
ទេសភាពព្រៃភ្នំនៃតំបន់ទេសចរណ៍ធម្មជាតិមួយក្នុងខេត្តមណ្ឌលគិរី។ រដ្ឋាភិបាលជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរបរទេស និងក្នុងស្រុក។ ហុង មិនា
ភ្នំពេញៈ រដ្ឋាភិបាលបានជំរុញឲ្យមានការអភិវឌ្ឍ និងវិនិយោគបន្ថែមទៀតលើតំបន់ទេសចរណ៍ ពិសេសដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាលស្តីពី «តំបន់ទេសចរណ៍ពិសិដ្ឋ»។
អ្នកក្នុងវិស័យនេះបានស្វាគមន៍អនុក្រឹត្យនេះដោយបានអះអាងថា នឹងជួយធ្វើឲ្យប្រទេសកម្ពុជាមានកន្លែងសម្រាកកម្សាន្តកាន់តែច្រើន ហើយការរៀបចំ និងគ្រប់គ្រងក៏កាន់តែមានប្រសិទ្ធភាពដើម្បីជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានសក្តានុពល និងភាពទាក់ទាញ។
អនុក្រឹត្យស្តីពី «តំបន់ទេសចរណ៍ពិសិដ្ឋ» ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៧ ខែមីនាបានឲ្យដឹងថាអនុក្រឹត្យនេះមានគោលបំណងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងជំរុញការវិនិយោគលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ អនុក្រឹត្យនេះមានគោលដៅកំណត់វិធាន និងយន្តការក្នុងការបង្កើត និងគ្រប់គ្រងតំបន់ទេសចរណ៍។
យោងតាមអនុក្រឹត្យតំបន់ទេសចរណ៍ពិសិដ្ឋ គឺសំដៅដល់តំបន់ដែលមានសក្តានុពលទេសចរណ៍នៅកម្ពុជាដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល។ តំបន់ទេសចរណ៍ពិសិដ្ឋនីមួយៗប្រមូលផ្តុំដោយសម្បទា និងសេវាកម្មទេសចរណ៍សំខាន់ៗរួមមាន សេវាកម្មស្នាក់នៅ និវេសនដ្ឋានទេសចរណ៍ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួនឧទ្យាន មណ្ឌលផ្តល់សេវាកម្មថែទាំសុខភាពទេសចរណ៍ មណ្ឌល ឬសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។
អនុក្រឹត្យដដែលបន្តថាបុគ្គលទាំងឡាយដែលមានបំណងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋនៅក្នុងតំបន់សក្តានុពលទេសចរណ៍ណាមួយត្រូវធ្វើសំណើសុំគោលការណ៍អនុញ្ញាតឲ្យបង្កើត និងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋពីរាជរដ្ឋាភិបាលតាមរយៈគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ដែលជាសេនាធិការ។ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍មានភារកិច្ចធ្វើការសិក្សាវាយតម្លៃ និងសន្និដ្ឋានលើសំណើសុំដាក់ទៅរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច។
តំបន់ទេសចរណ៍ពិសិដ្ឋក៏អាចនឹងត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយរដ្ឋ ឬឯកជន ឬរដ្ឋចម្រុះឯកជនផងដែរ។ កន្លែងដែលអាចបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋបានលុះត្រាតែមានទំហំដីចាប់ពី ១០០ ហិកតាឡើងទៅ និងមានផែនការមេអភិវឌ្ឍន៍ច្បាស់លាស់។ នេះបើយោងតាមអនុក្រឹត្យ។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថាអនុក្រឹត្យនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងទេសចរណ៍ ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានកាន់តែច្រើនបន្ថែមទៀត។ លោកបន្តថាតាមរយៈអនុក្រឹត្យនេះគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍នឹងចុះធ្វើការសិក្សា និងកំណត់តំបន់មួយចំនួនជាអាទិភាពសម្រាប់បង្កើតជាតំបន់ទេសចរណ៍ពិសិដ្ឋនាពេលខាងមុខ។
លោកថ្លែងថា៖ «[វា] នឹងចូលរួមចំណែកក្នុងការបង្កើតការផលិត និងប្រើប្រាស់ផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា»។
បើតាមលោក ជំនោរ បច្ចុប្បន្នកន្លែងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋមានដូចជាក្នុងខេត្តសៀមរាបតំបន់បឹងទន្លេសាប ឆាយអារ៉ែង ជីផាត់ តំបន់មាត់សមុទ្រ និងភូមិភាគឦសាន។
លោកបន្តថា «តំបន់ទេសចរណ៍ពិសិដ្ឋ» គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងតំបន់សេដ្ឋកិច្ចពិសេសដែរ ដោយគ្រាន់តែវាផ្តោតតែទៅលើវិស័យទេសចរណ៍ប៉ុណ្ណោះ។
លោកប្រាប់ទៀតថា អ្នកវិនិយោគតំបន់ទេសចរណ៍ពិសិដ្ឋនឹងទទួលបានការលើកទឹកចិត្ត និងយន្តការមួយចំនួនទៀតដែលនេះគឺជាការលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជននៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ។
លោកថ្លែងថា៖ «ការអភិវឌ្ឍទាំងអស់នេះសុទ្ធតែត្រូវការចាំបាច់ការសហការគ្នារវាងរដ្ឋ និងវិស័យឯកជន ដើម្បីរក្សាបាននូវបរិស្ថានស្រស់បំព្រង»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបាននិយាយថា ការសម្រេចរបស់រដ្ឋាភិបាលគឺជារឿងល្អណាស់ ព្រោះនឹងជួយឲ្យកម្ពុជាមានរមណីយដ្ឋានសម្រាកកម្សាន្តកាន់តែច្រើន។
លោកថ្លែងថា៖ «ការមានច្បាប់ដើម្បីកំណត់ពីការអភិវឌ្ឍបែបនេះគឺល្អ ព្រោះអាចចៀសបានពីភាពគ្មានសណ្តាប់ធ្នាប់ និងចំណុចអវិជ្ជមានដែលកំពុងកើតមាននៅតំបន់ទេសចរណ៍មួយចំនួននាពេលនេះ»។
លោកលើកឧទាហរណ៍ថា ជាក់ស្តែងតំបន់ប្រវត្តិសាស្ត្រឧដុង្គពេលនេះមិនសូវគេនឹកច្រើនទេ ព្រោះការរៀបចំ និងការគ្រប់គ្រងនៅទីនោះមិនសូវល្អទេ ដូចជា កន្លែងលក់អាហារ ហេដ្ឋារចនាសម្ព័ន្ធ សំរាម និងឥរិយាបថប្រជាជនមួយចំនួន។
លោក ធួន ស៊ីណាន បានបញ្ជាក់ថា៖ «កម្ពុជាត្រូវតែរៀបចំច្បាប់សម្រាប់គ្រប់គ្រងតំបន់ទេសចរណ៍នីមួយៗឲ្យបានល្អ។ ការរៀបចំឲ្យមានច្បាប់ ឬអនុក្រឹត្យថ្មីៗវានឹងជួយពង្រឹងការគ្រប់គ្រងតំបន់កុំឲ្យមានភាពអនាធិបតេយ្យ។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថាកាលពីឆ្នាំ ២០១៨ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,២ លាននាក់ កើនឡើង ១០,៧ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដោយទទួលបានចំណូលសរុបជាង ៤,៣ ពាន់លានដុល្លារ៕LA