
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានផ្លាស់ប្តូរតួលេខកំណើនសេដ្ឋកិច្ចរបស់ខ្លួនឆ្នាំ២០១២ ពី៧ភាគរយដល់៧,៣ភាគរយ។
បើទោះបីយ៉ាងនេះក្តី រដ្ឋាភិបាលនិយាយថាគេទាមទារជួយរក្សាកំណើនដែលឲ្យកម្ពុជាងើបចេញពីប្រទេសមានប្រាក់ចំណូលទាបទៅមធ្យមវិញ។
នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងទៅកាន់វិនិយោគិនក្នុងវិស័យឯកជននិងសារធារណៈ តំណាងNGO និងភ្នាក់ងារអភិវឌ្ឍន៍នៅក្នុងសន្និសីទទស្សនវិស័យកម្ពុជាលើកទី៧ថា ទោះបីជាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនិងកំណើនយ៉ាងយឺតទាំងនៅអឺរ៉ុប និងអាមេរិកក៏ដោយប៉ុន្តែការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពដោយរក្សាបានទំនុកចិត្តលើទីផ្សារនិងបន្តទិសដៅគោលនយោបាយសេដ្ឋកិច្ចសង្គម ដោយនាំកម្ពុជាឲ្យចេញពីប្រទេសដែលមានប្រាក់ចំណូលទាប។
លោកបន្តថា៖ «កម្ពុជាកំពុងតែងាកចេញពីប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលទាបមធ្យមត្រឹមឆ្នាំ២០១៥-២០១៦។ អត្រានៃភាពក្រីក្របានធ្លាក់ចុះមកនៅ២០ភាគរយក្នុងឆ្នាំ២០១២ ហើយតាមការព្យាករនឹងធ្លាក់ចុះដល់១៩ភាគរយក្នុងឆ្នាំ២០១៣»។
លោកនាយករដ្ឋមន្រ្តីបានអតា្ថធិប្បាយពីសារៈសំខាន់នៃគោលនយោបាយរដ្ឋាភិបាលដ៏ខ្លាំងចាំបាច់ត្រូវរក្សាកំណើនវិជ្ជមានក្នុងពេលអនាគត។
លោកបន្តថា៖ «ក្នុងការប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកយើងត្រូវការប្រើប្រាស់យ៉ាងទូលំទូលាយនូវគោលនយោបាយដែលមានក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុកព្រមទាំងដោះស្រាយភាពងាយរងគ្រោះនៅក្នុងស្រុក។ យើងចាំបាច់ត្រូវការអនុវត្តរាល់ជម្រើសគោលនយោបាយចាំបាច់ទាំងអស់ដើម្បីរក្សាកម្រិតនៃការជឿជាក់»។ លោកបន្តថាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវតែអនុវត្តគ្រប់ពេលដើម្បីរក្សាភាពខ្លាំងនៃវិស័យហិរញ្ញវត្ថុដែលចាំបាច់ត្រូវធ្វើឲ្យស៊ីជម្រៅនូវការរួមបញ្ចូលគ្នាបន្ថែមទៀតដើម្បីការពារតំបន់ពីហានិភ័យប្រកបដោយប្រសិទ្ធភាពដ៏ខ្ពស់»។
អ្នកជំនាញក៏បង្ហាញពីភាពវិជ្ជមានចំពោះកំណើនរបស់កម្ពុជាដែរប៉ុន្តែព្រមានថាកំណែទម្រង់របស់រដ្ឋាភិបាលត្រូវការជាចាំបាច់ដើម្បីការពារកំណើនហួស។
លោក Faisal Ahmed តំណាងរបស់ IMF និយាយថា៖«ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធនិងអតិផរណាកម្ពុជាអាចកើនឡើងនៅកម្រិតពី៧ ទៅ៨ ភាគរយនោះវាមិនខ្លាំងហួសទេ»។
លោកបញ្ជាក់ពីបញ្ហាប្រឈមបីចំពោះគោលនយោបាយបច្ចុប្បន្នរបស់កម្ពុជា ដូចជាការកៀងគរប្រាក់ចំណូលឲ្យបានកាន់តែច្រើន ជាមួយតុល្យភាពវិធានការពន្ធនិងស្ថិរភាពហិរញ្ញវត្ថុ។
លោកបន្តថា៖ «ក្នុងពេលសេដ្ឋកិច្ចលូតលាស់នៅពេលស្ថិរភាពហិរញ្ញវត្ថុល្អគឺសំខាន់»។ បើអ្នកគ្រប់គ្រងបានល្អប្រសើរដំណាក់កាលកំណើនសេដ្ឋកិច្ចកាន់តែមានរយៈពេលវែង»។
លោក ហង់ ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិយាយថាបញ្ហាប្រឈមនិងការឆ្លើយតបគោលនយោបាយ ទាមទារការអប់រំភាពប្រកួតប្រជែងសេដ្ឋកិច្ចនិងការធ្វើពិពិធកម្មទេសចរណ៍ថាមពលនិងសិទ្ធកាន់កាប់ដីធ្លី។ លោកថ្លែងថា៖«ដើម្បីធ្វើឲ្យប្រាកដថាកំណើនសេដ្ឋកិច្ចដែលរួមចំណែកដល់គ្រួសារ និងការពារសិទ្ធិលើអចលនទ្រព្យគឺមានសារៈសំខាន់ណាស់សម្រាប់អនាគត»។
លោកបន្តថាការអប់រំបានខ្ពស់គឺពិតជាសំខាន់រដ្ឋាភិបាលគួរតែផ្តោតលើការកែទម្រង់វិស័យអប់រំឲ្យបានកាន់តែខ្ពស់ដើម្បីធានានូវគុណភាពបញ្ហាដីធ្លីនៅតែមានសារៈសំខាន់ហើយលទ្ធផលធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែសំខាន់សម្រាប់ពេលអនាគត។
លោក Mike Smith អគ្គនាយកធនាគារANZ និយាយថាកម្ពុជានឹងទទួលផលប្រយោជន៍ពីរោងចក្រដែលកំពុងសម្លឹងមើលការទាញយកប្រយោជន៍ពីផលិតផលមានតម្លៃទាបនៅក្នុងតំបន់មេគង្គ។ លោកបានបន្តថា៖ «ការបង្កើតវិស័យនាំចេញថ្មីនឹងធ្វើឲ្យការងារកើនឡើង ហើយដំណើរការនេះ នឹងជំរុញការវិនិយោគនិងផ្លាស់ប្តូរចំណេះដឹងព្រមទាំងផលិតភាពពលកម្មកើនឡើង»៕ PB