ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន​ ២ ​កន្លែង និង​គម្រោង​អភិវឌ្ឍន៍​ខ្សែបណ្តាញ​បញ្ជូន​ចំនួន​ ១ ដែលមាន​តម្លៃ​វិនិយោគ​សរុប​ជាង ១,៧ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ស្រប​តាម​ផែនការមេ​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​បន្ថែម​ពី​ឆ្នាំ​ ២០២០ ទៅដល់​ឆ្នាំ​ ២០៣០ រដ្ឋាភិបាល​បាន​សម្រេច​អនុម័ត​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន ២ ​ទីតាំង​។

សេចក្តី​ប្រកាស​នេះ​បន្តថា ក្រុមហ៊ុន Han Seng Coal Mines Co., Ltd (HSCMC) នឹង​ធ្វើការ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុតធ្យូងថ្ម ដែល​អាច​ផលិត​ថាមពល​បាន ២៦៥ មេហ្គាវ៉ាត់​នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ​ដោយ​ប្រើ​រ៉ែ​ធ្យូងថ្ម​ដែល​មាន​នៅក្នុង​តំបន់​នោះ ខណៈ​ដែល​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ (​ធ្យូងថ្ម​នាំចូល​ពី​ក្រៅ​ប្រទេស​) មួយទៀត​នឹង​ត្រូវ​វិនិយោគ​ដោយ​ក្រុមហ៊ុន Royal Group ដែល​អាច​ផលិត​ថាមពល​បាន ៧០០ ​មេហ្គាវ៉ាត់​ស្ថិតនៅ​ស្រុក​បទុមសាគរ ខេត្តកោះកុង​។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន HSCMC ក៏ត្រូវ​បានអនុម័ត​ឲ្យ​វិនិយោគ​លើ​ការសាងសង់​បណ្តាញ​ខ្សែ​បញ្ជូន​កម្លាំង ២៣០ ​គីឡូវ៉ុល​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ទៅ​អនុ​ស្ថានីយ​ខាង​កើត​សៀមរាប​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​វិនិយោគ​ទាំង ៣ ​នេះ​ពិតជា​មាន​ភាពចាំបាច់​ក្នុង​ការបំពេញ​ឲ្យ​បាន​គ្រប់គ្រាន់​នូវ​ប្រភព​អគ្គិសនី ធានា​សុវត្ថិភាព និង​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៤ ពិសេស​នៅ​រដូវប្រាំង​ដែល​វារីអគ្គិសនី​មួយ​ភាគ​ធំ​ពុំ​មាន​លទ្ធភាព​ផលិត​បាន​ច្រើន​។ ការវិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ថ្មី​ទាំង ២ ​នេះ​ក៏​អាច​ចូលរួម​កាត់​បន្ថយថ្លៃ​អគ្គិសនី​បន្ថែម​ទៀត​ជូនដល់​អ្នកប្រើប្រាស់​អគ្គិសនី​ផងដែរ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម Facebook ផ្ទាល់ខ្លួន​ថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​គម្រោង​ខាងលើ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បងើ្កត​គណៈកម្មការចរចា​អន្តរក្រសួង​ដែល​មាន​សមាសភាព​មកពី​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដើម្បី​ចរចា​ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ទាំង ២ នេះ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​របស់​ក្រុមហ៊ុន Han Seng Coal Mines Co., Ltd ដែល​មាន​ទុនវិនិយោគ​ចំនួន ២៩៤,៣ ​លាន​ដុល្លារ​ នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ ចំណែក​រោងចក្រ​របស់​ក្រុមហ៊ុន Royal Group ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស ​ចិន Sinosteel Equipment & Engineering Co.,Ltd ក្នុង​តម្លៃ​សរុប ១ ៣៤៤,២ ​លាន​ដុល្លារ ​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​ ២០២៤​។ ដោយឡែក​កាលបរិច្ឆេទ​នៃ​ការអភិវឌ្ឍ​បណ្តាញ​ខ្សែ​បញ្ជូន​មិន​ត្រូវ​បាន​ប្រកាស​ពី​ពេលវេលា​ទេ ដោយ​គ្រាន់​ថា​បានបញ្ជាក់​ថា​នឹង​ចំណាយ ៦១,៤៥ ​លាន​ដុល្លារ​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ការបង្កើន​សមត្ថភាព​ក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី គឺជា​កិច្ចការ​សំខាន់​ដែល​ក្រសួង​តែង​ធ្វើ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ពី​គ្រប់​វិស័យ​ដែល​ត្រូវការ​ថាមពល​។ លោក​បន្តថា កំណើន​នៃ​ការផ្គត់ផ្គង់​ថាមពល​ដែល​ផលិត​ក្នុង​ស្រុក​នឹង​កើនឡើង ពិសេស​ចាប់ពី​ឆ្នាំ​ ២០២១ តទៅ​។

