
ភ្ញៀវទេសចរ ដើរកម្សាន្តតាមឆ្នេរខ្សាច់នៅក្នុងក្រុង ព្រះសីហនុ ក្នុងឆ្នាំ ២០១៦។ ស្រេង ម៉េងស្រ៊ុន
ខេត្តព្រះសីហនុៈ មន្ត្រីទេសចរណ៍ខេត្តព្រះសីហនុបានអះអាងថា ចំនួនភ្ញៀវទេសចរទៅទស្សនា ខេត្ត ព្រះសីហនុ នៅតែមានចំនួនច្រើន គ្រាន់តែមិនប្រមូលផ្តុំនៅកណ្តាលក្រុងដូចមុន ខណៈអ្នកនៅក្នុងវិស័យនេះ បានហៅវិធានការរបស់រដ្ឋាភិបាលបច្ចុប្បន្នជាការទាក់ទាញជំនឿចិត្តរបស់ភ្ញៀវក្នុងស្រុកឡើងវិញ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា ខណៈមានការលើកឡើងថាចំនួនភ្ញៀវទេសចរក្នុងស្រុកទៅកម្សាន្តនៅក្នុងក្រុង ព្រះសីហនុ មានការធ្លាក់ចុះ តែធាតុពិតចំនួនជារួមមិនបានធ្លាក់ចុះនោះទេ។
ទោះបីជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា ការធ្លាក់ចុះបានកើតមានឡើងនៅតំបន់កណ្តាលក្រុង គឺឆ្នេរអូរឈើទាល។
លោកថ្លែងថា៖ «ចំនួនភ្ញៀវទេសចរក្នុងស្រុកបានធ្លាក់ចុះខ្លះនៅតំបន់កណ្តាលក្រុងព្រះសីហនុដោយសារបច្ចុប្បន្នតំបន់កណ្តាលក្រុងពិបាករកកន្លែងស្នាក់នៅ ស្របពេលដែលតម្លៃកន្លែងស្នាក់នៅ និងអាហារ កើនឡើងខ្ពស់ផងដែរ»។
របាយការណ៍មន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ សម្រាប់រយៈពេល ៩ ខែ ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងស្រុក នៅតែបង្ហាញសញ្ញាវិជ្ជមាន។
របាយការណ៍បង្ហាញថា ក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០១៨ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជាង ១,៦ លាននាក់ កើនឡើង ៦,៥៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ដែលមានចំនួនជាង ១,៥ លាននាក់។
ក្នុងនោះចំនួនភ្ញៀវជាតិមានជាងចំនួន ១,១ លាននាក់ កើនឡើងជាង ២ ភាគរយ និងភ្ញៀវបរទេសមានចំនួនជាង ៤១៤ ៨២៩ នាក់ កើនឡើងចំនួន ១៩,៤៥ ភាគរយ។
ទន្ទឹមនឹងអត្រាកំណើនភ្ញៀវទេសចរក្នុងស្រុកឡើងតិចតួចនេះ បានជំរុញឲ្យក្រសួងទេសចរណ៍កាលពីសប្តាហ៍មុនបានប្រកាសបង្កើតក្រុមការងារជំនាញចំនួន ៥ ដែលត្រូវបានអ្នកនៅក្នុងវិស័យនេះមើលឃើញថា ដើម្បីរៀបចំ និងគ្រប់គ្រងតំបន់ឆ្នេរដ៏ល្បីល្បាញរបស់ប្រទេសឡើងវិញ បន្ទាប់ពីរងការរិះគន់ពីបញ្ហាអសន្តិសុខ បរិស្ថាន ដែលបង្កដោយលំហូរជនជាតិចិនក្នុងខេត្តនេះ។
ក្រុមការងារទាំងនោះរួមមាន ក្រុមការងារទាក់ទងទីក្រុងស្អាត ក្រុមការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្រុមការងារគ្រប់គ្រងឆ្នេរស្អាត ក្រុមការងារបណ្តុះបណ្តាល ធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍និងក្រុមការងារពិនិត្យកែសម្រួលរចនាសម្ព័ន្ធចាត់តាំងរបស់មន្ទីរទេសចរណ៍ខេត្ត ការិយាល័យឆ្នេរ និងការិយាល័យទេសចរណ៍កោះរ៉ុងជាដើម។
