ភ្នំពេញៈ កម្ពុជា​ទទួល​បាន​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ជាង ២១ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០២០ កើន​ឡើង​តិច​តួច ធៀប​នឹង​ឆ្នាំ ២០១៩ មាន​ចំនួន ២១ លាន​ដុល្លារ។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង ថាមពល លោក យស់ មុនីរ៉ាត់ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ចំណូល​មិនមែន​សារពើពន្ធ​ក្នុង​វិស័យរ៉ែ​សំដៅ​ដល់​ប្រាក់​កម្រៃ​អាជ្ញាប័ណ្ណ និង​សួយ​សារ​ធនធាន​រ៉ែ​ពី​ក្រុហ៊ុន​ធ្វើ​អាជីវកម្ម។

លោក​និយាយ​ថា៖ «នៅ​ឆ្នាំ ២០២០ ចំណូល​មិនមែន​សារពើ​ពន្ធ​ពី​វិស័យ​រ៉ែ​ជា​តួលេខ​មូល​ជាង ២១ លាន​ដុល្លារ កើន​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​មុន។ ចំណូល​នេះ​ដោយ​មិន​គិត​ពី​ចំណូល​ពន្ធ​ផ្សេង​ទៀត​ទេ»។

របាយការណ៍​ក្រសួង រ៉ែ និង ថាមពល បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៨ ការ​ប្រមូល​ចំណូល​មិន​មែន​សារពើពន្ធ​បាន​ចំនួន ២០ លាន​ដុល្លារ ដែល​ស្មើ​នឹង ១៣៣ ភាគរយ នៃ​ចំណូល​ដែល​បាន​គ្រោង​ទុក។

បច្ចុប្បន្ន ក្រសួងរ៉ែ និង​ថាមពល បាន​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​សរុប​ជាង ១០០ អាជ្ញាប័ណ្ណ​នៅ​ទូទាំង​ប្រទេស និង​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​សិក្សា​ស្វែង​រក​រ៉ែ​លោហៈ​ចំនួន ៤០ នៅ​ទូទាំង​ប្រទេស៕