ភ្នំពេញៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ទើប​តែងតាំង​ថ្មី​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ចំនួន​ ២ ​របស់​ចិន​គឺ​ក្រុមហ៊ុន China Communication Construction Company (CCCC) និង​ក្រុមហ៊ុន Huawei Technologies វិនិយោគ​បន្ថែមទៀត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា ដើម្បី​ជា​ការរួម​ចំណែក​ជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នៅ​ប្រទេស​ កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក៏​កំពុង​ត្រៀម​ទទួល​យក​ហ្វ្រេកង់​ប្រមាណ​ ៧០០ MHz ពី​ក្រសួង​ព័ត៌មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការអភិវឌ្ឍ​បណ្ដាញ​ប្រព័ន្ធ 5G ផងដែរ​។

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​រវាង​លោក ជា វ៉ាន់ដេត និង​លោក Zhan Jinsheng អគ្គនាយក​ក្រុមហ៊ុន China Communication Construction Company (CCCC) និង​លោក Yuya Yao អគ្គនាយក​ក្រុមហ៊ុន Huawei នៅ​ទីស្ដីការ​ក្រសួង​កាលពី​ថ្ងៃ​សុក្រ​មុន​។

លោក ជា វ៉ាន់ដេត បាន​ឲ្យ​ដឹងថា ការងារ​អាទិភាព​របស់​ក្រសួង​គឺ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ឲ្យ​កាន់តែ​ល្អ​ទាំង​គុណភាព វិសាលភាព និង​ថ្លៃ​សេវា​ដែល​មាន​ជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ខ្សែ​កាប្លិ៍អុបទិក​ក្រោម​បាតសមុទ្រ បណ្ដាញ​ខ្សែ​កាប្លិ៍អុបទិក​ឆ្អឹងខ្នង​បណ្ដាញ​ខ្សែ​កាប្លិ៍អុបទិក​ចែកចាយ និង​មាត់ច្រក​អ៊ីនធឺណិត​អន្តរជាតិ​ជាដើម​។

លោក​ថ្លែងថា​៖ «​ការគ្រប់គ្រង​លើ​ប្រតិបតិ្តការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ជា​ចំណុច​គន្លឹះ​មួយ​មិន​ត្រឹមតែ​សម្រាប់​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមបញ្ចូល​នូវ​ផ្នែក​សន្ដិសុខ​ជាតិ និង​ការប្រជែង​ឥទ្ធិពល​ភូមិសាស្ដ្រ​នយោបាយ​ផងដែរ​»​។

លោក​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ទាំង​ ២ ​ឲ្យ​បន្ថែម​ការវិនិយោគ និង​សហការ​គ្នា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​ឲ្យ​កាន់តែ​បាន​ទូលំទូលាយ ដើម្បី​ជា​មូលដ្ឋាន​រឹងមាំ​មួយ​ក្នុង​ការកាត់បន្ថយ​គម្លាត​ឌីជីថល និង​ការនាំយក​កម្ពុជា​ចូល​ទៅ​ក្នុង​យុគសម័យ​បដិវត្ដន៍​ឧស្សាហកម្ម​ទី​ ៤​។

លោក​អគ្គនាយក​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​កំពុង​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ខែ​មិថុនា​ឆ្នាំមុន​ក្រុមហ៊ុន Huawei បានប្រកាស​ផែនការ​មួយ​ក្នុង​ការធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន China Communications Construction Co ដើម្បី​ដំឡើង​បណ្ដាញ​ខ្សែ​កាប្លិ៍អុបទិក​ក្រោម​បាតសមុទ្រ​ដែល​តភ្ជាប់​ក្រុងព្រះសីហនុ និង​ទីក្រុង​ហុងកុង​។ បណ្ដាញ​ខ្សែ​កាប្លិ៍ក្រោម​សមុទ្រ​នឹង​ជួយ​បង្កើន​ការតភ្ជាប់​អ៊ីនធឺណិត​របស់​ប្រទេស​កម្ពុជា ពិសេស​នៅពេល​ប្រទេស​នេះ​ក្លាយ​ជា​សេដ្ឋកិច្ច​ឌីជីថល នៅពេល​អ៊ីនធឺណិត​ល្បឿន​លឿន​ត្រូវការ​ចាំបាច់​។

បណ្ដាញ​ខ្សែ​កាប្លិ៍ទូរគមនាគមន៍​ក្រោម​សមុទ្រ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​មាន​ចម្ងាយ ១ ៣០០ ​គីឡូម៉ែត្រ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំងពី​ខែ​មីនា ឆ្នាំ​ ២០១៧ ដោយ​មាន​តម្លៃ​ប្រហែល​ ១០០ ​លាន​ដុល្លារ​។

ដោយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា «​ខ្សែ​កាប្លិ៍អុបទិក MCT » (​រួមមាន​ប្រទេស ​ម៉ាឡេស៊ី កម្ពុជា និង​ថៃ​) គម្រោង​នេះ​គឺជា​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន Telcothech របស់​កម្ពុជា ក្រុមហ៊ុន Telekom Malaysia Berhad ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស ​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​ថៃ Symphony Communication Public Company Limited​។

កាលពី​ឆ្នាំមុន កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​តាមរយៈ​ស៊ីមកាត ១៦,៧ ​លាន​ស៊ីម និង​ការភ្ជាប់​អ៊ីនធឺណិត​លើ​តុ​ ២១៥ ០០០​។ នេះ​បើតាម​ក្រសួង​ប្រៃសណីយ៍​៕LA