លោក​ថ្លែងថា​៖ «​ការបង្កើន​ការផ្គត់ផ្គង់​ថាមពល​គឺជា​គោលការណ៍​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​ដែល​ជា​ស្នូល និង​មូលដ្ឋានគ្រឹះ​ក្នុង​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​ខ្មែរ​»​។

ដើម្បី​បំពេញ​តម្រូវការ​ដែលមាន​កំណើន​ដ៏ខ្ពស់​នា​រយៈពេល ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បាន​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស ថៃ ឡាវ និង​វៀតណាម​ក្នុង​បរិមាណ​ចន្លោះ​ពី ៤៦០-៥០០ ​មេហ្គាវ៉ាត់​ក្នុង​ ១ ​ឆ្នាំ​។

លោក ហ្សូនា បន្ថែមថា រដ្ឋាភិបាល​ក៏មាន​ផែនការ​ពង្រីក​ការវិនិយោគ​លើ​ការផលិត​ថាមពល​បន្ថែម​ទៀត​ផងដែរ ហើយ​ចាប់​ឆ្នាំ​ ២០២៣ ទៅ​កម្ពុជា​ក៏​មាន​ផែនការ​កាត់បន្ថយ​ការនាំ​ចូល​ថាមពល​ពី​បរទេស​ឲ្យ​មក​នៅក្នុង​រង្វង់ ៣០០ ​មេហ្គាវ៉ាត់​ក្នុង ១ ​ឆ្នាំ​។

លោក ហែម ឧត្តម អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​បាន​និយាយថា បើទោះបី​ជា​កំណើន​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​មាន​កំណើន​ខ្ពស់​ក៏ដោយ ប៉ុន្តែ​ការវិនិយោគ​លើ​រោងចក្រ​ធ្យូងថ្ម វា​មិនមែន​ជា​រឿង​ល្អ​សម្រាប់​បរិស្ថាន​ទេ ដោយ​គេ​គួរ​ងាក​ទៅ​ចាប់អារម្មណ៍​លើ​ថាមពល​កកើតឡើង​វិញ​ឲ្យ​បាន​ច្រើន ដូចជា កង្ហារ​ខ្យល់ ពន្លឺ​ព្រះអាទិត្យ ឬ​ជីវម៉ាស់​ជាដើម​។

លោក​និយាយថា​៖ «​ក្នុងនាម​ជា​អ្នក​បរិស្ថាន ខ្ញុំ​មិន​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ចាប់យក​ការអនុវត្ត​ដោយ​បង្កើត​រោងចក្រ​ដែល​ដំណើរការ​ដោយ​ធ្យូងថ្ម​ទេ ព្រោះ​វា​បំពុល​បរិស្ថាន​ខ្លាំង ជាពិសេស​ខ្យល់អាកាស​»​។

លោក​បន្ថែមថា កម្ពុជា​គួរតែ​បង្ហាញ​ឆន្ទៈ​ក្នុង​ការជួយ​កាត់បន្ថយ​នូវ​ការកើនឡើង​នៃ​កម្តៅ​ផែនដី​។

ទិន្នន័យ​ពី​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ កម្ពុជា​អាច​ផលិត​ថាមពល​អគ្គិសនី​សរុប​បាន ២ ៣៨៨ មេហ្គាវ៉ាត់​ ពី​ប្រភព​ចំនួន​ ៥ រួមមាន​វារីអគ្គិសនី​ដែល​ផ្តល់​ថាមពល​សរុប ១ ៣២៨ មេហ្គាវ៉ាត់​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​ផ្តល់​ថាមពល ៦៤០ មេហ្គាវ៉ាត់ ​រោងចក្រ​ពី​ចំហេះ​ប្រេង​ខ្មៅ​ដែល​ផ្តល់​ថាមពល ២៧៤ ​មេហ្គាវ៉ាត់ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ដែល​ផ្តល់​ថាមពល ៩០ ​មេហ្គាវ៉ាត់ និង​អគ្គិសនី​ដើរ​ដោយ​ជីវឧស្ម័ន​ផ្តល់​ថាមពល ៥៦ ​មេហ្គាវ៉ាត់​។

លោក វិចទ័រ ហ្សូនា បាន​និយាយថា ទន្ទឹម​នឹង​ការអនុម័ត​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏មាន​គោលនយោបាយ​លើកទឹកចិត្ត​ឲ្យ​មាន​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ផងដែរ​។ លោក​បន្ថែម​ថា ជាក់ស្តែង​ថាមពល​សូឡា​ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ពី​ទំហំ ៩០ ​មេហ្គាវ៉ាត់ គិតត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ ដល់ ៤០០ ​មេហ្គាវ៉ាត់​នា​ចុងឆ្នាំ​ ២០២០​។

លោក​បាន​បន្ថែមថា​៖ «​កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កាត់បន្ថយ​ការកើនឡើង​នៃ​កម្តៅ​ផែនដី​»៕ LA