
យន្តហោះដែលចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកន្លងមក។ រដ្ឋាភិបាលយល់ព្រមឲ្យមានការសាងសង់ព្រលានយន្តហោះថ្មី។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ដោយអនុញ្ញាតឲ្យសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល និងដែលត្រូវបានបញ្ជាក់ដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីពីថ្ងៃម្សិលមិញ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ការអនុញ្ញាតលើទីតាំងនេះ ហាក់ធ្វើឡើងដោយមិនមានទស្សនវិស័យវែងឆ្ងាយ។
បើទោះបីយ៉ាងនេះក្តី មន្ត្រីអាកាសចរស៊ីវិលបានបញ្ជាក់ថា អ្វីៗស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដែលការចេញជារូបរាងពិតប្រាកដនៃគម្រោងអាចត្រូវការរយៈពេលយូរ ខណៈតំណាងវិនិយោគិនដែលស្នើសុំវិនិយោគលើគម្រោងនេះលើកឡើងថា ទីតាំងច្បាស់លាស់នៃអាកាសយានដ្ឋានថ្មីនេះនៅមិនទាន់អាចបញ្ជាក់បានជាផ្លូវការនៅឡើយ។
តាមឯកសារ រដ្ឋាភិបាលបានអនុម័តសំណើវិនិយោគរបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd សម្រាប់ការសាងសង់ព្រលានយន្តហោះថ្នាក់ 4F។
ក្រុមហ៊ុននេះ គឺជាការវិនិយោគរួមរវាង OCIC ជាក្រុមហ៊ុនពហុផលិតផលក្នុងស្រុកដែលបានគ្រប់គ្រងដោយមហាសេដ្ឋីពាណិជ្ជកម្ម ពុង ឃាវសែ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ជាសាខារបស់រដ្ឋាភិបាល។
តាមឯកសារ ក្រុមហ៊ុននេះគ្រោងនឹងដាក់ទីតាំងព្រលានយន្តហោះថ្មីនៅក្នុង ស្រុកកណ្ដាលស្ទឹង លើផ្ទែដីទំហំ ២ ៦០០ ហិកតា។
ការវិនិយោគសរុបរបស់គម្រោងនេះនឹងមានទឹកប្រាក់ ១,៥ ពាន់លានដុល្លារ ដែលក្នុងនោះ ២៨០ លានដុល្លារបានពី OCIC និង ១,១ ពាន់លានដុល្លារនឹងបានមកពីកម្ចីពីធនាគារបរទេស។
ឯកសារបន្តថា OCIC នឹងគ្រប់គ្រងភាគហ៊ុន ៩០ ភាគរយនៃការវិនិយោគនេះ ខណៈភាគហ៊ុននៅសល់គឺកាន់កាប់ដោយ SSCA។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ SSCA បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា មិនមានផែនការលម្អិត ឬកិច្ចព្រមព្រៀងលើគម្រោងនេះនៅឡើយទេមកដល់ពេលនេះ ភាគីទាំង ២ មិនដែលជួបគ្នាពិភាក្សាអំពីគម្រោងនេះទេ។
ខណៈឯកសាររដ្ឋាភិបាលដែលបានចេញផ្សាយបានបង្ហាញការអនុម័តសម្រាប់ក្រុមហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះថ្មីនេះ លោក វុត្ថា ថ្លែងថា វាបើកចំហសម្រាប់ដៃគូទាំង ២ ក្នុងការធ្វើការងាររួមគ្នា និងពិភាក្សាកាន់តែលម្អិតលើគម្រោងនេះ។
លោកថ្លែងថា៖ «គម្រោងនេះ នឹងត្រូវការពេលវេលាវែង [ក្នុងការសម្រេចបាន] ដោយសារតែយើងត្រូវការការចរចាលើលក្ខណវិនិច្ឆ័យជាច្រើនស្ដីពី ក្របខ័ណ្ឌការងារនៃកិច្ចព្រមព្រៀងនេះ»។
លោកបន្ថែមថា មានភាពចាំបាច់ក្នុងការបង្កើតគណៈកម្មការដើម្បីកំណត់របៀបក្នុងការផ្តល់សំណងដល់ក្រុមហ៊ុនដែលប្រតិបត្តិការព្រលានយន្តហោះដែលមានស្រាប់សម្រាប់ការបញ្ចប់មុនពេលកំណត់នូវអាជ្ញាប័ណ្ណសម្បទានពួកគេ។
លោកបញ្ជាក់ថា៖ «ការបារម្ភដ៏សំខាន់របស់យើង គឺអំពីរបៀបក្នុងការដោះស្រាយជាមួយព្រលានយន្តហោះថ្មីនេះ និងព្រលានយន្តហោះដែលមានស្រាប់ ដោយសារតែយើងមិនបានទទួលគោលការណ៍ណែនាំណាមួយស្ដីពីរបៀបដោះស្រាយបញ្ហានេះនៅឡើយទេ»។
