ភ្នំពេញៈ វិធានការ​ផ្នែក​ពាណិជ្ជកម្ម​បាន​លេច​ចេញ​ជា​រូបរាង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ជា​កំណែ​ទម្រង់​មួយ​ដើម្បី​ពង្រឹង​​ឯករាជភាព​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រា​ដែល​ប្រទេស ​កម្ពុជា​ បាន​បាត់បង់​ការ​​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ​អង្ករ និង​ប្រឈម​មុខ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​នានា។

លោក ហ៊ុន សែន កាល​ពី​ចុង​សប្តាហ៍​មុន​ បាន​ប្រកាស​សម្រេច​លុប​ចោល​អង្គភាព​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ (កាំសាប) ដែល​ជា​ភ្នាក់ងារ​រដ្ឋ​មួយ​​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​​ឆ្នាំ ​១៩៧៩ ដើម្បី​សម្រួល​ដល់​ការ​​ធ្វើ​ពាណិជ្ជកម្ម​តាម​នាវា ពោល​គឺ​​ ១ ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​បញ្ចប់​វត្តមាន​​របស់​កាំកុងត្រូល​នៅ​តាម​មាត់​ច្រក​ព្រំដែន​ទាំង​អស់។

ចំណាត់​ការ​ទាំង​នេះ​ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​​លើក​ឡើង​ថា​ ដើម្បី​កាត់​បន្ថយ​ភាព​សាំញ៉ាំ​ និង​ស្មុគស្មាញ​​ក្នុង​ការ​ធ្វើ​ធុរកិច្ច និង​សម្រួល​ការ​នាំចេញ​​​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឲ្យ​​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖​ «​ការ​លុប​ចោល​អង្គភាព​​កាំសាប​នេះ ​ក៏​មាន​ចំណែក​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ជួយ​សម្រួល​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្នក​វិនិយោគ​ដែល​មក​រកស៊ី​នៅ​កម្ពុជា​ និង​​ដើម្បី​ភាព​រស់​រាន​នៃ​​វិស័យ​សេដ្ឋកិច្ច​ជាតិ និង​ភាព​ប្រកួត​​ប្រជែង​របស់​សេដ្ឋកិច្ច​ជាតិ»។​

បើ​តាម ​លោក ហ៊ុន សែន​ កន្លង​មក ​ក្នុង​ ១ ​ឆ្នាំ​អង្គភាព​កាំសាប ​រក​ចំណូល​បាន​ប្រហែល ២ លាន​ដុល្លារ ក្នុង​នោះ​​ប្រាក់​ប្រមាណ​ ៥០ ​ម៉ឺន​ដុល្លារ​ត្រូវ​បាន​​បញ្ចូល​ទៅ​ក្នុង​ថវិកា​ជាតិ ខណៈ​ដែល​ចំណែក​​នៅ​សល់​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​នៅ​ក្នុង​អង្គភាព​ស្វយ័ត​មួយ​នេះ។

បើ​ទោះ​ជា​ការ​លុប​ចោល​អង្គភាព​​នេះ នឹង​មិន​ចូល​រួម​ចំណែក​ធំ​ដល់​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​របស់​ធុរជន​​ក្តី តែ​វា​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​វិស័យ​ឯកជន ខណៈ​​តម្លៃ​អគ្គិសនី​ខ្ពស់​នៅ​តែ​ជា​បញ្ហា។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​ បាន​ប្រាប់​ថា នេះ​ជា​ការ​គិត​គូរ​ដ៏​ល្អ​របស់​ថ្នាក់​ដឹកនាំ​ក្នុង​ការ​ជួយ​ដល់​វិស័យ​ឯកជន​ បើ​ទោះ​​បី​ជា​ការ​ចំណាយ​​​ពេល​ឆ្លង​កាត់​​កាំសាប​មិន​ច្រើន​ក្តី។​

លោក​​​បន្ថែមថា​ ការ​សម្រេច​លុប​ចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរ នឹង​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា​​ធ្លាក់​ចុះ​បន្ថែម​ទៀត​។​

លោក​ថ្លែង​​​​ថា៖​ «ការ​សម្រេច​លុប​ចោល​កាំសាប​ នឹង​​​រួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​​លើក​ទឹក​ចិត្ត និង​ការ​ទាក់ទាញ​ឲ្យ​មាន​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់​តែ​ច្រើន»។

លោក​ប្រាប់​ទៀត​​ថា កន្លង​មក​លោក​​តែង​​ឮការ​ត្អូញ​ត្អែរ​យ៉ាង​ច្រើន​ពី​អ្នក​វិនិយោគ​ចំពោះ​ការ​ចំណាយ​ខ្ពស់​នៅ​កម្ពុជា​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ បើ​ធៀប​ជា​​មួយ​ប្រទេស​ជិត​ខាង​។

