ភ្នំពេញៈ ​កម្ពុជា​ បាន​បង្ហាញ​ពី​​ការ​គ្រប់​គ្រង​ហិរញ្ញ​វ​ត្ថុសាធារ​ណៈរ​បស់​ខ្លួន​កាន់​តែ​ប្រសើរ​​ ជាមួយ​លទ្ធ​ភាព​ក្នុង​ការ​​បង្កើន​ប្រាក់​ចំណូល ​និង​ការ​ចំណាយ​ពីរ​ដង​នៅក្នុង​រយៈពេល​៥ឆ្នាំចុង​ក្រោយ​ ​ជានិន្នា​ការ​មួយ​ដែល​រដ្ឋ​មន្ដ្រី​ក្រសួង​ហិរ​ញ្ញវត្ថុ​​បាន​ថ្លែង​ថា ​កំពុង​ជំរុញ​​កម្ពុជា​ឆ្ពោះ​ទៅ​រក​ឯក​រាជ្យ​ភាព​ជាង​មុន​​ផ្នែក​ថវិកា​។

ថ្លែង​នៅ​ក្នុង​សន្និ​សីទ​កិច្ច​ប្រ​ជុំ​ត្រួត​ពិនិត្យ​ប្រ​ចាំ​ឆ្នាំ ​២០១៧ ​និង​ការ​វាយ​តម្លៃ​សមិទ្ធ​ផល ​៥ ឆ្នាំនៃ​ការអនុវត្ត​កម្ម​វិធី​​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​ អូន​ ព័ន្ធ​មុនីរ័ត្ន​ រ​ដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ បាន​ថ្លែង​ថា ​ចំណូល​ថវិ​ការដ្ឋ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ជិតពីរ​ដង​ក្នុងរយៈ​ពេល​៥​​ឆ្នាំចុង​ក្រោយ ​ពោល​គឺ​ពី ​២,២ ​ពាន់​លានដុល្លារ​កាល​ពីឆ្នាំ​ ២០១៣ ដល់​ ៤,៥​ ពាន់​លានដុល្លារ​ក្នុងឆ្នាំ​ ២០១​៨ ដែល​អាច​ឲ្យ​រដ្ឋា​ភិបាល​បង្កើន​ការចំណាយ​សម្រាប់ ​សេវា​សាធារ​ណៈ​កាន់តែប្រសើរ​ និង​ការ​ចំណាយ​លើ​ការ​វិនិ​យោគ​សាធារណៈ។​

លោក​ថ្លែង​ថា ​ក្នុងអំឡុង​៥ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​ចំណាយ​សរុប​នៃ​ថវិការដ្ឋ​ បាន​កើន​ឡើង​ជិត​ពីរដង​ ខណៈ​សមា​មាត្រ​ប្រាក់ចំណូល​ថវិកា ​បាន​ពី​ប្រភព​ខាងក្រៅប្រ​ទេស​បាន​ធ្លាក់ចុះ​ពីជិត​​ ៧០​ ភាគ​រយ កាល​ពីឆ្នាំ​ ១​៩៩៥ មក​នៅ​ ២១,​៤​ ភាគរយ​ប៉ុណ្ណោះ​កាល​ពីឆ្នាំ​ ២០១៧ ហើយ​នឹង​បន្ត​ធ្លាក់​ចុះ​តិច​ជាង​២០​ភាគរយ​ត្រឹម​ឆ្នាំ​២០១​៨​។​​

លោកថ្លែងថា​៖ «​ប្រ​ការ​នេះ​ គឺ​ជា​ការ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កម្ពុជា​កាន់​តែ​មាន​ឯក​រាជ្យ​ភាព​ខាង​ថវិកា​ជាង​មុន​ និង កាន់​តែ​មាន​ភាព​ជា​ម្ចាស់​ជាង​មុន​»​ ។

លោក ​ច័ន្ទ ​សុផល ​នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ បាន​ថ្លែង​ថា ការ​សម្រេច​បាន​ជាង​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺជា​អ្វី​ដែល​គួរ​ស្វាគមន៍ ហើយ​បញ្ជាក់​ថា​កម្ពុជា ​នៅ​បន្ត​ពឹង​ផ្អែក​លើ​មូលនិធិ​បរទេស​ ក្នុងការបង្កើន​ការ​អភិវឌ្ឍ​ប្រទេស និង​ថ្លែង​ថា​ ប្រទេស​នេះ​ឈានដល់​ស្ថានភាព​ហិរញ្ញ​វត្ថុប្រសើរ​ មាន​ន័យ​ថា​ ប្រទេស​កម្ពុជា​អាច​កាត់​បន្ថយ​ភាព​ចាំ​បាច់​ក្នុងការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​។

លោក​ថ្លែង​ថា​៖ «​កាល​ពីមុន​ នៅពេល​យើង​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ ប្រសិនបើ​ពួកគេ​​មិន​ផ្ដល់​ជំនួយ​​​ ឬ​កម្ចី​ យើង​នឹង​យ៉ាប់​​​»។

លោក​បន្តថា​៖ «​ចាប់​ពី​នេះ​ត​ទៅ​ ទោះបីជា​ពួកគេ​​មិន​ផ្ដល់​កម្ចី ឬ​ជំនួយ​ឥត​សំណង​ក៏ដោយ ក៏​យើង​នៅតែ​អាច​រស់​រាន​ និង​អភិវឌ្ឍបាន​។ ប៉ុន្តែ​វា​គ្រាន់តែ​ថា ប្រសិនបើ​ពួកគេ​ផ្ដល់​កម្ចី ​យើង​នឹង​ទទួល​បាន​កំណើន​កាន់​តែធំ​»​។​

យោង​តាម​លោក​សុផល ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​មូល​និធិ​​ច្រើន​ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាស​ម្ព័ន្ធ ​ដូច​ជា​ការ​កែលម្អ​ផ្លូវ​ថ្នល់​ និង​ស្ពាន និង​ការ​កែ​លម្អ​ប្រ​ព័ន្ធ​អប់រំ​មូល​ដ្ឋាន​៕ LA