ភ្នំពេញៈ រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផលិត​ និង​នាំចេញ​នូវ​មុខទំនិញ​ការពារ​ជំងឺឆ្លង​ (PPE) ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​នាំឲ្យ​មាន​តម្រូវការ​សម្ភារ​ទាំងនេះ​យ៉ាងខ្លាំង​នៅ​ទីផ្សារ​អន្តរជាតិ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃ​ពុធ ឆ្លើយតប​តាម​ការស្នើសុំ​របស់​សមាគម​រោងចក្រ​កាត់ដេរ​ (GMAC) ដោយ​សម្រេច​ឲ្យ​នាំចេញ​នូវ​មុខទំនិញ​ការពារ​ជំងឺឆ្លង​គ្រប់​ប្រភេទ​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ក្នុង​បរិការណ៍​នៃ​ការរាតត្បាត​វីរុស​នេះ​ដែល​កម្ពុជា និង សកលលោក​កំពុង​មាន​តម្រូវការ​ម៉ាស់​គ្រប់​ប្រភេទ​ និង​សម្ភារ​ពេទ្យ និង​សម្លៀកបំពាក់​សម្រាប់​ការពារ​ជំងឺឆ្លង រាជរដ្ឋាភិបាល​គាំទ្រ​ និង​លើកទឹកចិត្ត​ឲ្យ​បណ្តា​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ចូលរួម​ធ្វើការ​ផលិត​សម្ភារ​ការពារ​ជំងឺឆ្លង សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​បម្រើ​ការនាំចេញ​។

បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា នវានុវត្តន៍ បច្ចុប្បន្ន​មាន​រោងចក្រ​ចំនួន​ ៧ និង សិប្បកម្ម​ចំនួន​ ៧ មូលដ្ឋាន ដោយ​មួយ​ចំនួន​ក្នុងចំណោម​នេះ​កំពុង​ផលិត​សម្ភារ​បរិក្ខារ​ការពារ​ជំងឺឆ្លង​រួចស្រេច​ទៅហើយ និង​មួយចំនួន​ទៀត​បាន​សុំ​ចុះបញ្ជី​ផលិត​ម៉ាស់ និង​សម្លៀកបំពាក់​ពេទ្យ​។

បើ​តាម​ក្រសួង​នេះ​ដដែល ប្រសិន​បើ​រោងចក្រ​នឹង​សិប្បកម្ម​ទាំងនោះ​ដំណើរការ​ផលិតកម្ម​ព្រម​គ្នា​នោះ​កម្ពុជា​នឹង​មាន​សមត្ថភាព​ផលិត​ម៉ាស់​ប្រមាណ ១៣៨ ​លាន សម្លៀកបំពាក់​ពេទ្យ​ប្រមាណ ២០,៧ លាន និង​មួក​ពេទ្យ​ប្រមាណ​ ៩,៦ ​លាន​ក្នុង​ ១ ​ខែ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC ឲ្យ​ដឹងថា ការសម្រេច​របស់​រដ្ឋាភិបាល​នេះ​គឺជា​ការគិតគូរ​ដ៏ល្អ​ដែល​ជួយ​វិស័យ​ឯកជន និង​ជួយ​រួម​ចំណែក​ដល់​ការរក្សា​ការងារ​របស់​កម្មករ​និយោជិត ខណៈ​ការបញ្ជាទិញ​សម្លៀកបំពាក់​មាន​ការធ្លាក់​ចុះ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​នៃ​វីរុស​កូរ៉ូណា​ដែល​បាន​រាល​រហូត​ដល់​ជុំវិញ​ពិភពលោក​។ ការសម្រេច​នេះ​ក៏​នឹង​ជំរុញ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​មកទល់​ពេល​នេះ​មិន​ទាន់​មាន​រោងចក្រ​ច្រើន​ទេ​ដែល​បាន​ពង្រីក​មុខសញ្ញា​ផលិតកម្ម ក្រៅពី​ការផលិត​សម្លៀកបំពាក់​ដែល​មាន​ស្រាប់ ហើយ​ផលិតកម្ម​ទៀតសោត​ពឹង​អាស្រ័យ​លើ​ការបញ្ជាទិញ​ពី​ខាងក្រៅ​ផងដែរ​»​។

លោក​បាន​ឲ្យ​ដឹងថា ដើម្បី​ពង្រីក​បន្ថែម​មុខសញ្ញា​ផលិតកម្ម រោងចក្រ​ត្រូវបំពេញ​នីតិវិធី​ស្នើសុំ​ការអនុញ្ញាត​ដំបូង​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បន្ទាប់មក​ស្នើសុំ​ទៅកាន់​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​សុខាភិបាល​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​នេះ យើង​សង្ឃឹមថា នីតិវិធី​ស្នើសុំ​ដែល​ត្រូវបំពេញ​នឹង​ចំណាយ​ពេលវេលា​កាន់តែ​ឆាប់ ដោយ​មាន​ការសម្រួល ជាពិសេស​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​»​។

លោក​បាន​បញ្ជាក់ថា មាន​រោងចក្រ​មួយចំនួន​បាន​រៀបចំ​ដាក់ពាក្យ​ស្នើសុំ​ពង្រីក​មុខ​សញ្ញា​ផលិតកម្ម​បណ្តើរៗ​ហើយ​។

លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក៏​បាន​សម្រេច​អនុញ្ញាត​ការនាំចេញ​ម៉ាស់​គ្រប់​ប្រភេទ​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការអនុញ្ញាត​​ពី​ក្រសួងសុខាភិបាល​ទៀតឡើយ​។ នេះ​បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃទី​ ៤ ខែឧសភា​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មេសា​បាន​ថ្លែងថា រដ្ឋាភិបាល​ត្រូវការ​ម៉ាស់​ក្នុង​ស្តុក​យ៉ាងតិច​ចំនួន ១០ លាន​ម៉ាស់ សម្លៀកបំពាក់​ពេទ្យ​យ៉ាងតិច ៥ ០០០ ​សម្រាប់ ដើម្បី​ត្រៀម​បង្ការ​៕