ភ្នំពេញៈ ទោះបីជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​នូវ​គម្រោង​វិនិយោគ​ចំនួន​ ៧ ​ថ្មី​បន្ថែមទៀត​ ដែលមាន​ទឹកប្រាក់​សរុប​ ១៧៤,១ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន​ជាង ៣ ​ពាន់​កន្លែង​។

សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា យោងតាម​សំណើសុំ​វិនិយោគ CDC សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន ៧ រួមមាន​គម្រោង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត Transformer និង​ផ្គុំ​ដំឡើង Switchboard របស់​ក្រុមហ៊ុន Precise Electric Manufacturing (Cambodia) Co., Ltd. ស្ថិតក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ចំនួន​ ៥ ​លាន​ដុល្លារ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Ju Wang Footwear Co., Ltd. ស្ថិតនៅ​ក្នុងស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​មាន​ទុនវិនិយោគ ៦,១ ​លាន​ដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះសូឡា​របស់​ក្រុមហ៊ុន Imperial Star Solar (Cambodia) Co., Ltd. នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧,៩ ​លាន​ដុល្លារ​។

ចំណែក​គម្រោង​ផ្សេងទៀត​រួមមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង​គ្រប់​ប្រភេទ (Wires, Cables) និង​ផ្គុំ​ដំឡើង​សម្ភារ​បរិក្ខារ​អគ្គិសនី (Meter Box) ​របស់​ក្រុមហ៊ុន Topec Electric Co., Ltd. ស្ថិតក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ ៨,៦ ​លាន​ដុល្លារ​ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​តុបតែង​សក់​របស់​ក្រុមហ៊ុន Viscot Products Co., Ltd. នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​មាន​ទុនវិនិយោគ ១១,៦ ​លាន​ដុល្លារ​ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្បកកង់​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​ផ្គុំ​កង់​រថយន្ត​របស់​ក្រុមហ៊ុន Sundance Industries Co., Ltd. ស្ថិតនៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ ៣២,៩ ​លាន​ដុល្លារ និង​គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ក្រុមហ៊ុន Kepstar Data Centre Management Co., Ltd. ស្ថិតនៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ​ចំនួន ១០២ ​លាន​ដុល្លារ​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​គម្រោង​ទាំងអស់​ខាងលើ​នេះ​ដំណើរការ វា​នឹង​អាចបង្កើត​ការងារ​បាន​ចំនួន ៣ ៣២៨ ​កន្លែង​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ដែល​ជា​ខេត្ត​មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន ៣ ក្នុង​គម្រោង​ទាំង​ ៧ ខាងលើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ភាពល្អប្រសើរ​នៃ​ស្ថានភាព​នយោបាយ សុវត្ថិភាព​សង្គម​ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល និង​ភាព​សម្បូរបែប​នៃ​កម្លាំង​ពលកម្ម​ជំនាញ​បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់​វិនិយោគិន​មកពី​គ្រប់ទិសទី​លើ​ពិភពលោក​។

លោក​បន្តថា​ ទោះបីជា​ពិភពលោក​កំពុង​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា​ក៏ដោយ ប៉ុន្តែ​កម្ពុជា​ពិសេស​ខេត្តកំពង់ស្ពឺ​នៅ​តែ​ជា​កន្លែង​ដែល​ទទួល​បាន​ការចូល​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​អាជ្ញាធរខេត្ត ខ្ញុំ​តែងតែ​ទទួល​ជួប​ជាមួយ​អ្នក​ចង់​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់ ហើយ​ពួកគេ​ទាំងនោះ​តែងតែ​អញ្ជើញ​ខ្ញុំ​ទៅធ្វើ​ទស្សនកិច្ច​នៅតាម​រោងចក្រ​ផលិត​នៅក្រៅ​ប្រទេស​ផងដែរ ដើម្បី​ពិនិត្យមើល​ពី​រោងចក្រ​ពួកគេ​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​សាទរ​ចំពោះ​ព័ត៌មាន​នេះ ប៉ុន្តែ​លោក​និយាយ​ថា អាជ្ញាប័ណ្ណ​ដែល CDC ផ្តល់​ឲ្យ​ក្រុមហ៊ុន​នា​អំឡុង​ពេលនេះ​អាច​ជា​គម្រោង​វិនិយោគ​ដែល​បានស្នើ​ពីមុនមក ព្រោះ​មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ដល់​ក្រុមហ៊ុន​ណាមួយ CDC តែងតែមាន​គណៈកម្មការ​ចុះ​ទៅ​ធ្វើការ​សិក្សា និង​វាយតម្លៃ​ជាមុនសិន​។

លោក​បាន​ថ្លែងថា​៖ «​គម្រោង​ដែល CDC អនុម័ត​នៅក្នុង​អំឡុង​ពេលនេះ អាចជា​គម្រោង​ដែល​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​ដាក់ពាក្យ​ស្នើសុំ​មក CDC តាំងពី​មុនពេល​ពិភពលោក​ជួប​វិបត្តិ​កូវីដ ​១៩ មក​ម្ល៉េះ​»​។

ទោះយ៉ាងណា​លោក វណ្ណៈ បាន​អះអាង​ថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​លក្ខណៈ​អំណោយផល​ច្រើន​សម្រាប់​ការចូលមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​។

កាលពី​ថ្ងៃ​អង្គារ​ធនាគារពិភពលោក (WB) បានចេញ​របាយការណ៍​មួយ​ដោយបាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិត​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ​ខ្លាំង​មក​នៅត្រឹម ២,៥ ​ភាគរយ​ ក្នុងឆ្នាំនេះ​ ប៉ុន្តែ​ការស្ទុះ​ងើបឡើង​វិញ ៥,៩ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ គឺ​ស្ថិតនៅក្រោម​សេណារីយោ​មូលដ្ឋាន​។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​ មាស សុខសែនសាន កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិន​បដិសេធ​ហើយ​ក៏​មិន​ឯកភាព​លើ​ការព្យាករ​ដោយ​ធនាគារ​ពិភពលោក​លើ​ការទម្លាក់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំនេះ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​នៅតែ​ប្រើប្រាស់​ការព្យាករ​លើក​មុន​ចំនួន​ ៦ ​ភាគរយ​ ទោះបីជា​ផលប៉ះពាល់​ដោយសារ​តែ​កូវីដ​ ១៩ ក៏ដោយ​។

លោក​លើកឡើង​ថា​៖ «​រហូតមកទល់​ពេល​នេះ​រដ្ឋាភិបាល​មិនទាន់​ធ្វើ​ការវាយតម្លៃ​ណាមួយ​លើ​ផលប៉ះពាល់​សេដ្ឋកិច្ច​នោះទេ​។ យើង​កំពុង​ត្រួតពិនិត្យ​ទិដ្ឋភាព​ទាំងអស់​នៃ​សេដ្ឋកិច្ច​មុន​ពេល​យើង​ធ្វើការ​វាយតម្លៃ​ជាថ្មី​សម្រាប់​សេដ្ឋកិច្ច​»៕ LA