ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំនេះ​ពី ​៦,៥ ​ភាគរយ​ដែល​ព្យាករ​ពីមុន​មក​នៅត្រឹម​ ៦,១ ​ភាគរយ​ដោយ​លើកឡើង​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក ពិសេស​ការផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ទីក្រុង​វូហាន​ដែល​កំពុង​រីក​រាលដាល និង​ការប្រឈម​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ EBA​។

លោក ផាន ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​នៅក្នុង​វេទិកាសាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ទោះបី​ជា​ភាពតានតឹង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​បាន​ធូរស្បើយ​បន្តិច​ក៏ដោយ ក៏​សេដ្ឋកិច្ច​របស់​ពួកគេ​នៅតែ​ធ្លាក់ចុះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ភូមិសាស្ដ្រ​នយោបាយ ហើយ​ជាពិសេស​ការផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ទីក្រុង​ដ៏ប្រល័យ​ដែល​នឹង​​រារាំង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ការព្យាករ​សេដ្ឋកិច្ច​របស់​យើង​សម្រាប់​ឆ្នាំ​ ២០២០ នឹង​ស្ថិតក្នុង​ចំនួន​ ៦,១ ​ភាគរយ​ ធ្លាក់ចុះ​ពី​ការ​ព្យាករ​លើក​មុន​ ៦,៥ ​ភាគរយ​»​។ ការធ្លាក់ចុះ​នេះ​គឺ​ដោយសារ​តែ​កំណើន​យឺត​របស់​វិស័យ​កសិកម្ម ការធ្លាក់ចុះ​ផ្នែក​សំណង់ ទេសចរណ៍ និង​ការនាំចេញ​សម្លៀកបំពាក់​។

លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ដឹកនាំ​វេទិកា​នេះ​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ ២ ​ខែ​ចុងក្រោយ​កាលពី​ឆ្នាំមុន ដោយសារ​រដ្ឋាភិបាល​បាន​ហាមឃាត់​ការលេង​ល្បែងភ្នាល់​អនឡាញ​ដែល​ជំរុញ​ឲ្យ​វិស័យ​ផ្សេងទៀត​ធ្លាក់ចុះ ជាពិសេស​វិស័យ​សំណង់ អចលនទ្រព្យ និង​ទេសចរណ៍ ហើយ​វា​បន្ត​រហូតមក​ដល់ពេលនេះ​។

លោក​ថ្លែងថា​៖ «​ពិត​ហើយ​កាលពី​ឆ្នាំមុន ទោះបី​ជា​យើង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ក៏ដោយ ក៏​សេដ្ឋកិច្ច​របស់​យើង​នៅតែ​រឹងមាំ ខណៈ​យើង​អាច​សម្រេចបាន​យ៉ាងហោច​ណាស់​ ៧ ​ភាគរយ​។ នៅពេល​នេះ​យើង​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​របស់​វីរុស​កូរ៉ូណា​ថ្មី​ពី​ប្រទេស​ចិន​ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដូច្នេះ​វា​ច្បាស់​ណាស់​វា​នឹង​ប៉ះពាល់​ដល់​យើង ដោយសារ​តែ​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ឈាន​មុខ​គេ​របស់​យើង​»​។

ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្លាយជា​ការបារម្ភ​ដ៏សំខាន់​មួយ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ លោក វង្ស៊ី វិសុទ្ធ បាន​ឲ្យ​ដឹងថា សហភាព​អឺរ៉ុប​នឹង​ហូតពន្ធ​ ២០ ​ភាគរយ​មួយផ្នែក​លើ​សម្លៀកបំពាក់ និង​ ៣០ ​ភាគរយ​លើ​ផលិតផល​ស្បែកជើង​ពី​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ផ្អែកលើ​ការ​គណនា​របស់​យើង ការដក​មួយផ្នែក​នៃ EBA នឹង​ប៉ះពាល់​លើ​ការនាំចេញ​របស់​យើង​មានតម្លៃ​ ៥០០ ​លាន​ដុល្លារ នេះ​គឺជា​ព័ត៌មាន​ក្រៅផ្លូវការ​ដែល​យើង​ទទួល​បាន ប៉ុន្តែ​យើង​ត្រូវតែ​រង់ចាំ​មើល ព័ត៌មាន​ពិតប្រាកដ​ពី​ EU នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១២ ​ខែ​កុម្ភៈ​»​។

