វិនិយោគ​ក្នុង​តម្លៃ​ជាង ៣៣០ ​លាន​ដុល្លារ​ ដោយ​រយៈពេល​សម្បទាន​សរុប ២៨ ឆ្នាំ ក្នុង​នោះ ៣ ​ឆ្នាំ​ជា​រយៈពេល​សាងសង់​។

គណៈរដ្ឋមន្ត្រី​ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ៥០០ ​គីឡូវ៉ុល​ប្រវែង​ ១០៧ ​គីឡូម៉ែត​ ពី​ខេត្តបាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា-ថៃ​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ជិត ១១១ ​លាន​ដុល្លារ​ ដែល​សម្បទាន​រយៈពេល ៣៩ ​ឆ្នាំ​ក្នុង​នោះ​ ៤ ​ឆ្នាំ​សម្រាប់​ការសាងសង់ និង ៣៥ ​ឆ្នាំ​សម្រាប់​ការធ្វើ​អាជីវកម្ម​។

ក្រុមហ៊ុន SchneiTec Co., Ltd ​នឹង​វិនិយោគ​លើ​គម្រោង​ខ្សែ​បញ្ជូន​ទាំង​ ២ ​នេះ ក្រោម​រូបភាព​វិនិយោគ​សាងសង់​ដំណើរការ​ផ្ទេរ (Build-Operation-Transfer)​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឱ្យ​ដឹងថា តាមរយៈ​គម្រោង​ទាំងនេះ​រដ្ឋាភិបាល​នឹង​ទទួលបាន​ចំណូល​ពន្ធ​ និង​អាករ​លើ​តម្លៃបន្ថែម​ជាង​ ៣៤០ ​លាន​ដុល្លារ ដោយ​ជិត​ ២០០ ​លាន​ដុល្លារ​បាន​ពី​ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​កាត់​ទុក​លើ​ចំណាយ​ការប្រាក់ និង​ពន្ធ​កាត់​ទុក​លើ​ការបែងចែក​ភាគលាភ​ក្នុង​រយៈពេល​សម្បទាន ៣៩ ​ឆ្នាំ និង​ជិត​ ១៤៤ ​លាន​ដុល្លារ​បាន​ពី​ពន្ធ​លើ​អាករ​លើ​តម្លៃបន្ថែម​ (VAT) ​សរុប​ជាង ១៤៤ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៣៥ ​ឆ្នាំ​នៃ​អាណត្តិ​ប្រតិបត្តិការ​អាជីវកម្ម​ដែល​ប្រាក់ចំណូល​ពន្ធ​ខាងលើ​នេះ​ពុំទាន់​គិត​បញ្ចូល​ចំណូល​ពន្ធ​មួយចំនួន​ទៀត​ដូចជា ពន្ធ​លើ​ប្រាក់បៀវត្សរ៍ ពន្ធ​កាត់​ទុក​លើ​ការជួល​នានា និង​ពន្ធ​ដោយ​ប្រយោល​ដទៃទៀត​។

បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​គឺជា​មធ្យម ៥២៧ ​លាន​គីឡូវ៉ាត់ម៉ោង ហើយ​លក់​ក្នុង​តម្លៃ​ ៧,៩២ ​សេន​ដុល្លារ​ក្នុង ១ គីឡូវ៉ាត់ម៉ោង​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះដែរ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន Oddormeanchey Power Industrial Co.​លើ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម អានុភាព​ ២៦៥ មេហ្គាវ៉ាត់​ស្ថិត​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ជាមួយ​ទុនវិនិយោគ ២៩៤,៣ លាន​ដុល្លារ​។

CDC ក៏បាន​ចុះបញ្ជី​ឱ្យ ODM Power Line Company Co. វិនិយោគ​ជាង​ ៦១ ​លាន​ដុល្លារ​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ ២៣០ ​គីឡូវ៉ុល​តភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​នៅ​ខេត្ត​ឧត្តរមានជ័យ​ទៅកាន់​ខេត្ត​សៀមរាប​៕LA