ថ្មី​ៗ​នេះ​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​​ក្នុង​​តម្លៃ​ ១៧៥ អឺរ៉ូ​ (ប្រហែល ២០០ ដុល្លារ​) ក្នុង​ ១ តោន​នៅ​ឆ្នាំ​ដំបូង និង​ថយចុះ​បន្តិច​នៅ​ឆ្នាំ​ទី ២ ​និង​ទី​ ៣ ក្រោម​ហេតុផល​ដើម្បី​ការពារ​ផល​ប្រយោជន៍​កសិករ​ផលិត​អង្ករ​នៅ​អឺរ៉ុប ខណៈ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ GSP របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឲ្យ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ។

លោក ចន្ធី ​អះអាង​ថា សេដ្ឋកិច្ច​ និង​ប្រាក់​ចំណូល​របស់​ប្រជាជន​​​ខ្មែរ ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ហេតុ​នេះ​ការ​បាត់បង់​ភាព​អនុគ្រោះ​ផ្សេង​ៗ​ពី​អន្តរជាតិ ​គឺ​ជា​រឿង​ដែល​ចៀស​មិន​ផុត។​

លោក​​បញ្ជាក់​ថា៖​​ ​«​ការ​សម្រេច​របស់​​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​ដើម​ផលិត​នៅ​ពេល​នេះ​ គឺ​ជា​ដំណើរ​លើ​ផ្លូវ​​ត្រូវ​ និង​ចំ​ពេល​ ខណៈ​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួន​ដើម្បី​​ត្រៀម​ចំពោះ​ការ​ដក EBA ដោយ​សហភាព​អឺរ៉ុប»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ជួយ​របស់​​​រដ្ឋាភិបាល​ វិស័យ​ឯក​ជន​ក៏​ត្រូវ​តែ​ខិត​ខំ​អភិវឌ្ឍ​ផលិតផល និង​សេវា​របស់​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ផង​​ដែរ​ដើម្បី​មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​ជា​មួយ​ប្រទេស​នានា​»​។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​គោល​នយោបាយ បាន​ឲ្យ​ដឹង​ថា ការ​លុប​ចោល​អង្គភាព​កាំសាប និង​​អង្គភាព​មួយ​ចំនួន​ទៀត​ដែល​មិន​ចាំបាច់​ គឺ​ជា​រឿង​ត្រឹមត្រូវ​ ព្រោះ​បច្ចុប្បន្ន​​នៅ​កម្ពុជា​មាន​អាជ្ញាធរ​​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ការងារ​ជាន់​ជំនាញ​គ្នា​។

លោក​បន្ថែមថា ជា​ធម្មតា​អង្គភាព​គយ មាន​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ទាំង​អស់​​ទាំង​ផ្លូវ​​គោក ទឹក និង​ផ្លូវ​អាកាស ដូច្នេះ​ការ​លុប​ចោល​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​ការ​ត្រួត​ពិនិត្យ​ទំនិញ​​​ទេ​។​

លោក​បញ្ជាក់​ថា៖​ «(ការ​លុប​ចោល​កាំសាប) វាជា​ការ​ល្អ​ ជា​​ការ​ជួយ​​សម្រួល​ទៅ​ដល់​ការ​ចេញ​​ចូល​ នៅកំពង់​ផែ​ហ្នឹង​ដោយ​សារ​យើង​មាន​អាជ្ញាធរ​ច្រើន​រួច​​មក​ហើយ​ ហើយ​កាំសាប​​ហ្នឹង​ជា​អាជ្ញាធរ​ដែល​​មិន​ចាំ​បាច់​​​​​​»​។

លោក​លើក​ឡើង​ថា ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​ក៏​គួរ​ជួយ​ដល់​វិស័យ​ឯកជន​ឲ្យ​បាន​កាន់​​តែ​ច្រើន​បន្ថែម​ទៀត ពិសេស​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​​សម្រាប់​​សហគ្រាស​សំខាន់​ៗ​ដូច​ជា ម៉ាស៊ីន​កិន​ស្រូវ​ជា​ដើម​។​

កាំសាប​ស្ថិត​នៅ​ក្រោម​ក្រសួង​ចំនួន​ ២​ ជា​អាណា​ព្យាបាល គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​​ដឹក​ជញ្ជូន​​។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ថ្លែង​​ថា ការ​សម្រេច​លុប​ចោល​​អង្គភាព​នេះ​​ នឹង​មិន​ធ្វើ​ឲ្យ​បុគ្គលិក​កាំសាប​បាត់បង់​ការងារ​​ទេ ដោយ​បុគ្គលិក​ទាំង​អស់​នឹង​ត្រូវ​ផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​ក្រោម​ឱវាទ​ក្រសួង​សាធារណការ។​

បច្ចុប្បន្ន​នៅ​អាស៊ាន​​ មាន​ប្រទេស​តែ​ ២ ​ប៉ុណ្ណោះ​​នៅ​​មាន​អង្គភាព​​កាំសាបគឺ ​​កម្ពុជា និង​​មីយ៉ាន់ម៉ា ខណៈ​ប្រទេស​ផ្សេង​​ៗ​ទៀត​លុប​ចោល​​​​ហើយ។ នេះ​បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី​៕ LA