នេះមិនមែនជាលើកដំបូងទេ ដែលផែនការព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានលើកឡើង។ កាលពីឆ្នាំ ២០១២ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើដីទំហំ ៧៦៨ ហិកតា ដែលត្រូវបានបញ្ជាក់ថាត្រូវប្រើប្រាស់ក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីឆ្នាំ ២០២៥។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានថ្លែងកាលពីម្សិលមិញថា លោកនៅតែមានការសង្ស័យខ្លាំងថា តើគម្រោងនេះអាចនឹងកើតឡើងឬទេ ដោយសារតែវាជាគម្រោងវិនិយោគដ៏ធំមួយដែលត្រូវការដើមទុនច្រើន។ ប្រសិនបើវាកើតឡើង លោក ជូ លើកឡើងថា ការដាក់ព្រលានយន្តហោះនៅស្រុកកណ្ដាលស្ទឹង គឺជិតពេកហើយជាមួយនឹងព្រលានយន្តហោះដែលមានស្រាប់ និង មិនឆ្លុះបញ្ចាំងពីផែនការរយៈពេលវែងនោះទេ។
លោកថ្លែងថា៖ «ទីតាំងដែលបង្ហាញនេះហាក់ដូចជាមិនឆ្លុះបញ្ចាំងពីផែនការរយៈពេលវែងនោះទេ ព្រោះក្នុងរយៈពេល ១០ ឆ្នាំក្រោយ កន្លែងនេះអាចក្លាយជា [ទីប្រជុំជន] ដូចព្រលានយន្តហោះដែលមានស្រាប់បច្ចុប្បន្ន»។
លោកបន្ថែមថា កន្លែងនេះមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍសម្រាប់ទីតាំងលំនៅឋាន ឬទីក្រុងរណបក្នុងរយៈពេល ១០ ឆ្នាំ ជាជាងការសាងសង់ព្រលានយន្តហោះ។
លោកបានបញ្ជាក់ថា៖ «ការគិតប្រហែលពី ៥០ ទៅ ៦០ ឆ្នាំខាងមុខ ខ្ញុំគិតថា ការសាងសង់ព្រលានយន្តហោះដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុងជាការប្រសើរជាង។ ពេលនេះយើងគ្រាន់តែតភ្ជាប់ព្រលានយន្តហោះនេះ ជាមួយផ្លូវល្បឿនលឿន ដើម្បីធ្វើឲ្យអ្នកដំណើរកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលវេលាកាន់តែខ្លី»។
ជំនួយការមួយរូបរបស់លោក ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ដែលបានស្នើសុំមិនប្រាប់ឈ្មោះ ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា គម្រោងនេះនៅតែកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយក្រុមហ៊ុននេះមិនអាចបញ្ជាក់ពីទីតាំងពិតប្រាកដក្នុងការវិនិយោគលើព្រលានយន្តហោះថ្មីនេះទេ។ ជំនួយការរូបនោះបន្តថា ការសាងសង់ព្រលានយន្តហោះនេះគួរតែត្រូវបានធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំដោយផ្អែកលើការងារពិតប្រាកដ។
អ្នកស្រីថ្លែងថា៖ «យើងបានធ្វើការសិក្សារួចហើយ ប៉ុន្តែយើងគួរតែដឹងថា ដីនៅក្នុងប្រទេសយើងត្រូវបានកាន់កាប់ដោយឯកជនដូច្នេះជួនកាលនៅពេលទិញដីពិបាក ហើយនៅពេលនោះយើងអាចផ្លាស់ប្តូរ ឬរើ[ទីតាំងនេះ]»។
អ្នកស្រីមិនបានបញ្ជាក់ថា OCIC បានគ្រប់គ្រងដីរួចហើយនៅទីនោះនោះទេ។ អ្នកស្រីបន្តថា៖«ទាក់ទងនឹងទីតាំងពិតប្រាកដ ខ្ញុំមិនអាចបញ្ជាក់បាននៅឡើយទេ។ វាអាចផ្លាស់ប្តូរ និងបត់បែនផ្អែកលើកាលៈទេសៈជាក់ស្តែង»។
ក្រុមហ៊ុន Cambodia Airports បានដាក់ផែនការជូនរដ្ឋាភិបាលកាលពីឆ្នាំមុនដើម្បីពង្រីកទាំងព្រលានយន្តហោះភ្នំពេញ និងសៀមរាប ដើម្បីទទួលកំណើនការធ្វើចរាចរណ៍នៅពេលអនាគត។ នេះបើតាមលោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន។
លោក នរិន្ទដា បានបដិសេធឆ្លើយសំណួរអំពីកិច្ចព្រមព្រៀងសម្បទាន ឬថាតើនឹងមានការចរចាណាមួយកំពុងធ្វើជាមួយរដ្ឋាភិបាលឬអត់នោះទេ។
ជាការឆ្លើយតបនឹងឯកសាររបស់រដ្ឋាភិបាលនេះ លោកបញ្ជាក់ថា៖ «ការសន្ទនាតាមរយៈការគោរពទៅវិញទៅមកនៃកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងរវាងភាគីទាំង ២ គឺសំខាន់សម្រាប់ការអភិវឌ្ឍនៅពេលអនាគតនៃព្រលានយន្តហោះ ភាពជោគជ័យរបស់ពួកគេ និងការអភិវឌ្ឍរបស់ប្រទេសនេះ។ ក្រុមរបស់យើងតែងតែត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយអាជ្ញាធរកម្ពុជា»៕ LA