
ភ្នំពេញៈ រដ្ឋាភិបាលបានការពារការសម្រេចចិត្តរបស់ខ្លួនកាលពីម្សិលមិញ ចំពោះការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារទូរគមនាគមន៍ជាមួយការ កំណត់តម្លៃអប្បបរមាលើការហៅទូរស័ព្ទ។
ពួកគេអះអាងថា ការគិតប្រាក់អប្បបរមានេះចាំបាច់ ដើម្បីចៀសវាងការបន្តខាតបង់ចំណូលពន្ធ និងចៀសវាងក្រុមហ៊ុនមួយ ឬឧស្សាហកម្មផ្ដាច់មុខតែឯង។
លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិយាយនៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញថា៖ «បទប្បញ្ញត្តិនេះមិនមែនដើម្បីជាន់កពីប្រតិបត្តិករ ឬអ្នកប្រើប្រាស់នោះទេ ប៉ុន្តែដើម្បីធានាបានសុវត្ថិភាពការប្រកួតប្រជែងដោយសេរី និងយុតិធម៌ »។
តម្លៃអប្បបរមាត្រូវបានដាក់ចេញកាលពីឆ្នាំ២០០៩ ដើម្បីការពារការដួលរលំរបស់ប្រតិបត្តិករទូរគមនាគមន៍ ដែលត្រូវបានគេមើលឃើញថា ជាទីផ្សារចង្អៀត។ ការគិតប្រាក់អប្បបរមាចំនួន៤,៥សេនក្នុងមួយនាទីសម្រាប់ការ ហៅទូរស័ព្ទក្នុងប្រព័ន្ធ និង៥,៩៥សេនក្នុងមួយនាទីសម្រាប់ការហៅទូរស័ព្ទ ឆ្លងប្រព័ន្ធ។ តាមនិយតករទូរគមនាគមន៍ឯករាជ្យ បន្ទាប់ពីមានបំណងពង្រឹងច្បាប់ឡើងវិញកាលពីខែឧសភា រដ្ឋាភិបាលបានផ្អាកតម្លៃនេះ ដូច្នេះវាមិនបង្កឲ្យមានការវឹកវរក្នុងចំណោមអតិថិជនមុនការ បោះឆ្នោតខែកក្កដានោះទេ។
ឥឡូវនេះវាបានត្រឡប់មកវិញ ហើយរដ្ឋាភិបាលកំពុងពន្យល់ដោយផ្ទាល់ដល់អតិថិជនដែលកំពុងតែខឹង សម្បាអំពីមូលហេតុដែលពួកគេត្រូវបានកំណត់ឲ្យបង់ប្រាក់កាន់តែ ច្រើនសម្រាប់ការហៅទូរស័ព្ទរបស់ពួកគេ។
មន្ដ្រីបាននិយាយកាលពីម្សិលមិញថា កាលពីឆ្នាំ២០០៨ អ្នកប្រើប្រាស់លេខទូរស័ព្ទមានចំនួន៣,៨លានហើយកាលពីឆ្នាំ ២០១២ មានអ្នកជាវស៊ីមកាត១៩លានស៊ីម។ ទោះបីយ៉ាងណាប្រាក់ចំណូលរបស់ឧស្សាហកម្មនេះមានចំនួន៨០លាន ដុល្លារអាមេរិកកាលពីឆ្នាំ២០១២ ហើយរដ្ឋាភិបាលទទួលបានពន្ធចំនួន ២០ លានដុល្លារ ដែលមន្ត្រីជំនាញអះអាងថា ជាចំនួនតិចជាងការរំពឹងទុក។
លោក ប្រាក់ សុខុន បាននិយាយថា៖ « យើងបានមើលឃើញការកើនឡើងនៅក្នុងការប្រកួតប្រជែងរបស់ទូរគមនាគមន៍ ប៉ុន្តែយើងមិនបានឃើញការកើនឡើងប្រាក់ចំណូលពន្ធទេ»។
ប៉ុន្តែសេដ្ឋវិទូបានចោទសួរពីច្បាប់ដ៏ចម្រូងចម្រាសនេះ។ លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនិយាយថា៖ «មិនមានភាពផ្ដាច់មុខទេរហូតមកដល់ពេលនេះដែលជាលទ្ធផល នៃការប្រកួតប្រជែងតម្លៃសេរីនោះ»។
លោកបានបន្តថា៖ «ផ្ទុយទៅវិញ ការប្រកួតប្រជែងតម្លៃសេរីធានាមិនឲ្យមានភាពផ្ដាច់មុខ ខណៈប្រជាជនមានការប្រកួតប្រជែងសេរីដោយមិនមានការឃុបឃិត ឬការធ្វើអន្តរាគមន៍នោះទេ»។
ស្ដីពីបញ្ហានៃការបង្កើនប្រាក់ ចំណូលពន្ធ លោក សុផល និយាយថា រដ្ឋាភិបាលគួរតែគិតអត្រាពន្ធ «ឲ្យបានត្រឹមត្រូវ»៕PB