លោក តាំង សុចិត្រគ្រឹះស្នា បានលើកឡើងថា បច្ចុប្បន្នដោយសារតែខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ បានធ្វើឲ្យខេត្តជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ទាំងការអនុវត្តច្បាប់ និងបញ្ហាបរិស្ថាន។
លោកបានថ្លែងថា៖ «អាជ្ញាធរកំពុងខិតខំធ្វើកិច្ចការជាច្រើន ដូចជាពង្រឹងការអនុវត្តច្បាប់ កសាង និងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យខេត្តព្រះសីហនុ នៅតែមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនបន្ថែមទៀត»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បាននិយាយថា ការដាក់ចេញនូវចំណុចសំខាន់ៗទាំង ៥ របស់ក្រសួងទេសចរណ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្ត ព្រះសីហនុ មានភាពស្រស់បំព្រងឡើងវិញ ខណៈកន្លងមកមានព័ត៌មានអវិជ្ជមានជាច្រើនលេចចេញពីទីនោះ។
លោកបន្តថា ការធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តរភាពឡើងវិញ គឺជារឿងដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងខិតខំធ្វើដើម្បីជម្រះចោលនូវបាតុភាពអសកម្ម ដែលត្រូវបានលេចឮជារៀងរាល់ថ្ងៃ។
លោកថ្លែងថា៖ «ប្រកាសនេះនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឲ្យមុខមាត់វិស័យទេសចរណ៍ក្នុងក្រុងព្រះសីហនុមានភាពរស់រវើកឡើងវិញ»។
ទោះយ៉ាងណា លោកបញ្ជាក់ថា ផែនការនេះអាចសម្រេចទៅមុខបាន ឬយ៉ាងណានោះ គឺអាស្រ័យទៅលើអ្នកអនុវត្តនៅថ្នាក់ក្រោមផងដែរ ព្រោះបើមានគោលការណ៍ល្អ តែគ្មានការអនុវត្ត ឬអនុវត្តមិនបាននោះ វិស័យទេសចរណ៍ខេត្ត ព្រះសីហនុ នឹងអាចបន្តធ្លាក់ចុះបន្ថែមទៀត។
បុគ្គលិកម្នាក់របស់ Golden River Bungalow ដែលស្ថិតនៅក្បែរឆ្នេរអូរត្រេះ បានប្រាប់ថា សម្រាប់កន្លែងលោកបើធៀបទៅនឹងឆ្នាំមុន គឺចំនួនភ្ញៀវបរទេសស្នាក់នៅគឺមានការធ្លាក់ចុះច្រើន ទាំងចំនួនបន្ទប់ និងរយៈពេលស្នាក់នៅ។
លោកបន្តថា សម្រាប់ប្រជាជនខ្មែរដែលមកកម្សាន្តនៅឆ្នេរអូត្រេះ គឺអាចមានចំនួននៅដដែល តែភាគច្រើនគេមកតែថ្ងៃបុណ្យ និងថ្ងៃសៅរ៍ អាទិត្យ ប៉ុណ្ណោះ និងមិនស្នាក់នៅនោះទេ។
លោកថា៖ «បើអាជ្ញាធរមិនមានវិធានការគ្រប់គ្រងអ្នកទេសចរចិនឲ្យមានរបៀបនោះ ចំនួនភ្ញៀវទេសចរអឺរ៉ុប និងខ្មែរ នឹងមិនចង់មកលេងខេត្តព្រះសីហនុទៀតឡើយ»៕