ភ្នំពេញៈ​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​សម្រាប់​ឆ្នាំ ​២០១៩-​២០២៣ ​ដោយ​បាន​បង្ហាញ​ពី​វិធានការ​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​គោល​នយោបាយ​សារពើពន្ធ ​និង​មិនមែន​សារពើពន្ធ ក្នុង​ទិសដៅ​ការ​កែ​ទម្រង់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។

សៀវភៅ​ស្តីពី ​«យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ​២០១៩ ​-​២០២៣»​ ដែល​មាន​កម្រាស់ ​៧៧ ​ទំព័រ​ បាន​បង្ហាញ​ពី​​ ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​សំខាន់​ដូចជា​ធ្វើ​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​ចំណូល​សារពើពន្ធ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវ​ការ​គុណភាព​សេវាកម្ម​អ្នក​​ជាប់​ពន្ធ​ ការ​ធានា​បាន​សមធម៌​​សង្គម ​ និង​ចីរភាព​កំណើន​ចំណូល​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​​កម្ពុជា​។

តាម​​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ​រដ្ឋាភិបាល​នឹង​ពង្រឹង​​គោល​នយោបាយ​សារពើពន្ធ ​និង​​មិនមែន​​សារពើពន្ធ​លើ​​​វិស័យ​​​សំខាន់ៗ​ដូច​ជា ​​វិស័យ​អាកាសចរណ៍​ស៊ីវិល ​ទេសចរណ៍ ​ ចំណូល​ពី​​​អាករ​​ស្ថានទូត ​ប្រៃសណីយ៍​ និង​​ទូរគមនាគមន៍ ​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ជួល​កោះ ​តំបន់​ឆ្នេរ​​សម្រាប់​អភិវឌ្ឍ​ ​តំបន់​ទេសចរណ៍ ​សហគ្រាស​​សាធារណៈ​ គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ រ៉ែ ​និង​ថាមពល ​ចំណូល​ពី​សកម្មភាព​​ល្បែង ចំណូល​ពី​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជា​ដើម​។

តាមរយៈ​យុទ្ធសាស្ត្រ​ រដ្ឋាភិបាល​​នឹង​​ដាក់​ទិសដៅ​ប្រមូល​ចំណូល​ពន្ធ​សរុប​ឲ្យ​​​បាន​យ៉ាង​តិច ​០,៣​ ពិន្ទុ​នៃ​ផលិតផល​ក្នុង​ស្រុប​សរុប ​(GDP) ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​។​

រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​​ទទួល​បាន​​ជោគជ័យ​លើ​​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ ​២០១៤​-២០១៨ ​ដោយ​ទទួល​បាន​ចរន្ត​ចំណូល​កើនឡើង​​ជា​មធ្យម ១,៤ ពិន្ទុ​ភាគរយ​​នៃ ​GDP ក្នុង​មួយ​ឆ្នាំ គឺ​​កើន​ជាង​ ​២ ដង ​ធៀប​ទៅ​នឹង​គោលដៅ​ ០,៥ ​ពិន្ទុ​ភាគរយ​នៃ​ GDP ដែល​​នាំ​ឲ្យ​ចរន្ត​ចំណូល​កើន​ឡើង​ពី ១៥,១​ ភាគរយ​នៅ​ឆ្នាំ​ ២០១៣ ដល់ ​២២ ភាគរយ​ នៅ​ឆ្នាំ ២០១៨។

រដ្ឋាភិបាល​​ទទួល​បាន​ចំណូល​​ពន្ធ​ពី​វិស័យ​​អចលនទ្រព្យ​​​កើន​ឡើង​​ពី​ជាង ​៨៦ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៤ ដល់​ប្រមាណ ​១៨៤ ពាន់​លាន​ដុល្លារ ​ក្នុង​​ឆ្នាំ ២០១៨។ ​នេះបើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