លោក​បញ្ជាក់ថា មាន​ឧស្សាហកម្ម​ផ្សេងទៀត​ពីរ​នឹង​ស្រូបយក​ទី​ ១ ​ការបង្កើន​ការនាំចេញ ទៅ​អាមេរិក​នឹង​ស្រូបយក​ការងារ​កាន់តែច្រើន និង​ទី​ ២ គឺ​ការបង្កើន​ការងារ​កាន់តែច្រើន​នៅក្នុង​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ជាមួយ​នឹង​ការបាត់បង់​ការងារ​ប្រហែល ៣៥ ០០០ មិនគួរ​ជាការ​បារម្ភ​ដ៏ធំ​សម្រាប់​ពួកយើង​នោះទេ ដោយសារ​តែ​យើង​មាន​ឧស្សាហកម្ម​ផ្សេងទៀត​សម្រាប់​ប៉ះប៉ូវ​។ អ្នក​ត្រូវតែ​ដឹងថា យូរ​និង​ឆាប់​យើង​នឹង​បាត់បង់ EBA ដូច្នេះ​យើង​ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បានល្អ​»​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​បាន​ឲ្យ​ដឹងថា ពន្ធ​នាំចេញ​ដែល​យីហោ​/​អ្នកទិញ​ត្រូវតែ​ចំណាយ​ឲ្យ​គយ​សហភាព​អឺរ៉ុប​ផ្នែក​មួយ​នៃ​បន្ទុក​ចំណាយ​នេះ​នឹង​ត្រូវ​បន្ត​ឲ្យ​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​នៅទីនេះ​ក្នុង​ទម្រង់​នៃ​ការ​បន្ទាប​តម្លៃ FOB​។

លោក​បន្តថា​៖ «​យើង​ចាំបាច់​ត្រូវ​សន្សំ​ការចំណាយ​ក្នុងស្រុក​របស់​យើង ដូច្នេះ​យើង​អាច​ចែករំលែក​បន្ទុក​ជាមួយ​អ្នកទិញ ដើម្បី​រក្សា​ការបញ្ជាទិញ​របស់​ពួកគេ​នៅទីនេះ​នៅក្នុង​ប្រទេស ​កម្ពុជា​។ អាស្រ័យ​ហេតុនេះ យើង​អំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​ត្រូវ​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើ​អាជីវកម្ម​របស់​យើង​»​។

លោក​បាន​បញ្ជាក់ថា​៖ «​តម្លៃ​អគ្គិសនី​​របស់​យើង​ខ្ពស់ ប៉ុន្តែ​ការប្រកួត​ប្រជែង​យើង​ទាប​ជាង​ដៃគូ​ប្រកួតប្រជែង​របស់​យើង​។ ការអនុវត្ត​ផែនការ​សោធន​នៅពេល​ខាងមុខ​គឺជា​បន្ទុក​ហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរ​ផ្សេងទៀត និង​មិន​សម​នឹងត្រូវ​អនុវត្ត​​នៅក្នុង​គ្រា​នៃ​ភាពចលាចល​នោះទេ​»​។

លោក ផាន ផល្លា បាន​ឲ្យ​ដឹងថា ខណៈ​ការនាំចេញ​សម្លៀកបំពាក់​របស់​ប្រទេស​ កម្ពុជា​ ទៅ​អឺរ៉ុប​បាន​ធ្លាក់ចុះ​រួចហើយ​ប្រហែល​ ១ ​ភាគរយ ​កាលពី​ឆ្នាំមុន​ការនាំចេញ​នឹង​បន្ត​ធ្លាក់ចុះ​បន្តិចទៀត ឬ​នៅ​ទ្រឹង​ដោយសារតែ​ប៉ះពាល់​នៃ EBA នៅ​ឆ្នាំនេះ​។ ទោះបី​យ៉ាងណា​ការធ្លាក់ចុះ​នេះ​នឹង​ត្រូវ​​ប៉ះប៉ូវ​ដោយ​ទីផ្សារ​អាមេរិក​។

លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​នេះ​នឹងត្រូវ​ប៉ះប៉ូវ​ដោយ​កំណើន​នាំ​ចេញទៅ​អាមេរិក​។ ដូច្នេះ​យើង​មិនមាន​ការបារម្ភ​ច្រើន​អំពី​វិស័យ​កាត់ដេរ​នោះទេ​»​។

ការនាំចេញ​របស់​កម្ពុជា​​ទៅ​អាមេរិក​បាន​កើនឡើង​​ជាង​ ៣០ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៨ និង​ ៤៧ ​ភាគរយ ​កាលពី​ឆ្នាំ​ ២០១៩​។ ការនាំចេញ​សរុប​នៃ​ផលិតផល​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង (GTF) របស់​កម្ពុជា​មានតម្លៃ​ជាង​ ៧,៩៧ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំមុន​កើនឡើង​ ១៣,១៨ ​ភាគរយ​ ធៀប​នឹង​ ៧,០៤៤ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨៕LA