ភ្នំពេញៈ រដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ មួយកន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​ទុនវិនិយោគ​ជាង ១០០ ​លាន​ដុល្លារ ដោយ​មន្ត្រី​អះអាង​ថា ការសាងសង់​សណ្ឋាគារ​ប្រណីតៗ គឺ​ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​ក្រោយ​កូវីដ​ ១៩ ត្រូវបាន​បញ្ចប់​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ថ្ងៃ​សុក្រ​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ឲ្យ​ក្រុមហ៊ុន Yong Wang (Cambodia) Co., Ltd ដើម្បី​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ដែលមាន ៧០០ ​បន្ទប់ ដោយ​មាន​ទុនវិនិយោគ ១០៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៨៥៨ ​កន្លែង​។ គម្រោង​នេះ​ស្ថិត​នៅ​សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ខេត្ត​ព្រះសីហនុ​គឺជា​តំបន់​ដែលមាន​សក្តានុពល​អេកូទេសចរណ៍​នឹង​នៅ​តែ​ជា​គោលដៅ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស បើ​ទោះ​ជំងឺ​កូវីដ ១៩ កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ​។

លោក​បាន​ថ្លែងថា​៖ «​ការសាងសង់ ឬ​គម្រោង​វិនិយោគ​នានា ជាពិសេស​ការសាងសង់​សណ្ឋាគារ​ផ្កាយ​ ៥ នេះ​គឺជា​វិស័យ​អាទិភាព ឬ​ជា​មាស​បៃតង​របស់​កម្ពុជា​។ វិស័យ​នេះ​មិន​ត្រឹមតែ​បង្កើត​កាលានុវត្តភាព​ការងារ និង​ប្រាក់ចំណូល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ក្នុងស្រុក​ផងដែរ​»​។

លោក​បន្ថែមថា ការកែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូបង្ហូរទឹក ការរៀបចំ​ឆ្នេរសមុទ្រ​ឡើងវិញ និង​ការរៀបចំ​តំបន់​អេកូទេសចរណ៍​នានា​នៅតាម​បណ្តា​កោះ​ទាំង ៣២ កំពុង​ទាក់ទាញ​ការវិនិយោគ និង​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន​។

បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន​ ១០៧ ​កន្លែង ហើយ​ខេត្ត​នេះ​មាន​ក្រុមហ៊ុន​ចំនួន ៣៣ ​ដែល​វិនិយោគ​លើ​វិស័យ​សេវាកម្ម​ស្នាក់នៅ​ផ្សារ​ទំនើប និង​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​។ នេះ​បើតាម​លោក ភារម្យ​។

លោក​ប្រាប់​ទៀត​ថា ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះ តែ​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ស្រុក​គឺ​កំពុងមាន​និន្នាការ​កើនឡើង​វិញ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា ក្នុង​រយៈពេល ២ ​សប្តាហ៍​ដើមខែ​ឧសភា ឆ្នាំ​ ២០២០ ​នេះ​ចលនា​ទេសចរ​ក្នុងស្រុក​បាន​បន្ត​កើនឡើង​ជា​បណ្តើរ​វិញ​ហើយ ជាក់ស្តែង​មាន​ភ្ញៀវទេសចរ​ជាង ២៥ ​ម៉ឺន​នាក់​បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​។ លោក​កត់សម្គាល់​ថា ភ្ញៀវ​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​តំបន់​អេកូទេសចរណ៍​នៅ​ភូមិភាគ​ឦសាន ភាគនិរតី និង​តំបន់ឆ្នេរ ពិសេស​ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​។

លោក​ថ្លែងថា​៖ «​ចំពោះមុខ​នៃ​ការកើនឡើង​ចលនា​ទេសចរ​ផ្ទៃ​ក្នុងនេះ ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​រៀបចំ​នូវ​វិធានការ​ស្តង់ដា​ពិសេស​សម្រាប់​សុវត្ថិភាព​ទេសចរណ៍ រួមមាន​ក្រម​ប្រតិបត្តិ និង​គោលការណ៍​ណែនាំ​ចាំបាច់​មួយចំនួន​បន្ថែម​ពីលើ​វិធានការ​សុវត្ថិភាព និង​អនាម័យ​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​»៕ LA