
ផែនទីបង្ហាញពីទីតាំងមជ្ឈមណ្ឌលឡូជីស្ទីក ដែលរដ្ឋាភិបាលគ្រោងបង្កើតឡើងនៅខាងលិចភាគខាងជើងភ្នំពេញ។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារកម្ម (ភ្នំពេញឡូជីស្ទីក) ខ្នាតធំ ១ នៅភាគខាងលិចឆៀងខាងជើងក្រុងភ្នំពេញលើផ្ទៃដី ៩៨ ហិកតាក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងនៃដំណើរការទំនិញនាំចេញរបស់កម្ពុជាក្នុងតំបន់អាស៊ាន។ នេះបើយោងតាមឯកសារផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារខ្នាតធំនេះមានឈ្មោះថា ភ្នំពេញឡូជីស្ទីកខំផ្លេចស្ថិតនៅតំបន់ទំនប់កប់ស្រូវមានចម្ងាយ ១២ គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ។
លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្ដុភារកម្មនៅក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានឲ្យដឹងនៅក្នុងវេទិកាការតភ្ជាប់អាស៊ានលើកទី ៦ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីចុងខែមុនថា ការសិក្សាលទ្ធភាពជាមុនដែលជាការវិភាគដំណាក់កាលដំបូងអំពីសក្ដានុពលរបស់គម្រោងនេះនឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០១៩ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោក ឈៀង ពេជ្រ ដែលជាលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិភ័ស្ដុភារកម្ម (NLC) បានឲ្យដឹងនៅក្នុងវេទិកានេះថា គោលបំណងនៃការសិក្សាដើម្បីបង្កើត ភ្នំពេញឡូជីស្ទីកខំផ្លេច នឹងផ្ដល់ដំណោះស្រាយឡូជីស្ទីកក្នុងតំបន់រយៈពេលវែងដល់ការដឹកជញ្ជូនក្នុងប្រទេស និងក្រៅប្រទេស និងជួយសម្រួលពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងតំបន់នេះ។
លោកបានបន្ថែមថាវានឹងរួមចំណែកដល់ការកាត់បន្ថយការកកស្ទះការធ្វើចរាចរណ៍ទាក់ទងនឹងរថយន្តដឹកទំនិញនៅទីក្រុងភ្នំពេញ និងការអភិវឌ្ឍការចរាចរការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន និងដាក់ទីតាំងខ្លួនឯងជាមជ្ឈមណ្ឌលប្រចាំតំបន់មួយនៅអាស៊ាន។
លោកថ្លែងដោយសំដៅដល់អត្ថប្រយោជន៍ក្រុមវិនិយោគិននឹងទទួលបានពីមជ្ឈមណ្ឌលឡូជីស្ទីកនេះថា៖ «ប្រសិនបើអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា អ្នកមិនគ្រាន់តែ [បម្រើ] ប្រជាជន ១៥ លាននាក់ប៉ុណ្ណោះទេ ផ្ទុយទៅវិញអ្នកនឹងបម្រើប្រជាជនជាង ៦០០ លាននាក់»។
យោងតាមផែនទីនៃទីតាំងនេះភ្នំពេញឡូជីស្ទីកខំផ្លេចត្រូវបានគ្រោងធ្វើនៅសង្កាត់សំរោងក្រោម ទីក្រុងភ្នំពេញដែលជាទីតាំងយុទ្ធសាស្ដ្រមួយតភ្ជាប់កំពង់ផែ ខេត្តព្រះសីហនុ និងខ្សែផ្លូវដែកភាគខាងជើងក្រុងប៉ោយប៉ែត។ វាជាទីតាំងនៅជិតព្រលានយន្តហោះអន្តរជាតិ ផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៣ ព្រមទាំងទីតាំងស្ដុកទំនិញនៅស្ថានីយរថភ្លើង និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ផងដែរ។
វិស័យឡូជីស្ទីកទន់ខ្សោយរបស់កម្ពុជាបានរារាំងអស់រយៈពេលវែងដល់ការរីកចម្រើនរបស់ខ្លួនក្នុងការបង្កើនសក្ដានុពលពាណិជ្ជកម្មរបស់ខ្លួនជាមួយតម្លៃនាំចេញខ្ពស់ជាងគេជាង ៣០ ភាគរយធៀបនឹងបណ្ដាប្រទេសជិតខាង។ នេះបើយោងតាមរបាយការណ៍ធនាគារពិភពលោកឆ្នាំ ២០១៤។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍ឆ្នាំ ២០១៦ ថាប្រទេសកម្ពុជាបានគិតសេវានាំចេញពីក្រុមហ៊ុននាំចេញសរុប ៥៤០ ដុល្លារក្នុងមួយ TEU (ទូស្មើ ២០ ហ្វីត ជាទំហំស្ដង់ដាររបស់កុងតឺន័រ) ខណៈប្រទេសថៃគិតប្រាក់ ២០០ ដុល្លារ និងវៀតណាម ២៥០ ដុល្លារប៉ុណ្ណោះ។
ដោយទទួលស្គាល់ថាផែនការរបស់ភ្នំពេញឡូជីស្ទីកខំផ្លេច នឹងត្រូវការពេលវេលាយូរ ដើម្បីធ្វើឲ្យចេញជារូបរាងពិតប្រាកដ ដោយសារតែវាក្នុងដំណាក់កាលដំបូងពេក លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CamFFA) បានឲ្យដឹងថា ជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយក្នុងការស្នើឡើងនៅពេលនេះដោយសង្ឃឹមថា ការមានទីតាំងឡូជីស្ទីកដាក់ឲ្យដំណើរការនឹងបន្ទាបតម្លៃដឹកជញ្ជូន និងកែលម្អសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនេះ។
លោក ចន្ធី ឲ្យដឹងថា កម្ពុជាបច្ចុប្បន្នមានកំពង់ផែស្ងួតជាង ២០ ដើម្បីជួយសម្រួលដល់សកម្មភាពដឹកជញ្ជូន ប៉ុន្តែកំពង់ផែទាំងនោះត្រូវកាត់ផ្ដាច់ពីគ្នា ដែលធ្វើឲ្យនីតិវិធីមានភាពស្មុគស្មាញ។ លោកបន្ថែមថាគំនិតការបង្កើតទីតាំងឡូជីស្ទីកនេះត្រូវបានអនុវត្តនៅក្នុងប្រទេសជិតខាងរបស់កម្ពុជាក្នុងរយៈពេលយូរ ដែលធ្វើឲ្យប្រទេសទាំងនោះមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង។
លោកបានថ្លែងថា៖ «ប្រសិនបើទីតាំងឡូជីស្ទីករបស់យើងនៅតែដាច់ឆ្ងាយពីគ្នាដូចនេះតម្លៃនឹងនៅតែខ្ពស់ ហើយការប្រើប្រាស់ពេលវេលានៅតែជាបញ្ហា»។
លោកបានលើកឡើងថា៖ «នៅពេលយើងមានតំបន់ឡូជីស្ទីកធំៗ និងអ្វីៗត្រូវបានប្រមូលផ្ដុំនៅមួយកន្លែង វានឹងបន្ទាបតម្លៃ សន្សំពេលវេលា និងគេចផុតពីនីតិវិធីស្មុគស្មាញណាមួយ»៕LA