របាយការណ៍​​បង្ហាញ​ថា ពន្ធ​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សរុប​នៅ​កម្ពុជា​ ដែល​ទូទាត់​​តាម​ប្រព័ន្ធ​​អេឡិចត្រូនិក​ក្នុង​ឆ្នាំ ​២០១៧ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​មាន​ទំហំ​ប្រមាណ ១១២ លាន​ដុល្លារ ក្នុង​នោះ​​ពាណិជ្ជកម្ម​ក្នុង​ស្រុក​មាន​ទំហំ​ប្រមាណ ៦,៤ ​លាន​ដុល្លារ ខណៈ​​ពាណិជ្ជកម្ម​​ឆ្លង​កាត់​​ព្រំដែន​មាន​ទំហំ ១០​៥ លាន​ដុល្លារ ​កើន​ឡើង​​ក្នុង​រង្វង់ ​៣០ ​ភាគរយ។

របាយការណ៍​បាន​បង្ហាញ​ថា៖​ «​ការ​​កើន​ឡើង​ចរន្ត​ចំណូល ​បាន​ផ្តល់​លទ្ធភាព​ដល់​រដ្ឋាភិបាល​​បង្កើន​ចំណាយ​សាធារណៈ​សម្រាប់​បន្ត​លើក​កម្ពស់​​គុណភាព ​វិសាលភាព​សេវា​សាធារណៈ​កាន់​តែ​ខិតជិត​ប្រជា​ពលរដ្ឋ​ និង​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​អាទិភាព​ដូច​ជា ​វិស័យ​អប់រំ​ សុខាភិបាល ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ»​។​

លោក ​ច័ន្ទ​ សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា យុទ្ធសាស្ត្រ​កែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ពន្ធដារ​កន្លង​មក​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​​នៃ​កំណើន​ថវិកា​ជាតិ​ប្រហែល​ ​២០ ​ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។

ទោះ​បីជា​យ៉ាង​ណា​លោក​ថ្លែង​​ថា ​រដ្ឋាភិបាល​ត្រូវ​ខិតខំ​បន្ថែម​ទៀត ​លើ​ការ​ប្រមូល​ពន្ធ​ឲ្យ​បាន​គ្រប់​តួអង្គ​ទាំង​អស់​ដែល​ត្រូវ​បង់ពន្ធ ជា​ពិសេស​លើ​វិស័យ​អចលនទ្រព្យ ឬ​យក​ពន្ធ​បន្ថែម​លើ​ប្រាក់​ចំណេញ​ពី​ការ​ទិញ ​និង​លក់​។

លោក​​បាន​​បញ្ជាក់​​ថា​៖ «​កន្លង​​​មក​យើង​យក​ពន្ធ​បាន​តែ ​៤ ​​ភាគរយ ​នៃ​តម្លៃ​​លក់​ទាំង​មូល ​[អចលនទ្រព្យ] តែ​ខ្ញុំ​ឮ​ថា​​ ច្បាប់​នឹង​យក​ពន្ធ​លើ​ភាគរយ​នៃ​ប្រាក់​ចំណេញ​ ដែល​បាន​ពី​ការ​ទិញ លក់ ឲ្យ​បាន ៦ ​ភាគរយ​ ហើយ​រដ្ឋ​ត្រូវ​យក​ពន្ធ​ឲ្យ​ច្រើន​ចំពោះ​ទំនិញ​ដែល​ប៉ះពាល់​​សុខភាព​ប្រជាពលរដ្ឋ​ជា​ទូទៅ ​ដូចជា​ ស្រា បារី»។

អគ្គនាយកដ្ឋាន​ពន្ធដារ ​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង ​២ ​ពាន់​លាន​​ដុល្លារ ​កាល​ពី​ឆ្នាំ​ ​២០១៨​ កើន​ឡើង ​១៣,​៣៧ ​ភាគរយ ​ធៀប​​នឹង​ឆ្នាំ​ ២០១៧។​ នេះបើ​​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ។

ប្រទេស​ កម្ពុជា​ បាន​​ប្រមូល​ចំណូល​ពី​ពន្ធដារ និង​​ពន្ធ​គយ​បាន​ប្រមាណ ​១,៦៨​ ពាន់​លាន​​ដុល្លារ​នៅ​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំ ២០១៩ នេះ​៕LA