ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​រវាង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) និង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ពន្ធដារ ដើម្បី​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​នៃ​ព័ត៌មាន​ហិរញ្ញវត្ថុ​រដ្ឋាភិបាល តាមរយៈ​ការតភ្ជាប់​ក្រសួង​សំខាន់ៗ និង​រតនាគារ​រាជធានី-ខេត្ត​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​យ៉ាង​ខ្លាំង​នូវ​ថវិកា គណនេយ្យ និង​ដំណើរការ​សវនកម្ម​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើជា​អធិបតី​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​នេះ​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​មុន​ថា រហូត​មក​ដល់​ពេលនេះ FMIS បាន​ដាក់ឱ្យ​ដំណើរការ​ស្ទើរតែ​គ្រប់​អង្គភាព​ស្នូល​ទទួល​បន្ទុក​ហិរញ្ញវត្ថុ និង​ថវិកា​ទូទាំងប្រទេស​។

លើស​ពី​នេះ​ប្រព័ន្ធ FMIS ក៏​បាន​តភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​នោះ​មាន​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ ប្រព័ន្ធ​អេឡិចត្រូនិក​គយ ប្រព័ន្ធ​ធនាគារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​របស់​ធនាគារពាណិជ្ជ​ដៃគូ​ជាច្រើន ប្រព័ន្ធ​គ្រប់គ្រង​បំណុល​សាធារណៈ និង​ប្រព័ន្ធគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។

លោក​ថា​៖ «​ប្រព័ន្ធ​សន្ធានកម្ម​នេះ​កំពុង​បង្ហាញ​ការសម្រេចបាន​ដោយ​ជោគជ័យ​របស់​រដ្ឋាភិបាល​លើ​គោលនយោបាយ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​គោលបំណង​គ្រប់គ្រង និង​ប្រមូល​ប្រាក់ចំណូល​ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ឱ្យ​ដឹងថា GDT ​កំពុង​ធ្វើឱ្យ​ប្រសើរ​ឡើង​របៀប​ធ្វើ​ការងារ​ក្នុង​ការចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​នៅ​ឆ្នាំនេះ ដើម្បី​ធ្វើ​ទំនើបកម្ម និង​ស្វ័យប្រវត្តិកម្ម​ក្នុង​ការប្រមូល​ប្រាក់​ចំណូល​ពី​ពន្ធ​របស់​ប្រទេស ជាពិសេស​ការកែលម្អ​សេវា​សម្រាប់​អ្នក​បង់ពន្ធ​។

លោក​ថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ផ្ដល់​ឧបករណ៍​សន្ធានកម្មរ​វាង​អគ្គយកដ្ឋាន​គយ និង​រដ្ឋាករ​លើ​ប្រព័ន្ធ​ការប្រមូល​ប្រាក់ចំណូល ហើយ​នឹង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​យានយន្ត សម្រាប់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​នៅ​ពេល​អនាគត​ខាងមុខ​»​។

លោក Anthony Galliano ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ​សាជីវកម្ម Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ប្រព័ន្ធ​ FMIS នេះ​ផ្ដល់​អត្ថប្រយោជន៍​ដំបូង​នឹងត្រូវ​បានដឹង​នៅក្នុង​វិស័យ​សាធារណៈ​។ លោក​ថា​៖ «​ខ្ញុំ​រំពឹងថា FMIS នឹង​ពង្រីក​ទៅដល់​វិស័យ​ផ្សេងទៀត​នៃ​ទិន្នន័យ​ការប្រមូល​ប្រាក់ចំណូល​។

បច្ចុប្បន្ន​វិស័យ​ឯកជន​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីអ្វី​ជាការ​កែលម្អ​ដ៏ធំ​នៃ​ដំណើរការ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​អាច​ធ្វើឱ្យ​មាន​ប្រសិទ្ធភាព​នៅក្នុង​ក្រសួង​រដ្ឋាភិបាល​ និង​រតនាគារ​ខេត្ត និង​ជា​បន្តបន្ទាប់​ធ្វើឱ្យ​ប្រសើរឡើង និង​កែលម្អ​សេវា​ដល់​វិស័យ​ឯកជន​»​។

កាលពី​ឆ្នាំមុន​កម្ពុជា​ប្រមូល​ប្រាក់ចំណូល​បាន​ប្រហែល​ ៦ ​ពាន់​លាន​ដុល្លារ​។ ក្នុង​ចំណោម​នោះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រមូល​បាន​ ២,២៦ ​ពាន់​លាន​ដុល្លារ ខណៈ​ដែល​អគ្គនាយកដ្ឋាន​ពន្ឋដារ​ប្រមូល​បាន ២,៣ ​ពាន់​លាន​ដុល្លារ​៕ LA