
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត (HKL) ជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងនៅកម្ពុជាដែលនឹងបោះលក់មូលបត្របំណុលអាជីវកម្មនេះ។ ផា លីណា
ភ្នំពេញៈ កម្ពុជាកំពុងរៀបចំក្របខ័ណ្ឌច្បាប់ក្នុងការដាក់ដំណើរការទីផ្សារមូលបត្របំណុលរដ្ឋ ក្នុងរយៈពេលប៉ុន្មានឆ្នាំឆាប់ៗខាងមុខនេះ ដើម្បីជាប្រភពបំណុលថ្មីដើម្បីកាត់បន្ថយការពឹងផ្អែកច្រើនពេក លើប្រភពកម្ចីពីក្រៅប្រទេស។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការលើកឡើងនេះគឺ បន្ទាប់ពីរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការបោះផ្សាយលក់មូលបត្របំណុលអាជីវកម្មដោយក្រុមហ៊ុនឯកជន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត (HKL) ជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងនៅកម្ពុជាដែលនឹងបោះលក់មូលបត្របំណុលអាជីវកម្មនេះ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋាភិបាលកាលពីថ្ងៃសុក្រ លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានឲ្យដឹងថា ការអភិវឌ្ឍមូលបត្ររដ្ឋាភិបាលកម្ពុជាត្រូវបានផ្ដួចផ្ដើមឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០ ប៉ុន្តែវាមិនត្រូវបានធ្វើឡើងនោះទេមកដល់ពេលនេះ ដោយសារកម្ពុជានៅតែមានជម្រើសក្នុងការទទួលបានកម្ចីសម្បទានជាមួយនឹងអត្រាការប្រាក់អនុគ្រោះ។
ប៉ុន្តែ លោកសីលវ៉ា បានឲ្យដឹងថា សម្រាប់ការអភិវឌ្ឍពេលអនាគត ពិសេសក្នុងការអនុវត្តយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាលដំណាក់កាលទី ៤ វាជាពេលវេលាក្នុងការរៀបចំច្បាប់ ដើម្បីគ្រប់គ្រងការបង្កើតមូលបត្របំណុលរដ្ឋាភិបាលចាប់ពីពេលនេះ សម្រាប់អត្ថប្រយោជន៍អនាគត។
លោកថ្លែងថា៖ «យើងបានដាក់បញ្ចូលបទបញ្ញត្តិ[ពីការដំណើរការមូលបត្របំណុលរដ្ឋ] នៅក្នុងយុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩-២០២៣ រួចហើយ ដើម្បីបើកផ្លូវឲ្យមានទិសដៅច្បាស់លាស់ក្នុងការទទួលបានកម្ចីក្នុងស្រុក»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា យើងនឹងអនុវត្តយន្តការនេះ [ពីការដំណើរការមូលបត្របំណុលរដ្ឋ] ដើម្បីកៀរគរប្រភពទុន[ក្នុងស្រុក] ដើម្បីអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ព្រោះថា តម្រូវការហិរញ្ញប្បទានកើនឡើងយ៉ាងខ្លាំង»។
ដោយសារគ្មានមូលបត្របំណុលរដ្ឋ រដ្ឋាភិបាលកម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងលើកម្ចីពីបរទេស។ យោងតាមសេចក្ដីព្រាងថវិកាជាតិឆ្នាំ ២០១៨ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំណុលជាតិកម្ពុជា ត្រឹមខែ វិច្ឆិកា ឆ្នាំនេះ មានចំនួន ៦,៨២ ពាន់លានដុល្លារ ហើយជិតពាក់កណ្ដាលនៃបំណុលនេះគឺខ្ចីពីប្រទេស ចិន។
រដ្ឋាភិបាលបង្ហាញផែនការខ្ចីលុយបរទេស ១,៤ ពាន់លាន SDR ក្នុងឆ្នាំ ២០១៩ ឬស្មើនឹង ១,៩ ពាន់លានដុល្លារ។
លោក ម៉ី កល្យាណ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានឲ្យដឹងថា បញ្ហាប្រឈមសម្រាប់ប្រទេសនេះ គឺកំពុងពឹងផ្អែកយ៉ាងខ្លាំងលើការខ្ចីប្រាក់បរទេស។
លោកថ្លែងថា៖ «យើងគួរតែស្វែងរកមធ្យោបាយក្នុងការជំរុញការខ្ចីប្រាក់ក្នុងស្រុក ហើយខ្ញុំគិតថា ការចេញមូលបត្របំណុលរដ្ឋាភិបាលជាប្រាក់រៀល គឺជាជម្រើសដ៏ល្អមួយ»៕LA