ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅបន្ថែម ដែលមានជម្រៅ ១៤,៥ ម៉ែត្រ នៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាតាមរយៈពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការកាត់បន្ថយតម្លៃ។ នេះបើយោងតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា គម្រោងនេះត្រូវបានគាំទ្រហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
លោកថ្លែងថា៖ «ចំណតផែកុងតឺន័រនេះនឹងអនុញ្ញាតឲ្យនាវាដឹកទំនិញធំៗប្រមាណ ៩៣ ភាគរយ ដែលធ្វើដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិកចូលចតនៅកម្ពុជា។ យើងអាចនាំចេញទំនិញដោយផ្ទាល់ទៅកាន់ប្រទេសបញ្ជាទិញ ដោយមិនចាំបាច់មានការផ្ទេរទំនិញនៅកំពង់ផែសិង្ហបុរី និងហុងកុងទៀតនោះទេ»។
លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ឲ្យដឹងថា គម្រោងកំពង់ផែទឹកជ្រៅនេះបានសិក្សាចប់សព្វគ្រប់ហើយដោយអង្គការ JICA ហើយគម្រោងនេះកំពុងបន្តអនុវត្ត។ លោកថ្លែងថា៖ «កំពង់ផែកុងតឺន័រនេះនឹងជួយសម្រួលដល់អ្នកនាំចូល និងនាំចេញទំនិញទូទាំងតំបន់អាចចូលចតនៅកំពង់ផែនេះ ដោយវានឹងជួយកាត់បន្ថយតម្លៃដើមផងដែរ»។
មិនអាចទាក់ទងលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានទេកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែបើយោងតាមការរាយការណ៍របស់ភ្នំពេញប៉ុស្តិ៍នាពេលកន្លងមក គម្រោងសាងសង់កំពង់ផែកុងតឺន័រថ្មីនេះ នឹងត្រូវវិនិយោគក្នុងទឹកប្រាក់តម្លៃ ២០៣ លានដុល្លារ ដែលគាំទ្រហិរញ្ញប្បទានពីអង្គការ JICA ។
វិស័យឯកជន លើកឡើងថាកំពង់ផែកុងតឺន័រនេះនឹងជួយជំរុញឲ្យការនាំចេញរបស់កម្ពុជាលឿនជាងមុន និងកាន់តែមានទំនុកចិត្តក្នុងវិស័យឡូជីស្ទិក។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំពង់ផែកុងតឺន័រនេះនឹងជួយធ្វើឲ្យប្រសើរឡើងដល់កន្លែងផ្ទុកកុងតឺន័រ ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុមិនទាន់អាចបំពេញតម្រូវការកំណើនទីផ្សារបាននៅឡើយ។
លោកថ្លែងថា៖ «វាជាសញ្ញាល្អសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងគាំទ្រគម្រោងនេះ។ កំពង់ផែកុងតឺន័រនេះនឹងជួយសម្រួល និងកាត់បន្ថយការកកស្ទះការផ្ទុកកុងតឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយវាក៏នឹងជួយជំរុញកំណើនប្រាក់ចំណូលរបស់រដ្ឋាភិបាលផងដែរ ប្រសិនបើយើងមានចំណតផែថ្មីនេះ»។
បើយោងតាមលោក ស៊ុន ចាន់ថុល រដ្ឋាភិបាលកម្ពុជាក៏នឹងមានគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅមួយទៀតនៅខេត្តព្រះសីហនុដែលមានជម្រៅ ១៧ ម៉ែត្រ។ លោកថ្លែងថា៖ «កំពង់ផែនេះនឹងអនុញ្ញាតឲ្យយើងដឹកទំនិញដោយផ្ទាល់ទៅអាមេរិក។ សព្វថ្ងៃយើងធ្វើការស្និទ្ធជាមួយអង្គការ JICA»។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ប្រាក់ចំណូលសរុបរបស់កំពង់ផែនេះបានកើនឡើងដល់ប្រហែល ៨០ លានដុល្លារ សម្រាប់ឆ្នាំ ២០១៩ កើនឡើង ១៧,៥ ភាគរយ បើធៀបនឹងប្រហែល ៦៨ លានដុល្លារ កាលពីឆ្នាំ ២០១៨ ។
បើតាមរបាយការណ៍របស់ក្រសួងឲ្យដឹងទៀតថា ចំនួនកុងតឺន័រដែលផ្ទុកនៅកំពង់ផែ SAP បានកើនឡើង ១៧ ភាគរយ កើនឡើងដល់សរុប ៦៣៣ ០៩៩ TEU ត្រឹមចុងឆ្នាំ ២០១៩ ធៀបនឹង ៥៤១ ២២៨ TEU កាលពីឆ្នាំ ២០១៨៕LA